"កម្ពុជា ​គួរ​ហ៊ាន​ប្ដឹង​មហាយក្ស​ចិន និង​ប្រទេស​ឡាវ ទារ​សំណង​រឿង​បង្ក​ឲ្យ​មាន​វិបត្តិ​ទឹក​ទន្លេមេគង្គ"

ដោយ មាន ឫទ្ធិ
2020-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​របស់លោក​ ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើកទី៣​ តាមប្រព័ន្ធវីដេអូ​កាលពី​ថ្ងៃទី២៤ សីហា។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​របស់លោក​ ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើកទី៣​ តាមប្រព័ន្ធវីដេអូ​កាលពី​ថ្ងៃទី២៤ សីហា។
រូបថត៖ ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន

សកម្មជន​បរិស្ថាន ចង់​ឃើញ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​ចេញមុខ​ប្ដឹង​មហាយក្ស​ចិន និង​ប្រទេស​ឡាវ ទាមទារ​សំណង​ពី​ផល​ខូចខាត​បង្ក​ឲ្យ​មាន​វិបត្តិ​ទឹក​បណ្ដាល​មក​ពី​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​សម្បើម​នៅ​ខ្សែទឹក​ខាងលើ​នៃ​ផ្ទៃ​អាង​ទន្លេមេគង្គ។ ការលើកឡើង​នេះ កើតមានឡើង​ក្រោយ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជាមួយ​ចិន កាលពី​ដើម​សប្ដាហ៍​នេះ បាន​បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ពី​បញ្ហា​វិបត្តិ​ទឹក​កាន់តែ​ធ្ងន់ធ្ងរ​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។

ដោយ​ហៅ​ការសាងសង់​ទំនប់​វារីអគ្គិសនី​​នៅ​លើ​ផ្ទៃ​អាង​ទន្លេមេគង្គ​ថា​ជា​អំពើ «ឃាតកម្ម​លើ​ប្រព័ន្ធ​អេកូឡូស៊ី» ឬ Ecocide និង​ធនធាន​ធម្មជាតិ សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​ហ៊ាន​លើក​យក​បញ្ហា​វិបត្តិ​ទឹក​ធ្ងន់ធ្ងរ​នៅ​បឹងទន្លេសាប​ និង​ទន្លេមេគង្គ ទៅ​និយាយ​តទល់​ជាមួយ​មេដឹកនាំ​ចិន​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើកទី៣។ លោកថា នេះ​គឺ​ដោយសារ​តែ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ជំពាក់គុណ​ចិន​ខ្លាំង ហើយ​លោក ហ៊ុន សែន ក្លាហាន​បានតែ​រឿង​ចាប់ចង និង​គំរាមកំហែង​ពលរដ្ឋ​ជា​ជាតិសាសន៍​ខ្មែរ​ខ្លួនឯង៖ «សូមឲ្យ​លោក ហ៊ុន សែន មាន​សេចក្ដីក្លាហាន​គ្រប់គ្រាន់​ហ៊ាន​និយាយ​ជា​សាធារណៈ ហ៊ាន​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​របស់​ចិន ដែល​អ្វី​ដែល​គាត់​ធ្វើ​ចំពោះ... នៅ​ពេល​ដែល​គាត់​រិះគន់​ខ្មែរ​គ្នាឯង ជាពិសេស​សកម្មជន​បរិស្ថាន ឬក៏​ទៅលើ​អ្នកនយោបាយ។ ឲ្យ​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ និង​ឲ្យ​ ហ៊ុន សែន តម្រូវ​ឲ្យ​ប្រទេសឡាវ និង​ប្រទេសចិន ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​ខ្មែរ​ទាក់ទង​នឹង​រឿង​ទន្លេមេគង្គ ជាពិសេស​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​មិនមែន​តិចតួច​បែប​ល្ខោន​នោះទេ»

ការរិះគន់​របស់​សកម្មជន​បរិស្ថាន​រូបនេះ កើត​មាន​ឡើង​ក្រោយ​លោក ហ៊ុន សែន ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ក្រុម​មេដឹកនាំ​មកពី​ប្រទេស​៥​ផ្សេងទៀត​ក្នុង​តំបន់​ទន្លេមេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ឬ​ភូមា ថៃ ឡាវ និង​វៀតណាម កាលពី​ថ្ងៃទី២៤ សីហា បាន​បរាជ័យ​ក្នុង​ន័យ​មិន​ហ៊ាន​លើកឡើង​ពី​រឿង​បញ្ហា​វិបត្តិ​ទឹក​កាន់តែ​ធ្ងន់ធ្ងរ​នេះ ប្រាប់​ទៅ​ក្រុម​មេដឹកនាំ​ទាំងនោះ​ឲ្យ​រួមគ្នា​ដោះស្រាយ​ឡើយ។

វិបត្តិ​ទឹក​បង្ក​ឲ្យ​មាន​គ្រោះ​រីងរាក់ ការរាំងស្ងួត និង​ការបន្ត​អូស​បន្លាយ​រដូវប្រាំង​អស់​ជាង​ពីរឆ្នាំ​ជាប់ៗគ្នា ហើយ​ដែល​ត្រូវ​ប្រជានេសាទ​រអ៊ូរទាំ​ស្ទើ​គ្រប់គ្នា​អំពី​ការធ្លាក់ចុះ​ទិន្នផល​ត្រី​មិនធ្លាប់​មាន​ពី​មុនមក​នេះ មិន​ត្រូវ​បាន​លោក ហ៊ុន សែន លើក​យក​មក​និយាយ​ឡើយ ខណៈ​ទិន្នន័យ​វិទ្យាសាស្ត្រ​បង្ហាញ​ថា ប្រទេសចិន​បាន​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​តែឯង។ ផ្ទុយទៅវិញ លោក​បាន​ចំណាយ​ពេល​ច្រើន​សរសើរ​ចិន​​អំពី​លទ្ធផល​ដែល​លោក​ហៅថា «វិជ្ជមាន» ទទួល​បាន​ពី​យន្តការ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជាមួយ​ប្រទេសចិន​ទៅវិញ។ លោក​បាន​ផ្តោត​ភាគច្រើន​ទៅលើ​ការជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ទន្លេមេគង្គនេះ។ យ៉ាងណា លោក​ទទួលស្គាល់​ថា ការនិយាយ​ពី​រឿង​គ្រប់គ្រង​ទឹក​ឆ្លងដែន ជា​រឿង​រសើប៖ «ការស្រុះស្រួល​មតិ​រួមគ្នា​ក្នុងការ​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​បំផុត​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន គឺ​ជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយ​ទៀត​នៃ​កិច្ចសហប្រតិបត្តិការ​របស់​យើង។ ជាការពិត កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើកទី១ ស្តីពី​កិច្ចសហប្រតិបត្តិការ​ធនធាន​ទឹក​ឡានឆាង-មេគង្គ នៅ​ប្រទេសចិន​កាលពី​ខែធ្នូ ឆ្នាំមុន បាន​ផ្តល់​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​ជលសាស្ត្រ។ លទ្ធផល​ជាក់ស្ដែង​នៃ​កិច្ច​ជ្រុំ​នេះ បាន​បន្ត​ចូលរួម​ចំណែក​ដល់​ការលើក​កម្ពស់​ការយោគយល់​ទៅវិញ​ទៅមក​ក្នុងការគ្រប់គ្រង​ធនធាន​ទឹក​នៅក្នុង​តំបន់»

ជុំវិញ​បញ្ហា​វិបត្តិទឹក​ទន្លេមេគង្គ​នេះ នាយករដ្ឋមន្ត្រីចិន លោក លី កឺឈាង (Li Keqiang) បាន​​សន្យា​ថា ចិន​នឹង​ចែករំលែក​ព័ត៌មាន​ជលសាស្ត្រ​ជាមួយ​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ រយៈពេល​ពេញ​មួយឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំក្រោយ​ទៅ។ នាយករដ្ឋមន្ត្រីចិន​រូប​នេះ មិន​បាន​លើកឡើង​ពី​រឿង​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​ទំនប់​វារីអគ្គិសនី​ដ៏​មហាសាល​របស់ខ្លួន​នោះទេ តែ​លោក​បាន​អះអាង​ថា ចិន​បាន​បង្កើន​រំហូរ​ទឹក​ចូល​មក​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ​ដើម្បី​ជួយ​សម្រាល​បញ្ហា​គ្រោះរាំងស្ងួត។ យ៉ាងណា លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​ព័ត៌មាន និង​ផែនការ​ចែក​រំលែក​ព័ត៌មាន​នេះឡើយ។

ទូកនេសាទ​របស់​ប្រជានេសាទ​ចូលចត​​​នៅ​​ច្រាំង​ទន្លេមេគង្គ​ក្បែរ​​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
ទូកនេសាទ​របស់​ប្រជានេសាទ​ចូលចត​​ក្បែរ​ច្រាំង​ទន្លេមេគង្គ​នៅ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ រូបថត៖ AP

អ្នកជំនាញ​អភិបាលកិច្ច​ទឹក លោក ហែម ឧត្តម ហៅ​ការសន្យា​របស់​មេដឹកនាំ​ចិន​នេះ ថា​ជា​ជំហាន​វិជ្ជមាន​មួយ ក៏​ប៉ុន្តែ លោកថា វាគ្រាន់តែ​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ ក្នុង​ការឈាន​ទៅ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ទឹក​ដ៏​ធ្ងន់ធ្ងរ​នេះ៖ «ការចែក​រំលែក​ព័ត៌មាន​នេះ គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​បញ្ហា​រួម​ទេ។ បញ្ហា​រួម​នេះ សួរថា នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​នេះ វា​លែង​ហូរ​ជា​ធម្មជាតិ តើ​វាមាន​ផល​ប៉ះពាល់​អីខ្លះ? ទឹក​ជា​រឿងមួយ ភក់ល្បាប់​មាន​ជីវជាតិ​ជារឿង​មួយទៀត ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន​ទាំងមូល​នៃ​អាងទន្លេ​ទាំងមូល​នេះ វា​ជា​រឿង​ធំ​ដែល​យើង​ត្រូវតែ​ជជែក​គ្នា ដូច​មាន​អ្នកជំនាញ​មួយ​ចំនួន​គាត់ថា បើសិន​ជាចង់​ជជែក​ស្មើ​មុខ​ស្មើមាត់​គ្នា​ដោយ​ស្មារតី​សាមគ្គី​មែន គួរតែ​រំលាយ​ទំនប់​ទាំងអស់ ទាំង១១ ទាំងប៉ុន្មាន​ដែល​មាន​នៅ​ខាងលើ​ចោល​សិន ចាំ​និយាយ​គ្នា»

ការស្នើ​ឲ្យ​មាន​ការជជែក​គ្នា​ជាមួយ​មហាយក្ស​ចិន​អំពី​ឫសគល់​បញ្ហា​ដោយសារតែ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ ត្រូវ​លោក អាឡិច ពន្យល់​ថា កម្ពុជា​ក៏​គួរ​តែ​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ប្រទេសចិន និង​ឡាវ​សង​សំណង​ចំពោះ​ផល​ខូចខាត​បង្កឡើង​ដោយ​វារីអគ្គិសនី​នៅ​ខ្សែ​ទឹក​ខាងលើ៖ «អ្វី​ដែល​លោក ហ៊ុន សែន គួរ​តែ​ធ្វើ​ គឺ​ទីមួយ គួរ​តែ​ចាប់ផ្តើម​ទាមទារ​សំណាង​ពី​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ឡាវ។ យើង​ឃើញ​ថា អ្នកឯង​ធ្វើ​វារីអគ្គិសនី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្ញុំ​ខូចខាត​ប៉ុណ្ណេះ​ពាន់លាន​ដុល្លារ ឬក៏​រាប់រយ​លាន​ដុល្លារ ត្រូវការ​ជម្លៀស​ប្រជាពលរដ្ឋ​អស់​លុយ​ប៉ុណ្ណា អ៊ីចឹង អ្នកឯង​ត្រូវតែ​សង​មក​ឲ្យ​ខ្ញុំវិញ ត្រូវ​តែ​សង​ដល់​រដ្ឋ ត្រូវ​តែ​សង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុងតែ​ខាត»

លោក អាឡិច បន្ត​ថា ដំណោះស្រាយ​មួយ​ទៀត គឺ​កម្ពុជា​គួរ​ជំរុញ​ឲ្យ​មាន​ការគោរព​ប្រជាធិបតេយ្យ​ពេញលេញ​នៅក្នុង​ប្រទេស​ខ្លួន​ឯងផង និង​នៅ​តាម​ប្រទេស​តាម​ខ្សែទឹក​ខាងលើ​ផង ជាពិសេស ប្រទេសចិន និង​ឡាវ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការចង់​ឃើញ​កម្ពុជា​ប្តឹងចិន​រឿង​វិបត្តិ​ទឹក​ទន្លេមេគង្គ​នេះ​បានទេ ដោយសារ​លោក​ពុំ​លើក​ទូរស័ព្ទ កាលពី​ល្ងាចថ្ងៃទី២៥ សីហា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត ឈាង វណ្ណារិទ្ធ ហៅ​ការចង់​ឲ្យ​កម្ពុជា​ប្តឹង​ចិន​រឿង​វិបត្តិ​ទឹក​នេះ ជា​រឿង​មិនអាច​ធ្វើ​ទៅ​រួច​ទេ៖ «ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​អន្តរជាតិ​មិន​អាច​ទៅ​រួច​នោះទេ។ ដូច​បញ្ហា​កូវីដ១៩នោះ ឥឡូវ​ដូចជា​រាង​ស្ងាត់​ហើយ​ការទាមទារ​ប្តឹង​ចិន​ដើម្បី​សង​អី​ជាដើម។ ដូច្នេះ បញ្ហា​មេគង្គ​នេះ ក៏​ស្រដៀងគ្នា​ដែរ យើង​មិន​អាច​ទៅ​ប្តឹង​ចិន ឬ​ក៏​ទៅ​ទាមទារ​ឲ្យ​ចិន​សង​ឬ​ក៏​ស្អីទេ ពីព្រោះ​តែ​បញ្ហា​គ្រោះ​រាំងស្ងួត​ដែល​យើង​ជួបប្រទះ​នេះ យើង​ត្រូវ​មើល​របាយការណ៍​របស់ MRC … គ្រោះ​រាំងស្ងួត​នេះ គឺ​ដោយសារ​កត្តា​ផ្សេងៗ។ វា​មិនមែន​ត្រឹម​តែ​ទំនប់​វារីអគ្គិសនីទេ»

យ៉ាងណាក៏ដោយ ទិន្នន័យ​វិទ្យាសាស្ត្រ​ពី​ផ្កាយរណប​ដោយ​​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ Eyes on Earth រក​ឃើញ​ថា ប្រទេស​ចិន​ទំនងជា​បាន​រឹតត្បិត​ ឬ​រាំងខ្ទប់​ទឹក​ពី​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ តាមរយៈ​ទំនប់​វារីអគ្គិសនី​របស់ខ្លួន។ បើទោះជា​អ្នកជំនាញ និង​សកម្មជន​បរិស្ថាន​ហាក់​មានការ​យល់ឃើញ​ផ្សេងគ្នា​ក៏​ដោយ កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់ នៅតែ​អាច​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ជាច្រើន ជាពិសេស​ការប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ឬ​យន្តការ​ក្រុមប្រឹក្សា​អង្គការ​សន្តិសុខ​សហប្រជាជាតិ ក៏​ដូចជា​ការបញ្ចុះបញ្ចូល​ឲ្យ​មាន​ការចុះ​សន្ធិសញ្ញា​ចែករំលែក​ធនធាន​ទឹក​ជាក់លាក់​រវាង​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​នេះ ដើម្បី​បញ្ចៀស​ការឈាន​ទៅ​ជា​សង្គ្រាម​ដណ្តើម​ទឹក​នាពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល