គណៈកម្មការ​អឺរ៉ុប​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ​ខណៈ​ថ្ងៃ​អនុវត្ត​ការដក EBA ២០%​ ចូល​ជា​ធរមាន

ដោយ មាន ឫទ្ធិ
2020-08-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា
រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា
RFA

គណៈកម្មការ​អឺរ៉ុប​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ការបន្ត​យុទ្ធនាការ​បង្ក្រាប​ឥត​ស្រាកស្រាន​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មក​លើ​ក្រុម​អ្នករិះគន់​នៅ​កម្ពុជា។ ទន្ទឹមគ្នានេះ សហភាព​អឺរ៉ុប​នៅតែ​បន្ត​អំពាវ​នាវ​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​ចាត់​នូវ​វិធានការ​ជាក់ច្បាស់​ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាច​ដំណើរការ​បាន​នៅ​កម្ពុជា ដោយ​ត្រូវ​ធានា​ឲ្យ​មាន​នូវ​បរិយាកាស​នយោបាយ​មួយ​ដែល​គណបក្ស​ប្រឆាំង សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ប្រតិបត្តិការ​បាន​ដោយ​សេរី។ ការលើក​ឡើង​ពី​ក្តីកង្វល់ និង​ការអំពាវនាវ​ជាថ្មី​ម្តង​ទៀត​នេះ​ កើតមាន​ឡើង​ចំ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ការគិត​ពន្ធ​លើ​មុខទំនិញ​ដែល​កម្ពុជា​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%។

ក្តីបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការរិតត្បិត​សិទ្ធិ​សេរីភាព​ និង​ការបង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​មកលើ​សំឡេង​រិះគន់​​នៅ​កម្ពុជា​នេះ ត្រូវ​អ្នកនាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម ប្រាប់​អាស៊ីសេរី តាម​សារអេឡិចត្រូនិក​ នៅ​មួយ​ថ្ងៃ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ការគិត​ពន្ធ​លើ​មុខទំនិញ​របស់​កម្ពុជា​២០% ចាប់ពី​ថ្ងៃទី១២ សីហា​នេះ​តទៅ។ ប្រភព​ពី​គណៈកម្មការ​អឺរ៉ុបថា សហភាព​អឺរ៉ុប កំពុង​តែ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ចំពោះ​ស្ថានភាព​ និង​ដំណើរ​វិវត្តន៍​កាលពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សកម្មភាព​ចាប់ខ្លួន​សកម្មជន​នយោបាយ និង​សិទ្ធិ​ការងារ​ ដូចជា​ករណី​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជាដើម។ គណៈកម្មការ​អឺរ៉ុប គូស​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​អំពី​កាតព្វកិច្ច​របស់​កម្ពុជា​ ដែល​ត្រូវតែ​គោរព​តាម​រាល់​សិទ្ធិ​ទាំងអស់​ដូច​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម និង​វប្បធម៌ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ការងារ។

បន្ថែម​ពី​លើនេះ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះថ្ងៃទី១០ សីហា ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​លើកឡើង​ពី​ការធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប្រាប់​ទៅ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប លោក ហ្សូសិប បូរែល (Josep Borrell)​ នាយិកា​រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី (Paola Pampaloni) សង្កត់​ធ្ងន់ថា សហភាព​អឺរ៉ុប​នៅតែ​បន្ត​អំពាវ​នាវ​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​ចាត់​នូវ​វិធានការ​ជាក់ច្បាស់​ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាច​ដំណើរការ​បាន​នៅក្នុង​ប្រទេស​នេះ និង​ត្រូវ​ធានា​ឲ្យ​មាន​នូវ​បរិយាកាស​នយោបាយ​មួយ​ដែល​គណបក្ស​ប្រឆាំង សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ប្រតិបត្តិការ​បាន​ដោយ​សេរី។ អ្នកស្រី រំឮកថា សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​កាលពី​ពេល​ថ្មីៗនេះ រួច​ហើយ​ថា​ បញ្ហា​រីករាល​ដាល​នៃ​ជំងឺរាតត្បាតសាកល កូវីដ១៩ មិនគួរ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល យក​មក​ធ្វើ​ជា​លេស​​ក្នុងការ​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ និង​លំហ​សង្គមស៊ីវិល ការគោរពច្បាប់ និង​ការប្តេជ្ញាចិត្ត​ជា​អន្តរជាតិ​នានា ឬក៏​កាត់បន្ថយ​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នោះឡើយ។

ជុំវិញ​កង្វល់ និង​សារ​អំពាវនាវ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ចំ​កាលបរិច្ឆេទ​ចូល​ជាធរមាន​នៃ​ការ​គិតពន្ធ​លើ​មុខទំនិញ​របស់​កម្ពុជា​ដោយសារ​ការដក​ EBA ២០% នេះ អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​ប្រតិកម្ម និង​ការបញ្ជាក់​ជំហរ​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា គិតត្រឹម​ម៉ោង​ផ្សាយ​នេះ។ លោក​ក៏​មិនទាន់​ឆ្លើយនឹង​សំណួរ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ឡើយ​ដែរ។ ក៏ប៉ុន្តែ កន្លងមក ទាំង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាំង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​ប្រកាស​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%នេះ និង​ថា​កម្ពុជា​មិន​ឱន​ក្បាល​ ឬ​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយ​នឹង​​បញ្ហា​នេះ​ឡើយ។ រីឯ អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច លោក មាស សុខសេនសាន ត្រូវ​សារព័ត៌មាន​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រង់​ប្រសាសន៍​ថា កម្ពុជា​បាន​ត្រៀម​ថវិកា​ជាង ១ពាន់​លានដុល្លារ​ដើម្បី​ទប់ទល់​នឹង​ការកាត់​ផ្នែកខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប និង​ជំងឺកូវីដ១៩។

កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។
កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។ Photo: RFA

យ៉ាងណា​ក៏​ដោយ​ សម្រាប់​អ្នកជំនាញ​វិស័យ​ការងារ និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើល​ឃើញ​ថា កម្ពុជា​នៅ​តែ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​សហភាព​អឺរ៉ុប​នេះ​ដដែល ជាពិសេស​ទន្ទឹម​ពេល​ដែល​កម្ពុជា​កំពុង​ញាំញី​ដោយ​វិបត្តិ​ផ្ទួនៗ​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​ ផង ព្រម​ទាំង​ការដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ ពី​សំណាក់​សហភាព​អឺរ៉ុប​ផង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ៖ «យើង​នៅ​តែ​មើល​ឃើញ​ថា កម្ពុជា​នៅ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​នៅឡើយ ហើយ​យើង​នៅតែ​មើល​ឃើញថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ គឺជា​ឧបករណ៍​មួយ​ជួយ​លើក​កម្ពស់​នូវ​ភាពប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​សម្រាប់​ទីផ្សារ​អន្តរជាតិ ក្នុង​ពេល​ដែល​វិស័យ​កាត់ដេរ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ...»

ការ​នៅតែ​មើល​ឃើញ​ពី​សារៈសំខាន់​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ក៏​ត្រូវ​អ្នកធ្វើការ​ក្នុង​វិស័យ​ការងារ និង​សហជីព​មួយ​រូប​ទៀត និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា គឺ​លោក អាត់ ធន់ យល់ស្រប ព្រោះ​ថា​កម្ពុជា​កំពុង​ជួប​បញ្ហា​ផ្ទួន​ៗ​ស្រាប់៖ «វា​គឺ​រឿង​មួយ​សំខាន់​មែនទែន​សម្រាប់​កម្ពុជា​របស់​យើង ពីព្រោះ​យើង​ធ្លាប់តែ​បាន​ចំណែក​ទីផ្សារEBA ១០០% នៅ​ក្នុង​ការនាំចេញ ហើយ​យើង​មិនទាន់​មាន​សមត្ថភាព​នាំចេញ​ដើម្បី​យក​ការអភិវឌ្ឍន៍ ឬក៏​យក​ផល​ចំណេញ​ពី​នេះ​ឲ្យអស់​ផង។ ប៉ុន្តែ​ មកដល់​ពេលនេះ គឺ​យើង​បាត់​ចំណែក​ទីផ្សារ​រហូតដល់​ទៅ ២០% ហើយ​ប្រហែលជា​ទាំងអស់​គ្នា ទាំង​រដ្ឋាភិបាល ទាំង​និយោជក ក៏​ដូច​ជា​ខាង​កម្មករ​យើង​ក៏​អត់​បាន​គិតថា​រឿង​បញ្ហា​កូវីដ១៩នេះ​គឺ​ជា​បញ្ហា​ដែល​កើត​មាន​ឡើង​ទេ ហើយ​នៅ​ពេល​ដែល​បញ្ហា​នេះ​វាកើត​មាន​ឡើង​ទៀត ខ្ញុំ​គិត​ថា បញ្ហា​វា​ផ្ទួនៗ»

ក្រោយ​គណៈកម្មការ​អឺរ៉ុប បាន​រក​ឃើញ​ថា មាន​ករណី​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិការងារ ខណៈ​មានការ​កែ​លម្អ​តិចតួច​ខាង​សិទ្ធិដីធ្លី ឬ​សិទ្ធិសង្គម​ សេដ្ឋកិច្ច និង​វប្បធម៌ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ។ ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នេះ ត្រូវ​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប យល់ស្រប​ដោយ​គ្មាន​ការជំទាស់​អ្វីឡើយ ហើយ​សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​កម្ពុជា​ ៦ខែ ដើម្បី​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដោយ​នៅ​តែ​បើកផ្លូវ​ឲ្យ​មាន​ការពិគ្រោះ​យោបល់ និង​ការចរចា​ដដែល។

ក៏ប៉ុន្តែ ផ្ទុយទៅវិញ អាជ្ញាធរ​កម្ពុជា រឹតតែ​ធ្វើ​ផ្គើន​ទៅនឹង​ការសម្រេច​នេះ​ដោយ​បាន​បង្កើន​យុទ្ធនាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការប្រមូលផ្តុំ និង​ការបន្ត​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង និង​សំឡេង​រិះគន់​នានា​ជាបន្តបន្ទាប់។

អ្នកវិភាគ​គោលនយោបាយ បណ្ឌិត អៀ សុផល ថា គណៈកម្មការ​អឺរ៉ុប មិន​បាន​បង្អង់​ដៃ​ចំពោះ​ការអនុវត្ត​ការគិតពន្ធ​ពី​កម្ពុជា​នេះ​ឡើយ ខណៈ​របប​ក្រុងភ្នំពេញ​បាន​ងាក​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ FTAជាមួយ​ប្រទេស​ចិន ដែល​គ្រោង​ធ្វើ​ចំ​ថ្ងៃទី១២ សីហា​នេះ​ដែរ។ លោកថា ការធ្វើ​ដូច្នេះ​ របប​ក្រុងភ្នំពេញ​ចង់​បង្ហាញ​ថា ខ្លួន​ពុំ​មាន​ជម្រើស​អ្វី ក្រៅតែ​ពី​ការងាក​ទៅ​រក​ប្រទេស​ចិន​ ហើយ​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​ក្រុម​អ្នកប្រឆាំង។ លោក​ព្រមាន​ថា ស្ថានភាព​កាន់តែ​អាក្រក់​នេះ អាច​នឹង​បង្ខំ​សហភាព​អឺរ៉ុប​ឲ្យ​ឈាន​ទៅ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ទាំងស្រុង​តែម្តង​នា​ពេល​អនាគត។

ការមិន​ព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នេះ ត្រូវ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ពន្យល់​ថា គឺ​ដោយសារ​តែ​លោក ហ៊ុន សែន ខ្លាច​ប៉ះពាល់​ដល់​ការរក្សា​អំណាច​របស់​លោក និង​ផែនការ​យូរអង្វែង​នៃ​ការផ្ទេរ​អំណាច​ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​លោក៖ «ទោះបីជា​ EBA នេះ ត្រូវ​អឺរ៉ុប​ដក ១០០% ក៏គាត់​មិនងាក​ក្រោយ​ដែរ ពីព្រោះ​មិនមែន​គាត់​ធ្វើ​ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ គាត់​ខ្លាច​ខូច​ផែន​ការ​អំណាច​របស់​គាត់ ហើយ​អ្វី​ដែល​ជា​លក្ខខណ្ឌ​របស់​អឺរ៉ុប មិនមែន​ធ្វើ​ខូច​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ អឺរ៉ុប​គ្រាន់តែ​ចង់​ឲ្យ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ហ្នុង មិនមែន​បញ្ជា​ឲ្យ​កម្ពុជា​ធ្វើ​តាម​នៅ​អ្វី​ដែល​ជា​ប្រយោជន៍​របស់​អឺរ៉ុប។ យើង​មើល​ EBA ប្រយោជន៍​កម្ពុជា​សុទ្ធសាធ»

ឆ្លើយតប​នឹង​សំណួរ​ថាតើ​គណៈកម្មការ​អឺរ៉ុប អាច​នឹង​ឈាន​ទៅ​ពិចារណា​ដកហូត​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នេះ​ពី​កម្ពុជា​ដែរ​ឬទេ ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​នៅតែ​បរាជ័យ​ក្នុង​ការស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​បែរ​ជា​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​ក្រុម​អ្នករិះគន់ និង​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់តែ​ខ្លាំង​ទៅវិញ​នោះ ប្រភព​ពី​គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប នឹង​បន្ត​ដំណើរការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ការកែ​លម្អ​ជាមួយ​អាជ្ញាធរ​កម្ពុជា​បន្ត​ទៅទៀត ហើយ​ថា ខ្លួន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ការវិវត្តន៍​នៃ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តទៅទៀត។

EU EBA
EU EBA Photo: RFA

ការ​សម្រេច​ដក​ដោយ​ផ្នែក​ទៅលើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា​ប្រមាណ​២០%  នៃ​មុខទំនិញ​នាំចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​មានន័យថា ជា​ការតម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក (១​ប៊ី​លាន​អឺរ៉ូ​) ក្នុងចំណោម​តម្លៃ​សរុប​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ជាង ៥,៧ ប៊ី​លាន​ដុល្លារ ឬ​ជាង ៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។ មុខទំនិញ​ដែល​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ រួមមាន ផលិតផល​សំលៀក​បំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ខណៈ​ផលិតផល​ដទៃ​ទៀត​ក្រៅ​ពី​នេះ ដូចជា​កង់​ជាដើម មិន​ទទួលរង​ការ​បង់ពន្ធ​នោះ​ទេ​។

កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រវាង​ពី ១២០ ទៅ ២០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ ២០% ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ លក្ខខណ្ឌ​សំខាន់ៗ​ចំនួន​បី ដែល​គណៈកម្មការ​អឺរ៉ុប​នៅតែ​ចង់​ឃើញ​កម្ពុជា​កែប្រែ​ស្ថានភាព​នោះ គឺ​ទីមួយ បើក​លំហ​នយោបាយ​ក្នុង​ប្រទេស​ឡើងវិញ និង​ទី​ពីរ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ការ​បង្កើត​ឱ្យ​មាន​ឡើងវិញ​នូវ​គណបក្ស​ជំទាស់​តាម​បែប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ ដែល​អាច​ជឿ​ទុកចិត្ត​បាន​។ លក្ខខណ្ឌ​ចុងក្រោយ គឺ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​នៃ​ការផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​នយោបាយ​ពិតប្រាកដ និង​ដែល​មាន​ការចូលរួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ចំណាត់​ការ​ទាំងនេះ គណៈកម្មការ​អឺរ៉ុប គូសបញ្ជាក់​ថា អាច​រួមមាន​ដូចជា​ការ​ផ្តល់​នីតិសម្បទា​សិទ្ធិ​នយោបាយ​ដល់​សមាជិក​គណបក្សប្រឆាំង និង​ការលុបចោល ឬ​កែប្រែ​ច្បាប់​មួយ​ចំនួន ជាពិសេស​គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម​។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប មិន​បាន​លើកឡើង​ពី​ការ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅមុន​អាណត្តិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល