សមត្ថកិច្ច​គ្រោង​បណ្ដេញ​ចិន និង​វៀតណាម ៤៣​នាក់ ចេញ​ពី​កម្ពុជា​ករណី​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2020.10.03
ឆាយ គឹមខឿន ៦២២ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
រូប​៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច បាន​បញ្ចប់​នីតិវិធី​ករណី​បង្ក្រាប នៅ​ក្លឹប​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​៣០ កញ្ញា​ហើយ​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប ចំនួន ៣៧៥ នាក់។ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន ៥២​នាក់ ជនជាតិ​ចិន​៤០ និង​វៀតណាម​១២ នាក់ និង​សារធាតុ​ញៀន​គ្រប់​ប្រភេទ សមត្ថកិច្ច​បាន​រឹបអូស​បាន ១២ ពាន់ ៤៥០​ក្រាម ។​

លោក​ថា សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៩នាក់​ទៅ​តុលាការ ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់។ ចំណែក​អ្នកប្រើប្រាស់​គ្រឿងញៀន ៤៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៣៣​នាក់ វៀតណាម ១០​នាក់ កំពុង​រៀបចំ​បណ្ដេញ​ចេញ​ពី​កម្ពុជា។

លោក​បន្ថែម​ថា ចំពោះ​ស្ត្រី​បម្រើ​ផ្លូវ​ភេទ និង​ស្ត្រី​ម៉ាស្សា ចំនួន​៣៣​នាក់ មាន​ជនជាតិ​ចិន​ចំនួន ២៤ នាក់ វៀតណាម ៩ នាក់ សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូនទៅ​ក្រសួង​សង្គមកិច្ច​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។ ចំណែក​អ្នក​មិន​ពាក់ព័ន្ធ ភាគច្រើន​ជា​ភ្ញៀវ​មក​រក​សេវា​កម្សាន្ត សមត្ថកិច្ច បានសម្រេច​ដោះលែង​វិញ​អស់​ហើយ៖ «ជា​វិធានការណ៍​បន្ត គឺ​យើង​បន្ត​ស្រាវជ្រាវ​ដើម្បី​រក​ប្រភព​អាវុធ​ដែល​បាន​ផ្តល់​ឲ្យ​ជនល្មើស ដើម្បី​ចាប់ខ្លួន​អ្នកផ្ដល់​អាវុធ នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់។ ទី​២​បន្ត​សហការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​សមត្ថកិច្ច អនុវត្តន៍​ច្បាប់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដើម្បី​រក​ប្រភព​ការ​ផ្គត់ផ្គង់​គ្រឿង​ញៀន នេះ ស្រាវជ្រាវ​រក​បក្សពួក យក​មក​ផ្ដន្ទាទោស​តាមច្បាប់ នឹង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់»

ការ​ចាប់ខ្លួន​មនុស្ស​ជិត ៤០០​នាក់ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើឡើង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ បន្ទាប់ពី​សមត្ថកិច្ច​ក្រុងភ្នំពេញ​កាលពី ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ បាន​ឆ្មក់​ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដែល​ម្ចាស់​ជា ប្អូន​បង្កើត​របស់​លោក គិត ម៉េង ជា​មនុស្ស​ជិតដិត​នឹង​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​ជាង ៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ១៣​នាក់ និង​ថ្នាំញៀន​ជិត ៥០​គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។