អាជ្ញាធរ​ថៃ​​​ចាប់​ពលករ​ខ្មែរ ៥នាក់​លួច​ឆ្លង​ដែន​ខុស​ច្បាប់​​​នៅ​តំបន់​ព្រំដែន​កម្ពុជា

0:00 / 0:00

អាជ្ញាធរ​ថៃ​ ចាប់​ពលករ​ខ្មែរ​ចំនួន​៥​នាក់​​លួច​ឆ្លង​ដែន​​ចូល​ទៅ​រក​ការងារ​ធ្វើ​​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៩​ កញ្ញា។

សារព័ត៌មាន ៧៧ខាវដិត (77Kaoded) ​របស់​ថៃ​​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ កញ្ញា​ថា ពលករ​ខ្មែរ​ទាំង​៥​នាក់​រួម​មាន​ប្រុស ៤នាក់​ និង​ស្រី​ម្នាក់ ដោយ​មាន​​អាយុ​ចន្លោះ​ពី ២២ ដល់ ៣៧ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ។ ពួក គេ​ត្រូវ​បាន​​ទាហាន​ឈុត​ខ្មែរ​របស់​ថៃ ចាប់​ខ្លួន​ក្នុង​ពេល​ធ្វើ​​ដំណើរ​នៅ​​តំបន់​ព្រំដែន​​ក្នុង​ស្រុក​តាផាយ៉ា ​(Taphya) ខេត្ត​ស្រះកែវ (Srakao) ក្បែរ​ច្រក​​របៀង​ព្រំដែន​បឹង​ត្រកួន​​ ស្រុក​ស្វាយចេក​​​ ខេត្ត​បន្ទាយមានជ័យ។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​​ពលករ​ខ្មែរ​ទាំង​នោះ​​​ទៅ​ឃុំ​ខ្លួន​នៅ​​​​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​អារញ្ញ​ ដើម្បី​​​ចាត់​វិធាន​ការ​តាម​ច្បាប់។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ សុផល មាន​ប្រសាសន៍​ថា មួយ​រយៈ​នេះ​​អាជ្ញាធរ​ថៃ​​បាន​​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងតែង​នៅ​តំបន់​ព្រំដែន​កម្ពុជា​និង​ថៃ ដើម្បី​ទប់​ស្កាត់​​​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង ជំងឺ​កូវីដ១៩។ លោក​ប្រាប់​ថា ​ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ភាគ​ច្រើន ពួក​គេ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​មាន​ពលករ​ខ្មែរ​​​ប្រមាណ​​ពី ៥០ ទៅ​ជាង ១០០​នាក់​ក្នុង​មួយ​ថ្ងៃ​​ត្រូវ​បាន​អាជ្ញាធរ​ថៃ​​​ចាប់​បញ្ជូន​ត្រឡប់​មក​​កម្ពុជា​វិញ​​ តាម​ច្រក​របៀង​​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។