កម្មករ​កាត់ដេរ​មួយ​ចំនួន​មិន​បាន​ទៅ​ជួប​គ្រួសារ​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ ដោយ​សារ​រោងចក្រ​ផ្អាក​ការងារ​គ្មាន​ប្រាក់​ចំណូល


2020-09-15
Share
កម្មករ​​រោងចក្រ សឺពីយ៉ា SEPIA 091520 កម្មករ​​រោងចក្រ សឺពីយ៉ា SEPIA (CAMBODIA) GARMENT CO.,LTD.) នៅ​ភ្នំពេញ អង្គុយ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ពី​ថៅកែ នៅ​ខាង​មុខ​រោងចក្រ ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។
រូប៖ កម្មករ

ខណៈពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ខិត​ចូល​មកដល់ កម្មករ​-កម្មការិនី​មួយ​ចំនួន​ដែល​ចំណាកស្រុក​មក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​មិន​បាន​វិល​ទៅ​ជួប​ជុំ​ឪពុក​ម្ដាយ បង​ប្អូន​នៅ​ស្រុក​កំណើត​ដូច​ឆ្នាំ​កន្លង​ទៅ​ទេ​ដោយ​សារ​តែ​ពួកគេ បាត់​បង់​ការងារ​ធ្វើ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ និង​ប្រាក់​ជូន​ឪពុកម្ដាយ។ តើ​ពួកគាត់ ជួប​បញ្ហា​អ្វី​ខ្លះ​ទើប​ធ្វើ​ឲ្យ​មិន​បាន​ទៅ​ចូលរួម​បុណ្យ​ភ្ជុំ​នៅ​ស្រុក​កំណើត ដូច​កម្មករ​ដទៃ​ទៀត ?

មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង កម្មការិនី​ម្នាក់​ដែល​ធ្វើ​ផ្នែក​ស្បែក​ជើង​ជាង​១៤​ឆ្នាំ​នៅ​រោងចក្រ​មួយ​ក្នុង​ក្រុង​ភ្នំពេញ លោកស្រី ឃុន ស្រីពៅ ថ្លែង​ថា ឆ្នាំ​២០២០​នេះ គឺ​ជា​ឆ្នាំ​ពិបាក​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់ មិន​ថា​រូប​គាត់ និង​កម្មករ​ដទៃ​ទៀត​ទេ គឺ​ធ្វើ​ការ​បាន​ប្រាក់​ចំណូល​មក គ្រាន់​តែ​ទប់​ទល់​ការ​ចំណាយ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ប៉ុណ្ណោះ ។

លោកស្រី បន្ត​ថា ជិត​ដល់​ភ្ជុំ​បិណ្ឌ​នេះ លោកស្រី និង​ស្វាមី​សម្រេច​ចិត្ត​ថា​នឹង​មិន​វិល​ទៅ​ស្រុក​កំណើត​ដូច​ឆ្នាំ​មុន​ទេ ដោយ​សារ​តែ​រោងចក្រ​ហ្គូលឌិន ជែនស៊ូ (Golden Gensho) ព្យួរ​ការងារ​កម្មករ​រយៈ​២​ខែ ដែល​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ផ្អាក​ការងារ​រហូត​ដល់​ដើម​ខែ​តុលា និង​បាត់​បង់​ប្រាក់​ចំណូល ។ ត្បិត​ជួប​ប្រទះ​បញ្ហា​លុយ​កាក់​យ៉ាង​នេះ​ក្ដី ក៏​លោកស្រី​និង​ស្វាមី​ទៅ​ធ្វើ​បុណ្យ​រាប់​បាត្រ​បាន​២​វត្ត នៅ​ជិត​ផ្ទះ​ជួល​គាត់​រស់នៅ៖ «បើ​និយាយ​ពី​រឿង​ភ្ជុំ​ឆ្នាំ​ហ្នឹង និយាយ​ដោយ​ស្មោះ​ត្រង់​គឺ​បង្ខំ​នៅ​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ហ្នឹង ព្រោះ​អត់​មាន​លុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក ហើយ​អត់​មាន​លុយ​ចំណាយ​ជុំ​បង​ប្អូន ។ ឆ្នាំ​ហ្នឹង ប្រហែល​ភ្ជុំ​នៅ​ភ្នំពេញ​ម្នាក់​ឯង ព្រោះ​អត់​មាន​ប្រាក់​ខែ ២ខែ​ហើយ»

លោកស្រី​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ជំងឺ​កូវីដ​-១៩ ភាគី​រោងចក្រ​តែងតែ​សំអាង​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដើម្បី​ផ្អាក​ការងារ​កម្មករ​ជា​បណ្ដោះអាសន្ន ។ ក្នុង​កំឡុង​ពេល​នេះ លោកស្រី ត្រូវ​ខ្ចី​ប្រាក់​អ្នក​ជិត​ខាង ដើម្បី​យក​មក​ដោះស្រាយ​ការ​ហូប​ចុក​ប្រចាំ​និង​បង់ថ្លៃ​បន្ទប់​ជួល​និង​សង​បំណុល​ធនាគារ ។

លោកស្រី​បន្ថែម​ថា ក្រោយ​ពេល​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម ២ដុល្លារ ស្រាប់​តែ​តម្លៃ​ផ្ទះ​ជួល​ចាប់​ផ្ដើម​ដំឡើង​ថ្លៃ​បណ្ដើរ ហើយ​គ្រឿង​បរិភោគ​នៅ​ផ្សារ​ក៏​បន្ត​ឡើង​ថ្លៃ​ដែរ។ កម្មការិនី​វ័យ ៣៦ឆ្នាំ​រូប​នេះ សម្ដែង​ក្ដី​កង្វល់​ចំពោះ​តម្លៃ​ទីផ្សារ​ដែល​បន្ត​ឡើង​ថ្លៃ​រហូត ខណៈ​ប្រាក់​ឈ្នួល​កម្មករ​ឡើង​បាន​បន្តិច​បន្តិច៖ «២ដុល្លារ​គ្មាន​ន័យ​ទេ បើ​សិន​មិន​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​ឡើង​ក៏​ហី​ចុះ តែ​សំខាន់​លោក​ធ្វើ​ម៉េច​ទប់​ទល់​ទំនិញ​ទីផ្សារ​ចុះ​ទាប​ជាង​ហ្នឹង ហើយ​ទប់​ទល់​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ ផ្ទះ​ជួល​ទឹក​ភ្លើង​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ លោក​ទប់​ស្កាត់​ឲ្យ​បាន​ពួក​ខ្ញុំ​កម្មករ​អាច​រស់​បាន​មួយ​សមរម្យ​ដែរ ។ បើ​សិន​ជា​ឡើង​២​ដុល្លារ​ហើយ គ្រប់​យ៉ាង​នៅ​តែ​ផ្ដល់​ឲ្យ​គេ​ឡើង​សេរី ធ្វើ​ចឹង​ដូច​ជា​បង្ខំ​ពួក​ខ្ញុំ​ឲ្យ​ស្លាប់​អ៊ីចឹង ពី​ព្រោះ​រស់​ទាំង​វេទនា បង្ខំចិត្ត​រស់ ។ កម្មករ​នៅ​កន្លែង​ខ្ញុំ​១រយ​នាក់​សួរ​ទៅ​ ៩៩​នាក់​ដែល​គាត់ ជំពាក់​ធនាគារ ជំពាក់​លុយ​អង្គការ លុយ​ឯកជន ដោយ​សារ​តែ​ការ​ចំណាយ​អត់​គ្រប់​គ្រាន់​ប្រាក់​ខែ​តិច​ពេក​ហ្នឹង»

កម្មការិនី​ម្នាក់​ទៀត ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ លោកស្រី ពៅ លីណា ប្រាប់​ថា គិត​មកដល់​បិណ្ឌ​ទី១៣ នេះ លោកស្រី និង​គ្រួសារ​នៅ​មិន​ទាន់​ទៅ​ធ្វើ​បុណ្យ​មួយ​វត្ត​ណា​ទេ ដោយ​សារ​តែ​រវល់​ធ្វើ​ការ​កាត់​ដេរ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់​នៅ។

លោក​ស្រី​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោកស្រី មិន​ហ៊ាន​សម្រាក​ពី​ការងារ​ទេ ដោយ​ខ្លាចបាត់​បង់​ចំណូល​ដែល​ត្រូវ​យក​ផ្គត់ផ្គង់​គ្រួសារ ក្រោយ​ពី​លោក​ស្រី​បាន​បាត់​បង់​ការងារ​អស់​ជា​ច្រើន​ខែ​នៅ​រោងចក្រ​ហ៊ឹង ជីង (Hoeng Chhing)​ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ។

លោកស្រី ឲ្យ​ដឹង​ថា កាល​ពី​មុន​បន្លែ​ត្រី​សាច់​នៅ​ទីផ្សារ​ដែល​ពី​មុន​ធ្លាប់​ទិញ​បាន​ក្នុង​តម្លៃ ១ពាន់​រៀល​តែ​ពេល​បច្ចុប្បន្ន​នេះ គឺ​ឡើង​ថ្លៃ​ពី​២​ទៅ​៣​ដង​ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​កម្មករ​កាន់​តែ​ច្រើន​ទៅៗ៖ «មាន​អារម្មណ៍​ដូច​ពិបាក​តែ​ម្ដង ព្រោះ​ថា​ខែ​បុណ្យទាន​អត់​ទាន់​បាន​ទៅ​ផ្ទះ អត់​មាន​លុយ​កាក់​អី​ហើយ​ត្រូវ​ដល់​បង់​ថ្លៃ​ផ្ទះ​ជួល​អី​ផង ។ និយាយ​ទៅ​យ៉ាប់​តែ​ម្ដង ពិបាក​និយាយ ។ មាន​អ្នក​ខ្លះ​អង្គុយ​ដេរ​ជាមួយ​គ្នា​និយាយ​ចុះ​ឡើង ថា​ថ្ងៃ​នេះ គេ​ជួប​ជុំ​ម៉ែ​ឪ​បង​ប្អូន​កូន​ចៅ​ដល់​ពេល​ពួក​ខ្ញុំ​នៅ​ធ្វើការ​។ នៅ​ចាំ​បើក​លុយ​គេ ។ គេ​គំរាមកំហែង នៅ​ក្រោម​ការ​គាបសង្កត់​របស់​គេ​អ៊ីចឹង ។ យើង​ជា​កម្មករ​គ្មាន​សិទ្ធិ​អ្វី​ជាមួយ​គេ»

លោក​ស្រី យល់​ថា​ការ​ដំឡើង​ប្រាក់​២ដុល្លារ​លើ​ប្រាក់​ខែ​គោល​១៩០​ដុល្លារ​មិន​គ្រប់​គ្រាន់​សម្រាប់​កម្មករ​ទេ បើ​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​មិន​ព្រម​ចុះ​ថ្លៃ ។ កម្មការិនី​វ័យ​៣០​ឆ្នាំ​រូប​នេះបញ្ជាក់​ថា បើ​ទោះបីជា​ប្រាក់​ខែ​កម្មករ​ឡើង​ដល់​កម្រិត​ណា​ក៏ដោយ ក៏​កម្មករ​នៅ​តែ​មិន​អាច​សេស​សល់​ប្រាក់​ដើម្បី​ធ្វើ​មាន​បាន និង​ជួយ​គ្រួសារ​នៅ​ស្រុកកំណើត​បាន​ទេ ព្រោះថា​តម្លៃ​ទំនិញ​នៅ​ផ្សារ​ឡើង​ខ្លាំង​ជាង​ប្រាក់​ខែ​កម្មករ​ទៅ​ទៀត៖ «ទោះ​បី​ប្រាក់​ខែ​ឡើង​ដល់ ២៥០ ឬ ២៣០​ដុល្លារ តែ​បើ​ទំនិញ​ឡើង​រហូត​ឡើង​ខ្ពស់​ជាង​ប្រាក់​ខែ​កម្មករ​អ៊ីចឹង។ ខ្ញុំ​និយាយ​ឲ្យ​អស់​ម្ដង ទោះ​បី​ឡើង​ដល់​១ពាន់​ដុល្លារ​ក៏​វា​មិន​មាន​ដែរ ។ បើ​ទំនិញ​ទីផ្សារ​វា​ឡើង​ខ្ពស់​ជាង​ប្រាក់​ខែ​យើង។ ពី​មុន​ប្រាក់​ខែ​យើង​៧០​ ៨០អី យើង​អាច​ចាយ​គ្រាន់​បើ តែ​ឥឡូវ​ប្រាក់​ខែ​ឡើង​១រយ​ជាង ជិត​២​រយ វា​យ៉ាប់​ជាង​ប្រាក់​ខែ ៧១ ទៀត ។ ជំនា់​ហ្នឹង​កាន់​លុយ​៤ ៥​ពាន់​ក៏​យើង​អាច​ទិញ​ម្ហូប​ហូប​បាន​ដែរ។ ដូច ៥រយ ២រយ ៣រយ​ក៏​គេ​លក់​ឲ្យ​យើង​ដែរ តែ​ឥឡូវ​បើ​ថា​ទិញ​គ្រឿង​ស្ល​វិញ​១​ពាន់​២ពាន់​គេ​មិន​មុខ​យើង​ផង ។ បើ​ថា​៥​រយ​វិញ គេ​លែង​និយាយ​រក​យើង​តែ​ម្ដង»

ស្រដៀង​គ្នា​នេះ កម្មករ​ផ្នែក​មេកានិច​នៅ​រោងចក្រ​ខ្វលីធី តេក្សស្ទីល (Quality Textiles) ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ប៊ី សម្បត្តិ លើក​ឡើង​ថា រូប​លោក​ និង​កម្មករ​ដទៃ មិន​ត្រេកអរ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១​នោះ​ទេ ដោយ​សារ​តែ​ចំនួន​ប្រាក់​ឈ្នួល​មិនសមតុល្យគ្នា ទៅ​នឹង​តម្លៃ​ទំនិញ​ដែល​ឡើង​ខ្ពស់​នៅ​ទី​ផ្សារ៖ «និយាយ​ជា​រួម​ទៅ បង​ប្អូន​កម្មករ​ទាំង​អស់​រួម​ទាំង​ខ្ញុំ​ក៏​មិនសូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ ព្រោះ​ចំនួន​នេះ​វា​តិច​ពេក ។ អ្នក​ដែល​ឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​គេ​លើក​ហេតុផល ពី​បញ្ហា​កូវីដ បញ្ហា​សេដ្ឋកិច្ច​អ៊ីចឹង ។ អា​ហ្នឹង ក៏​យើង​មិន​ទាន់​ហ៊ាន​គិត​យ៉ាង​មិច​ដែរ ប៉ុន្តែ​ការ​សប្បាយ​ចិត្ត​គឺ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ដោយ​សារ​វា​តិច ។​ យើង​យក​មក​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​វា​អត់​សមាមាត្រ​គ្នា»

ប្រធាន​សហ​ភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់ មាន​ប្រសាសន៍​ថា ប្រាក់​ខែ​គោល​ស្តង់​ដារ​ដែល​អាច​ឲ្យ​កម្មករ​រស់​នៅ​មាន​ជីវភាព​សមរម្យ​និង​ថ្លៃថ្នូរ គឺ​ចន្លោះ​ពី​២៣០​ដុល្លារ ដល់​២៥០​ដុល្លារ​ក្នុង​១ខែ ។ លោក​ឲ្យ​ដឹង​ថា កម្មករ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​សឹង​ជា​រាល់​ថ្ងៃ ដើម្បី​បាន​ប្រាក់​បន្ថែម​បូក​នឹង​ប្រាក់​ខែ​គោល ទើប​បាន​ជាង​២​រយ​ដុល្លារ​ក្នុង​១​ខែ ។

ប្រធាន​សហជីព​រូប​នេះ យល់​ថា ត្បិត​ចំនួន​ប្រាក់​ឈ្នួល​កម្មករ​នៅ​មាន​កម្រិត​យ៉ាង​នេះ​ក្ដី​ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ដាក់​ចេញ​វិធានការណ៍​ច្បាស់​លាស់​ដើម្បី​ទប់ស្កាត់​តម្លៃ​ទំនិញ​នៅ​ទីផ្សារ កុំ​ឲ្យ​ឡើង​ថ្លៃ​ហួស​ប្រមាណ៖ «យើង​ចង់​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្រិត​ដែល​រស់នៅ​សមរម្យ​ហើយ​មិ​មែន​តែ​កាត់​ដេរ គឺ​គ្រប់​វិស័យ។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​រដ្ឋាភិបាល​មិន​អាច​ដំឡើង​សមរម្យ ដូច​១៩២​ដុល្លារ​នៅ​ទាប​ហ្នឹង។ អ៊ីចឹង ខ្ញុំ​គិត​ថា​ជា​ដំណាក់​កាល​រដ្ឋាភិបាល​គួរ​ធ្វើ​ឲ្យ​ច្បាស់​ដើម្បី​ឲ្យ​កម្មករ​ឡើង​ដល់​បន្ទាត់​ដែល​រស់​នៅ​សមរម្យ​សិន ។ ហើយ​ផុត​ពី​ហ្នឹង​ទៅ គឺ​កម្មករ​អាច​ឡើង​តាម​អតិផរណា​បាន​។ ជាមួយ​គ្នា​ប្រាក់​ឈ្នួល​ទាប​ទេ រដ្ឋាភិបាល​ក៏​ធានា​ដល់​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​លើ​ទីផ្សារ​ឲ្យ​វា​ចុះ នៅ​ក្នុង​កម្រិត​សមរម្យ​ដែល​គាត់​ចាយ​បាន ។ ហ្នឹង​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ តែ​បើ​មិន​ចុះ​ទេ គឺ​អត់​អាច​រស់​បាន​ទេ»

វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ជាង​១ពាន់​១រយ​រោងចក្រ (,១០០) ដែល​មាន​កម្មករ​កម្មការិនី​ធ្វើការ​ចំនួន ៧៥​ម៉ឺន​នាក់ (៧៥០,០០០)

ក្រសួង​ការងារ បង្ហាញ​ថា គិត​​ចាប់​តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ពី​ខែ​កុម្ភៈ មក​ដល់​ខែ​កញ្ញា​មាន​​រោងចក្រ ៤៩១ បាន​ព្យួរ​ការងារ​ដោយ​ខ្លះ​ព្យួរ​​យូរ ហើយ​ខ្លះ​ទៀត​ព្យួរ​រយៈ​ពេល​ខ្លី​ដែល​បណ្ដាល​ឲ្យ​កម្មករ​សរុប​​​ជិត​២៩ម៉ឺន​នាក់ រង​ផល​ប៉ះពាល់ ។ ក្រៅ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ កម្មករ​រោងចក្រ​រាប់ ក៏​ប្រឈម​បាត់បង់​ការងារ​ធ្វើ​ជា​រៀង​រហូត ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប សម្រេច​ដាក់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ២០ភាគ​រយ​ពី​កម្ពុជា។

ចំណែក​ប្រាក់​ឈ្នួល​គោល​កម្មករ​វិញ ក្រសួង​ការងារ​បាន​ដំឡើង​២​ដុល្លារ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ២០២១ កម្មករ​និយោជិក​ពេញ​សិទ្ធិ​នឹង​ទទួល​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៩២ដុល្លារ ហើយ​កម្មករ​និយោជិក​សាកល្បង​នឹង​ទទួល​បាន​១៨៧ដុល្លារ​ក្នុង​មួយ​ខែ។

ក្រសួង​ការងារ​បញ្ជាក់​ថា កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​នៅ​តែ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដូចដើម ដោយ​កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​បៀរវត្ស​សរុប​យ៉ាងតិច​ពី ២០៩ដុល្លារ ដល់​២២០ដុល្លារ​ក្នុង​មួយ​ខែ។

ទោះបី​យ៉ាង​ណា ក្រុម​សហជីព​និង​កម្មករ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ជួយ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​ឲ្យ​ច្រើន​ជាង​នេះ និង​ជួយ​ទប់​តម្លៃ​ទំនិញ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ពេក ព្រោះ​ថា ប្រាក់​ចំណូល​កម្មករ​មិន​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​លើ​របស់​របរ​ថ្លៃ​នៅ​ទៅ​ផ្សារ​បាន​ទេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។