សហរដ្ឋអាមេរិក​ទទូច​ឲ្យ​​កម្ពុជា​ចាត់​វិធាន​ការ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​​ចៀស​វាង​ប្រទេស​ណា​មួយ​កាន់​កាប់​មូលដ្ឋាន​យោធា​ផ្ដាច់មុខ

0:00 / 0:00

ស្ថានទូត សហរដ្ឋ​អាមេរិកប្រចាំនៅកម្ពុជា ​ជំរុញ​ឲ្យ​កម្ពុជា​ការ​ពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ដើម្បី​ចៀសវាង​ ប្រទេសតែមួយអាចគ្រប់គ្រង ​មូលដ្ឋាន​កង​ទ័ព​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។ ​ការ​លើក​ឡើង​របស់​ស្ថានទូតសហរដ្ឋ​អាមេរិក​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​បាន​វាយ​កម្ទេច​ អគារ​នៃ​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ហើយបច្ចុប្បន្នកម្ពុជាបាន​អនុញ្ញាតឲ្យចិនជួយ កសាងគំរោងអភិវឌ្ឍន៍ថ្មីរបស់ផែ​សមុទ្រ​យោធា​រាម។​ ​

​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោក​ ចែត រ៉ុចឌូម៊ែរ (Chad Roedemeier) ​ប្រាប់​អាស៊ីសេរី​តាម​រយៈ​សារ​អ៊ីមែល​មក​ថា​ សហរដ្ឋ​អាមេរិក​បន្តទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការទាំង​ឡាយ​ណា​ដើម្បីការពារ​បូរណភាព​ដែន​ដី​របស់​ខ្លួន​ ហើយ​មិន​ត្រូវ​មាន​ប្រទេស​ណា​មួយ​ មាន​សិទ្ធិ​ផ្តាច់​មុខ​ ប្រើ​ប្រាស់​មូលដ្ឋាន​យោធា​ខ្មែរ​ នៅក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ឡើយ​។​

លោក​បញ្ជាក់ថា​ កម្ពុជា​គួរ​តែ​ឲ្យ​មាន​ប្រទេស​ជា​ដៃ​គូ​កម្ពុជា​ ចូល​ទៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ដូច​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​លើក​មុន​ ហើយ​មិន​គួរ​ឲ្យ​មាន​ប្រទេស​ណាមួយ​ មាន​សិទ្ធិ​គ្រប់គ្រង​ផ្តាច់​មុខ​ និង​ជា​អចិន្ត្រៃយ៍​ នៅ​មូល​ដ្ឋានកង​ទ័ព​ជើង​ទឹក​នោះ​ទេ​ ហើយ​ការ​ធ្វើ​ដូច្នេះ​វា​សមស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​បញ្ហា​អសន្តិ​សុខ​នៅ​ក្នុង​តំបន់។

​​​​​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​បាន​វាយ​កម្ទេច​ អគារ​នៃ​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​។

បើ​តាម​ការ​ថត​ជាប់​តាម​ប្រព័ន្ធ​ផ្កាយ​រណប នៅ​​ថ្ងៃ​ទី១ ខែតុលា ហើយ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា លើ​គេហទំព័រ​របស់​គម្រោង​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE) ដែល​មាន​មូលដ្ឋាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បង្ហាញ​ថា អគារ​មួយ​ក្នុង​ចំណោម​អគារ​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ២០១២ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​កម្ទេច​ចោល កាល​ពី​អំឡុង​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ អគារ ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺ​ជា​ទី​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ។

កាល​ពី​ថ្ងៃទី​៣​ តុលា​ សារព័ត៌មាន​ជប៉ុន​នីកេ អេស៊ា​ រីផ្ញូស ​(NIKIKEI Asia Review)​ បានដក​ស្រង់​សំដី​ មេបញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ទូទៅ​នៃ​កង​ទ័ព​ជើង​ទឹក​លោក​ វ៉ាន់ ប៊ុនលាប​ បាន​និយាយថា​ រដ្ឋាភិបាល​ចិន​កំពុងជួយកសាងផែមួយ និងជុសជុសសំណង់ដើម្បី​ដាក់​កប៉ាល់។​

លោកថា ចិនជួយ​បូម​ខ្សាច់​ ដើម្បី​ឲ្យ​ទឹក​ជ្រៅ​ នៅ​ជុំវិញ​ មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ដោយសារ​តែបច្ចុប្បន្​នផែនេះ មានតែកប៉ាល់ប្រភេទតូច អាចចតបាន។ ​

ទាក់​ទិន​នឹង​បញ្ហា​នេះ​លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ប្រាប់​អាស៊ីសេរី​ថា​ ពាក់​ព័ន្ធ​នឹង​មូលនិធិ​នៃ​ការ​សាង​សង់​នេះ​កម្ពុជា​បាន​មក​ពី​ប្រទេស​ណា​មិន​ចាំ​បាច់​បក​ស្រាយ​ទេ​វា​ជា​សិទ្ធិ​របស់​ប្រទេស​កម្ពុជា៖ «​ចំណែក​ថវិកា​ ឬក៏​ចំណាយ​សម្រាប់​ធ្វើ​ហ្នឹង​។លោក​ឯង​ចង់​ដឹង​ណាស់​ ចង់​ដឹង​ប្រភព​ចេញ​មក​ពី​ណា​ អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ខ្ញុំ​ទេ​។​ខ្ញុំ​យក​មក​ពី​អ្នក​ណា​ ពី​ណា​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​ធាធា​ថា​ ខ្ញុំ​នឹង​ធ្វើ​អោយ​ទី​បញ្ជា​ការ​សន្តិសុខ​លំហ​ សមុទ្រ​ហ្នឹង​គឺ​វា​ល្អ​ជាង​មុន​ គ្រប់គ្រាន់​ជាង​មុន​ ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​យើង​ជាង​មុន​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​ ដែល​បាន​ជួយ​ខ្ញុំ​ ធ្វើ​ជា​ទី​បញ្ជា​ការ​មុខ​កន្លង​មក​នេះ​»។

​​​​​​​កាល​ពី​ថ្ងៃ​សុក្រ ទី២ តុលា មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក សំដែង​ក្ដី​បារម្ភ​ពី​របាយការណ៍ ដែល​ភាគី​កម្ពុជា​កម្ទេច​អគារ​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ជុំវិញ​បញ្ហា​នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ទីរ (Pentagon) យោធា​អាមេរិក​បញ្ជាក់​ថា ការ​កម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​វត្តមាន​យោធា​ចិន ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម។

​លោក​ ទៀ បាញ់​ បញ្ជាក់​ថា​ ជំនួយ​ដ៏​តូច​មួយ​របស់​សហរដ្ឋអាមេរិក​មិន​គួរ​ យក​ជា​រឿង​ធំ​នោះ​ទេ។​លោក​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​ប្រើ​សិទ្ធិ​នឹង​ចាត់​ចែង​ ទុកដាក់​កន្លែង​ណា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ ប្រជាជន​ និង​សេចក្ដី​ត្រូវ​ការ របស់​ប្រទេស​ កម្ពុជា​ចាំ​ចាច់​ត្រូវ​តែ​ធ្វើ​៖ «​ពាក់​ព័ន្ធ​នឹង​ពាក្យ​មួយ​ថា​ ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​ យ៉ាង​ណា​នោះ​ អាហ្នឹង​ខ្ញុំ​អត់​មាន​ពន្យល់​បាន​ទេ ពីព្រោះ​​ខ្ញុំ​អត់​បាន​ធ្វើ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ទៅ​បំពាន​អ្នក​ណា​ទេ​។​ ខ្ញុំ​ធ្វើ​ដើម្បី​ស្រុក​ទេស​របស់​ខ្ញុំ​ទេ​ ដូច្នេះ​ខ្ញុំ​អត់​មាន​ពន្យល់​ទៅ​ណា​ទេ​ រឿង​ហ្នឹង​គឺ​ទុក​តែ​ប៉ុណ្ណឹង​ទេ។ ​ដូច្នេះ​សូម​ជម្រាបជូន​ ហើយ​បើ​និយាយ​តាម​ទូរស័ព្ទ​សូម​និយាយ​មែន​ទែន​ ខ្ញុំ​ពិបាក​នឹង​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​លោក​ឯង​ ហើយ​ពី​ព្រោះ​ខ្ញុំ​កន្លង​មក​ខ្ញុំ​និយាយ​ជាង​ ១០​នាទី​។​ អ្នក​យក​មក​ធ្វើ​អត្ថាធិប្បាយ​ក្នុង​អាស៊ីសេរី​ហ្នឹង​គឺ​ធ្វើ​តែ​ ៥០វិនាទី​​ទេ»។

អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ របប​លោក​ ហ៊ុន សែន​ កំពុង​លក់​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​ប្រទេស​ចិន​ ដោយ​សារ​តែ​កម្ពុជា​បាន​វាយ​កម្ទេច​អគារ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ផ្លាស់​ប្តូរ​គម្រោង​នេះ​ទៅ​ឲ្យ​ប្រទេស​ចិន​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។