លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០១ ខែតុលា ថា ក្នុងរយៈ៩ខែ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន ២៤៣០លើក គឺថយចុះ៧២៩លើក ស្មើនឹងជាង ២៣ភាគរយ បើប្រៀបធៀបនៅនឹងពេលវេលាដូចគ្នា ក្នុងឆ្នាំ២០១៩។
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថយចុះជាង ១៧ភាគរយដែរ។ ទោះបីយ៉ាងណា មន្ត្រីធ្វើការងារផ្នែកសិទ្ធិមនុស្សយល់ថា ការថយចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ មិនមែនដោយសារតែ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទាំងស្រុងនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា សង្កេតឃើញថាឥរិយាបថរបស់អ្នកបើកបរ នៅមិនទាន់ល្អប្រសើរនៅឡើយ។ លោកបន្តទៀតថា ការអនុវត្តច្បាប់ចរាចរណ៍ នៅមានភាពមិនត្រឹមត្រូវ កង្វះខាតនៃការអប់រំពីច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ នៅមានចន្លោះប្រហោង ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន និងអំពើពុករលួយ។ លោក ស៊ឹង សែនករុណា យល់ថារាជរដ្ឋាភិបាលគួរតែដោះស្រាយទៅលើកត្ដាទាំងអស់នេះ ដើម្បីចំនួននៃគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ។
លោកស្នើក៏បង្កើននូវការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរនេះ ឲ្យកាន់តែមានភាពទូលំទូលាយ ឲ្យប្រសើរឡើងជាងមុន។ ទីពីរគឺការអនុវត្តច្បាប់ឲ្យត្រឹមត្រូវ កុំឲ្យមានអំពើពុករលួយ ដោយយោគយល់អធ្យាស្រ័យទៅលើមន្ត្រីដូចគ្នា ជាបក្សពួកដូចគ្នា ឬក៏ទទួលបានសំណូក ឬក៏លាភសក្ការៈណាមួយ ធ្វើឲ្យជនល្មើសច្បាប់ចរាចររួចខ្លួន ពីសំណាញ់ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។