រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន៖ ទឹក​លិច​ភ្នំពេញ​មិន​មែន​បណ្ដាល​មក​ពី​ការ​លុប​បឹង

ដោយ អាន ស៊ីថាវ
2014-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ភ្លៀង​លិច​មហា​វិថី​ម៉ៅសេទុង ក្បែរ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៣។
ទឹក​ភ្លៀង​លិច​មហា​វិថី​ម៉ៅសេទុង ក្បែរ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Uon Chhin

ទឹក​ជន់​លិច​ទីក្រុង​ភ្នំពេញ ក្រោយ​ភ្លៀង​ម្ដងៗ បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​សកម្មភាព​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក។ ម្យ៉ាង​វិញ​ទៀត បញ្ហា​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ការ​ទាក់ទាញ​ទេសចរណ៍ ដោយសារ​តែ​បាត់​បង់​សោភ័ណភាព​ក្រុង និង​បរិស្ថាន។ ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ចំនួន ក៏​ធ្លាប់​បាន​ចំណាត់​ថ្នាក់​ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា ជា​ទី​កន្លែង​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​រស់​នៅ។

បញ្ហា​ជន់​លិច​ទីក្រុង​ភ្នំពេញ ពី​ទឹក​ភ្លៀង ជា​ប្រធានបទ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​រិះគន់​ថ្នាក់​ដឹក​នាំ និង​អ្នក​អភិវឌ្ឍន៍​ក្រុង​យ៉ាង​ធ្ងន់ធ្ងរ។ បញ្ហា​នេះ អ្នក​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​អភិវឌ្ឍន៍​ក្រុង​នេះ បាន​ចោទ​ប្រកាន់ និង​យក​ត្រូវ​រៀង​ខ្លួន។ រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​មូលហេតុ​មួយ គឺ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មិន​គ្រប់គ្រាន់ ប៉ុន្តែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​វិញ​យល់​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​ចាក់​ដី​លុប​បំបាត់​បឹង​នៅ​ជុំវិញ​ក្រុង។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​ថា ទឹក​លិច​ភ្នំពេញ មិន​មែន​បណ្ដាល​មក​ពី​ការ​លុប​បឹង​នោះ​ទេ គឺ​បណ្ដាល​មក​ពី​មាន​ប្រព័ន្ធ​លូ​មិន​គ្រប់គ្រាន់។ លោក​បញ្ជាក់​ថា ចំនួន​ទឹក​ភ្លៀង និង​ភាព​ស្រុត​របស់​លូ​ក្នុង​ក្រុង​ភ្នំពេញ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​លិច​ក្រុង​ភ្នំពេញ។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រសួង​បរិស្ថាន ដែល​ខ្វះ​ការ​ស្រាវជ្រាវ​ជាក់​លាក់ និង​មាន​ផែនការ​អភិវឌ្ឍន៍​ក្រុង និង​តំបន់​ជាយ​ក្រុង​ពុំ​បាន​ច្បាស់​លាស់។

តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ផែនការ​អភិវឌ្ឍន៍​ក្រុង​ជាក់​លាក់​មាន​តែ​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង ប្រាសចាក​ពី​គោលដៅ​ដែល​បាន​រំពឹង​ទុក។ លោក​បញ្ជាក់​ថា យន្តការ​នេះ​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ទឹក​លិច​ក្រុង​ភ្នំពេញ ដោយ​ជំនន់​ទឹក​ភ្លៀង។ ម្យ៉ាង​វិញ​ទៀត ការ​លុប​បឹង​មួយ​ចំនួន​ដោយ​យក​លេស​ទៅ​អភិវឌ្ឍ ជា​មូលហេតុ​សំខាន់​ទី​ពីរ។ ផល​ពី​ការ​អភិវឌ្ឍ​ក្រុង​ភ្លាមៗ​ដោយ​ខ្វះ​ការ​ស្រាវជ្រាវ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លុប​បឹង​ទាំង​នោះ​វិញ ជា​អ្នក​ទទួល​លាភសក្ការៈ​ខ្ពស់៖ «សំឡេង»។

បន្ថែម​លើ​នេះ អង្គការ​អន្តរជាតិ​ផ្ដល់​ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជាច្រើន​ដល់​កម្ពុជា បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ភ្លៀង​លិច​ក្រុង​នា​រដូវ​វស្សា។ តាម​ការ​ប៉ាន់ស្មាន​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ប្រមាណ ៣​សែន​នាក់ រងគ្រោះ​ដោយ​ការ​ជន់​លិច​ក្រុង​ពី​ទឹក​ភ្លៀង។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​លិច​ក្រុង​ភ្នំពេញ មិន​មែន​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​ក្រុង​តាម​រយៈ​ការ​លុប​បឹង​នោះ​ទេ។

អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លិច​ក្រុង ដោយសារ​ការ​ស្ទះ​លូ។ ការ​ស្ទះ​លូ​នេះ បណ្ដាល​មក​ពី​មូលហេតុ​លូ​តូច ការ​កក​ស្ទះ​សំរាម​ដែល​ប្រជាពលរដ្ឋ​បោះ​ចោល​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ និង​ចំនួន​ទឹក​ភ្លៀង។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​លុយ​គ្រប់គ្រាន់ ការ​ដោះស្រាយ​បញ្ហា​លិច​ក្រុង​ភ្នំពេញ អាច​ធ្វើ​បាន​នៅ​ក្នុង​រយៈពេល ៨​ឆ្នាំ៖ «សំឡេង»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​កសាង​ប្រព័ន្ធ​លូ ក៏​មិន​មែន​ជា​កត្តា​ដោះស្រាយ​បញ្ហា​លិច​ក្រុង​ភ្នំពេញ​បាន​ទេ ប្រសិន​បើ​មិន​មាន​បឹង​សម្រាប់​ទុក​ទឹក​ភ្លៀង​នោះ។

វីដេអូ៖ ទឹក​លិច​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៣

 

បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន យក​ដី​ទៅ​ចាក់​លុប​បំបាត់​បឹង​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ ដូចជា  បឹងកក់ បឹងទំពុន បឹង​ពោងពាយ បឹង​បាយ៉ាប ជាដើម។

ការ​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​វៀតណាម និង​ប្រទេស​ថៃ មាន​តែ​ប្រទេស​កម្ពុជា មួយ​ដែល​ចាក់​ដី​បឹង​យក​ទៅ​អភិវឌ្ឍ ប៉ុន្តែ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​សាងសង់​បឹង​នៅ​តំបន់​ជុំវិញ​ក្រុង ដើម្បី​រំដោះ​ទឹក​ភ្លៀង​ទៅ​វិញ។ ក្នុង​នោះ ប្រទេស​វៀតណាម បាន​បង្កើត​បឹង​ចំនួន​៣០​បន្ថែម​ទៀត ដើម្បី​រំដោះ​ទឹក​ភ្លៀង​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤។

ក្រៅ​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ពី​ជំនន់​ទឹក​ភ្លៀង តែ​ក៏​បាន​ប៉ះពាល់​សោភ័ណភាព​ក្រុង និង​បរិស្ថាន​រស់នៅ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​តិចតួច​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​នេះ។ ទិដ្ឋភាព​លិច​ក្រុង​ភ្នំពេញ អាច​ប៉ះពាល់​វិស័យ​ទេសចរណ៍ ដែល​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា ប្រទេស​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង់គ្លេស ប្រចាំ​ឆ្នាំ​២០១៣ ឈ្មោះ អេកូណូមិស អ៊ីនធឺលីជេន យូនីត (Economist Intelligent Units) បាន​បង្ហាញ​ថា ទីក្រុង​ភ្នំពេញ ជា​ទី​កន្លែង​មួយ​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​ដែល​ពិបាក​រស់នៅ​នៅ​លើ​ពិភពលោក។ ការ​រក​ឃើញ​របស់​ស្ថាប័ន​ស្រាវជ្រាវ​នេះ បាន​ចំណាត់​ទីក្រុង​ភ្នំពេញ របស់​ប្រទេស​កម្ពុជា ស្ថិត​នៅ​លេខ​១២៦ ដែល​មាន​លក្ខខណ្ឌ​រស់នៅ​ល្អ​ប្រសើរ​ក្នុង​ចំណោម​ប្រទេស​១៤០ ដែល​បាន​អង្កេត។

របាយការណ៍​នេះ​បាន​លើក​យក​លក្ខខណ្ឌ​ចំនួន​ប្រាំ​មក​គណនា​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​នៃ​បរិយាកាស​រស់នៅ​របស់​ទីក្រុង​ភ្នំពេញ។ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន ស្ថិរភាព​ទីក្រុង ការ​ថែរក្សា​សុខភាព បរិស្ថាន អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ ដោយ​ឈរ​លើ​មូលដ្ឋាន​ទាំងអស់​នេះ ប្រទេស​កម្ពុជា បាន​ធ្វើ​ប្រសើរ​ឡើង​ការ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន ១% ប៉ុណ្ណោះ​នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

Tiger

ពី ទីក្រុងគុជ

The​​ corrupted government will never and ever get things done as plans. The related officers always insane million of excuses to back their argument. Shame on the poor and nepotistic leadership of this tiny but extremely complicated country. So painful to be born on this country!!!

Sep 29, 2014 12:19 AM

David

ពី Las Vegas

The irresponsible government official answer like an elementary school kid. After the natural lake reservior fill up, the city government have no other reservoir build.

Jul 27, 2014 01:38 AM

anonymous

ពី Job 4 life

The flooding causes is from low educated pple and most non-geo-political experiences or lacking skills infrastructure .If u ask all those officials they will blame to another way or something else or sometime they complained to mother nature...blaaa this....blaaa that , because they have no a real education in life...look the way they talked the way their look...absolute holy cows...man " to bribed to get the job done/ fast money-fast corruption " .

Jul 26, 2014 12:51 PM

អ្នក​អាន​អនាមិក

តាមខ្ញុំចាំ កាលពីប៉ុន្មានឆ្នាំមុន មន្រ្តីគណបក្សប្រជានបាននិយាយ ថា ទីក្រុងភ្នំពេញជាទីក្រុងតូក្យូទី២។ អញ្ចឹងមានន័យថា ទីក្រុង តូក្យូមែនទែន លិចជ្រៅជាងនេះមែនទេ

Jul 26, 2014 07:55 AM

HURRICANE

SO WHAT REASON COULD YOU EXPLAND?????, BUT SAME OF CITIES IN OTHER CUONTRIES OVER 10FT UNDWER SEA LAVEL THEY ALIVE MR? BECAUSE YOU SOLD.

Jul 25, 2014 07:31 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល