នាទី​កិច្ចការ​អន្តរជាតិ​ប្រចាំ​សប្ដាហ៍៖ សម្ភាស​លោក អ៊ិន ចាន់នី ករណី​លាង​លុយ​កខ្វក់ (ភាគ​បញ្ចប់)

ដោយ មាន ឫទ្ធិ
2019-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា (ACLEDA)
​លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា (ACLEDA)
Photo courtesy of In Channy's Facebook page

ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយកខ្វក់​ពិភពលោក ឬ​ហៅថា​ក្រុមការងារ​ចំណាត់ការ​ហិរញ្ញវត្ថុ FATF ជាថ្មី​ម្តង​ទៀត បាន​ដាក់​បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជី «​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ចំនួន ១២ នៅ​លើ​ពិភពលោក ដែល​មាន​កង្វះខាត​ជា​យុទ្ធសាស្ត្រ​ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់។ ស្ថាប័ន FATF ផ្ដល់​ហេតុផល​ថា ចំណាត់​ការ​នេះ​គឺ​ដោយសារតែ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​លាង​លុយកខ្វក់​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​ទៅ​នឹង​ការ​លាក់បាំង​ហិរញ្ញវត្ថុ​បាន​មកពី​ប្រភព​ខុសច្បាប់​នានា។ ការ​ដាក់បញ្ចូល​ជាថ្មី​ម្តង​ទៀត​នេះ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ឃ្លាំមើល​ពិសេស​ពី​សំណាក់​ស្ថាប័ន FATF។ សូម​តាមដាន​បទសម្ភាសន៍របស់​លោក មាន ឫទ្ធិ នៃវិទ្យុអាស៊ីសេរី និង​លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា (ACLEDA) ដូចតទៅ៖

មាន ឫទ្ធិ៖ ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ដែល​ថា ការ​ដាក់​ចូល​បញ្ជី «​ប្រផេះ​» នេះ គឺ​ដោយសារ​អាច​មាន​ការសង្ស័យ​ពី​រឿង​លំហូរ​វិនិយោគទុន​របស់​ក្រុមហ៊ុន​ចិន យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​លើ​វិស័យ​កាស៊ីណូ ធនាគារ អចលនទ្រព្យ អី​ជាដើម​ហ្នឹង ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ថា ខាង​កម្ពុជា​ហ្នឹង មិនបាន​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រភព​សាច់ប្រាក់​ទាំងអស់​នោះ​ទេ​។ ករណី​នេះ​អាច​ជា​ការ​លាង​លុយ​កខ្វក់ តើ​យ៉ាងម៉េច​ដែរ​បាទ?

អ៊ិន ចាន់នី​៖ មិន​ដូច្នោះ​ទេ​លោក​! លុយ ដែល​យើង​ហៅថា​រូបិយប័ណ្ណ ជា​លុយ​ដុល្លារ​អាមេរិក​ហ្នឹង ការ​ទូទាត់​មក ត្រូវតែ​ឆ្លង​ទីក្រុង​ញ៉ូវយ៉ក។ គឺ​មិន​អាច​មាន​មូលនិធិ​ណា​ដែល​ធ្វើ​ក្រៅពី​តាមរយៈ​ធនាគារ​ទេ ព្រោះ​មិន​អាច​ដឹក​លុយ​មក​តាម​ឡាន តាម​កប៉ាល់​អី​ទេ​។ គឺ​ត្រូវតែ​មក​តាម​ប្រព័ន្ធ​ធនាគារ។ អ៊ីចឹង កាលណា​មក​តាម​ប្រព័ន្ធ​ធនាគារ គឺ​ច្បាស់លាស់។ គ្មាន​នរណា​អាច​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បានទេ​។ ដូច្នេះ មិន​អាច​មាន​វិស័យ​ណា​ទេ សូម្បី​វិស័យ​អចលនទ្រព្យ ការ​ទិញដូរ​ហ្នឹង ក៏​តាម​ប្រព័ន្ធ​ធនាគារ​ដែរ ហើយ​ការ​បង្វែរ​លុយ​មក​ហ្នឹង ក៏​តាម​ប្រព័ន្ធ​ធនាគារ​ដែរ។

មាន ឫទ្ធិ៖ បើ​យើង​ពិនិត្យមើល​អំណះអំណាង​របស់​ខាង​ស្ថាប័ន FATF ហ្នឹង គាត់​បាន​លើកឡើង​ថា កម្ពុជា​យើង​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​នៅឡើយ​ទេ។ អត់​មាន​សំណុំរឿង​អី​ធំដុំ​ណាមួយ​តាម​ប្រព័ន្ធ​តុលាការ ឧទាហរណ៍ ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ ឬក៏​ការ​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​ករណី​សង្ស័យ​ថា មាន​អំពើ​លាង​លុយ​ហ្នឹង ក៏​អត់​ទាន់​មាន​ដែរ​។ តើ​កន្លងមក ខាង​វិស័យ​ឯកជន​របស់​លោក ធ្លាប់​មាន​ករណី​បង្កក​ទ្រព្យសម្បត្តិ ដែល​សង្ស័យ​ថា មានការ​កើតឡើង​ដោយសារ​រឿង​លាង​លុយកខ្វក់​នេះ​ដែរ​ឬទេ បាទ ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស​ណាមួយ របស់​ចិន​អី​ជាដើម​នោះ​បាទ?

អ៊ិន ចាន់នី៖ ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​មាន​ច្បាប់​របស់​យើង ហើយ​ធនាគារ​ឯកជន កាលណា​មាន​ប្រតិបត្តិ​ការសង្ស័យ គេ​រាយការណ៍​ទៅ​អាជ្ញាធរ FIU ឬ​អង្គភាព​សម្អាត​សាច់ប្រាក់ ដែល​ជា​អាជ្ញាធរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។ អាជ្ញាធរ​សម្អាត​សាច់ប្រាក់​នេះ ពិនិត្យមើល​ទៅតាម​លក្ខណៈ​ជាក់ស្ដែង​នៃ​ប្រភេទ​នៃ​ក្រុមហ៊ុន​នោះ​។ គេ​នឹង​ចាត់​វិធានការណ៍​។ វិធានការណ៍​មាន​ច្រើន ដូចជា​មិន​អនុញ្ញាត​ឱ្យ​បង្វែរ​សាច់ប្រាក់ មិន​អនុញ្ញាត​ឱ្យ​មូលនិធិ​ហ្នឹង​ចូល។ គឺ​មាន​វិធានការណ៍​អ៊ីចឹង​។ ប៉ុន្តែ វិធានការណ៍​របស់​តុលាការ ជា​រឿង​របស់​តុលាការ។

មាន ឫទ្ធិ៖ ក្នុងនាម​លោក​ជា​អ្នក​ជំនាញ​ខាង​វិស័យ​ធនាគារ​ឯកជន​មួយ​រូប តើ​លោក​ពិនិត្យ​ឃើញ​ជា​រួម​ទៅ តើ​កម្ពុជា​យើង​នៅ​មាន​កង្វះខាត​អ្វីខ្លះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​នេះ ពី​សំណាក់​ស្ថាប័ន​ធនាគារ​កណ្ដាល​របស់​កម្ពុជា​នោះ​បាទ?

អ៊ិន ចាន់នី៖ ធនាគារ​កណ្តាល​យើង គឺជា​អាជ្ញាធរ​ដែល​មាន​ទាំង​ធនធានមនុស្ស មាន​ទាំង​ប្រព័ន្ធ មាន​ទាំង​ច្បាប់ និង​ប្រកាស ដើម្បី​ការពារ​ឧស្សាហកម្ម​ធនាគារ​ទាំង​មូល ដែល​គ្មាន​នរណា​ម្នាក់​អាច​រំលង​ច្បាប់​ហ្នឹង​បាន​នោះ​ទេ​។ ច្បាប់​របស់​យើង​មាន​លក្ខណៈ​ជា​អន្តរជាតិ​ទៅ​ទៀត ព្រោះ​យើង​មាន​ទីប្រឹក្សា​អន្តរជាតិ តំណាង​របស់​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ប្រចាំ​ជាមួយ​គាត់​តែម្ដង​។ មិនមែន​ថា ដោយសារ​មាន​ទីប្រឹក្សា​អន្តរជាតិ ទើបបាន​គាត់​ធ្វើ​ល្អ​នោះ​ទេ​។ ការ​ធ្វើ​អាជីវកម្ម​ធនាគារ បើ​និយាយ​ពី​ធនាគារ​ឯកជន​វិញ និយាយ​ឱ្យ​ចំ សាច់ប្រាក់ ឬក៏​ហិរញ្ញវត្ថុ ដូច​ទឹក​អ៊ីចឹង ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយ ផ្សារភ្ជាប់​ជា​អន្តរជាតិ​ទៅទៀត។ រីឯ​ច្បាប់​យើង​ក៏​មាន​លក្ខណៈ​អន្តរជាតិ​ដែរ មិន​អាច​ច្បាប់​យើង​ធ្វើ​សម្រាប់​តែ​ប្រទេស​យើង​ទេ​។ ច្បាប់​យើង​មាន​លក្ខណៈ​អន្តរជាតិ បើ​យើង​មិន​មាន​ប្រព័ន្ធ​ច្បាប់​ល្អជា​អន្តរជាតិ​នោះ​ទេ យើង​មិន​អាច​នៅ​ក្នុង​បណ្ដាញ​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​ធនាគារ​យើង​ដែល​ធ្វើ​អាជីវកម្ម​អន្តរជាតិ​បានទេ។ ចំណែក​ការអនុវត្ត​ច្បាប់ ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង ឧបមា​ថា ចង់​យើង​គិត​ថា យើង​ធ្វើ​ល្មម គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ការ​រកស៊ី​អន្តរជាតិ បើ​យើង​មិន​អនុវត្ត​ឱ្យ​តឹងតែង​នោះ​ទេ យើង​មិន​អាច​ឆ្លងកាត់​ប្រតិបត្តិការ​ជា​អន្តរជាតិ​បានទេ ព្រោះ​មាន​អាជ្ញាធរ​អន្តរជាតិ មាន​ដៃគូ​អន្តរជាតិ ហើយ​ច្បាប់​របស់​យើង​មាន​លក្ខណៈ​ជា​អន្តរជាតិ​រួចហើយ..។តាម​ធម្មតា គ្រប់​ច្បាប់​នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​មាន​ចំណុច​ដែល​ត្រូវ​ធ្វើ​ការ​កែ​លម្អ​ដែរ ព្រោះ​ច្បាប់​មិនមែន​សរសេរ​មក ១០០​ឆ្នាំ មិន​មាន​ប្រែប្រួល​នោះ​ទេ​។ កាលណា​ឃើញ​មាន​កង្វះខាត គេ​ត្រូវ​ធ្វើ​ការ​កែ​លម្អ។

មាន ឫទ្ធិ៖ មួយវិញទៀត​លោក ចាន់នី បើ​យើង​ពិនិត្យមើល​ពី​ភាព​ទុកចិត្ត​លើ​ទីផ្សារ​មូលប័ត្រ ឬ​សុចរិត​ភាព​នៃ​ក្រុមហ៊ុន​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលប័ត្រ​នេះ ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ មានតែ ៥​ក្រុមហ៊ុន ឬ​ស្ថាប័ន​ទេ ដែល​បាន​ដាក់​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​មូលប័ត្រ​។ តើ​នេះ​មិន​បញ្ជាក់​ថា មាន​ការ​មិន​ទុកចិត្ត​លើ​សុចរិត​ភាព ឬ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ហ្នឹង​ទេ បានជា​មិនសូវ​សំបូរ​ក្រុមហ៊ុន​ធំៗ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​នោះ​បាទ?

អ៊ិន ចាន់នី៖ មិន​ដូច្នោះ​ទេ​លោក ដោយសារ​តាម​ធម្មតា ផ្សារ​ហ៊ុន ប្រវត្តិ​ប្រទេស​យើង​ពី​ដើម​មក គ្មាន​នោះ​ទេ​។ មិន​មាន​ផ្សារ​ហ៊ុន​ទេ គឺ​ទើប​តែ​នឹង​កើត​ទេ​។ ការ​បង្កើត​ហ្នឹង ខ្ញុំ​ចាំ​បាន​ដូចជា​ឆ្នាំ ២០១២ គឺ ៥ ទៅ ៦ ឆ្នាំ​ហើយ។ ប្រវត្តិ​ប្រទេស​ដែល​មិន​ដែល​មាន​ផ្សារ​ហ៊ុន​ហ្នឹង មាន​ប្រទេស​វៀតណាម មាន​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ហ្នឹង ប្រទេស​លាវ អី​ជាដើម​។ យើង​មើល​ប្រទេស​ថៃ ពេល​ដែល​កើត​ភ្លាម មិនមែន​កើត​ក្រុមហ៊ុន ៤ ទៅ ១០ ឬ ២០ ក្នុង​រយៈពេល ៥ ឆ្នាំ​ទេ វា​ត្រូវការ​ពេល​វេលា។ទីមួយ ច្បាប់​មាន​ហើយ​... យើង​ដឹង​ថា​អាជ្ញាធរ​ដែល​គ្រប់គ្រង​ផ្សារ​ហ៊ុន​ហ្នឹង គឺ​សុទ្ធតែ​និស្សិត ខ្មែរ​ដែល​សិក្សា​នៅ​បរទេស មាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ពី​ប្រទេស​បារាំង ពី​ប្រទេស​អាមេរិក ចម្រុះ រួម​ទាំង​សិក្សា​នៅ​ប្រទេស​កម្ពុជា​ផង ហើយ​ក្មេង។ និយាយ​ឱ្យ​ចំ ជា​ក្រុម​មួយ​ដែល​ចំពោះ​ខ្ញុំៗ​ឱ្យ​តម្លៃ​ជា​ក្រុម​មួយ​ដែល Innovative ដែល​មាន​ការចេះដឹង​ជា​អន្តរជាតិ​តែម្ដង​។ ហើយ​ច្បាប់​របស់​យើង​ល្អ​ណាស់ ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង កាលដែល​យើង​បង្កើត​ច្បាប់​ហ្នឹង គឺ​យើង​មាន​ដៃគូ​អន្តរជាតិ​របស់​យើង​។ ប្រទេស​កូរ៉េខាងត្បូង គឺ​វិនិយោគ​ចូល​ជាមួយ​យើង ដែល​គាត់​មាន​បទពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ​ដែរ ក្នុង​វិស័យ​ទីផ្សារ​មូលបត្រ។ គាត់​ចូល​ហ៊ុន​ជាមួយ​យើង​។​

មិនមែន​ថា គេ​មិន​ទុកចិត្ត​ទេ គឺ​ដោយសារ​វា​ថ្មី ហើយ​បទពិសោធន៍​ហ្នឹង​មិនមែន​តែ​យើង​នោះ​ទេ​។ ដូច​ខ្ញុំ​លើក ប្រទេស​ថៃ ខ្ញុំ​លើក​ប្រទេស​កូរ៉េខាងត្បូង យើង​មិនបាច់​ថា ប្រទេស​វៀតណាម ឬ​លាវ​ទេ​។ នៅ​ថៃ នៅ​កូរ៉េខាងត្បូង មិនមែន​កើតមក មាន​មនុស្ស​ចូលរួម ក្រុមហ៊ុន​ចូលរួម បោះផ្សាយ​ភ្លាម​នោះ​ទេ ព្រោះ​ត្រូវការ​បណ្ដុះបណ្ដាល បង្រៀន​ឱ្យ​មានការ​ស្វែងយល់​ពី​ច្បាប់ ពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​វិនិយោគ​ទៅលើ គេ​ហៅថា Equity Investment តាមរយៈ​ការទិញ​សញ្ញាប័ណ្ណ​នេះ។

ទីពីរ ការ​ផ្សព្វផ្សាយ​។ ប្រព័ន្ធ​នៃ​ការ​ផ្សព្វផ្សាយ​របស់​យើង ថ្វីត្បិតតែ​សម័យ​ឥឡូវ មាន​តាមរយៈ​មធ្យោបាយ​ច្រើន តាមរយៈ Social Media ផង តាមរយៈ​វិទ្យុ ទូរទស្សន៍​អីហ្នឹង ប៉ុន្តែ​ប្រជាជន សាធារណជន​ទូទៅ គាត់​យល់​ហើយ​ថា សព្វថ្ងៃ​គ្រាន់តែ​គាត់​តម្កល់​ប្រាក់​ក្នុង​ធនាគារ ក៏​គាត់​បានការ​ប្រាក់​ច្រើន​ដែរ។ ហើយ​ការទិញ​ហ៊ុន​នេះ គាត់​កំពុងតែ​ស្វែង​យល់​ថា​តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​គាត់។ អ៊ីចឹង​ត្រូវតែ​ធ្វើការ​អប់រំ​អតិថិជន ការ​បណ្ដុះបណ្ដាល​ឱ្យ​សាធារណជន បាន​ដឹង បាន​យល់​ជ្រាប ដើម្បី​ចូលរួម​ទិញ​ភាគហ៊ុន នៅ​ក្នុង​ក្រុមហ៊ុន​បោះផ្សាយ។ គឺ​ត្រូវ​ប្រើ​ពេល​យូរ​ដែរ​។ ខ្ញុំ​គិត​ថា ស្រុក​យើង​ដែល​មាន​រយៈពេល ៥ ឆ្នាំ ហើយ​ធ្វើ​បាន​ប៉ុណ្ណឹង គឺ​លឿន​មែនទែន​។ បើ​ប្រៀបធៀប​ជាមួយ​ប្រវត្តិ​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ថៃ គឺ​ស្រុក​យើង​លឿន​ហើយ​។ បន្តិចទៀត​នឹង​មាន​ការ​បោះ​ផ្សាយ​របស់​ក្រុមហ៊ុន​សំខាន់ នឹង​ចូល​ទៅ​ក្នុង​ផ្សារ​ហ៊ុន​នេះ​ដែរ​។ ពេលនោះ លោក​នឹង​ឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​មាន​ក្រុមហ៊ុន​ល្អ ចូល​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​? គេ​ជឿជាក់ គេ​ទុកចិត្ត ពីព្រោះ​ប្រើ​ពេល ៥ ឆ្នាំ ហើយ​ប្រជាជន អាច​ចាប់ផ្ដើម​យល់​បាន​ច្រើន​ហើយ​។ អ៊ីចឹង សំខាន់​លើ​មធ្យោបាយ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន។

មាន ឫទ្ធិ​៖ សំណួរ​ចុងក្រោយ យើង​ឃើញ​ថា មាន​អំណះអំណាង​ថា ការ​ដាក់​ចូល​ក្នុង​បញ្ជី «​ប្រផេះ​» របស់​ស្ថាប័ន FATF នេះ អាច​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ស្របច្បាប់ ឬ​អ្នក​ស្រលាញ់​សុចរិត​ភាព ដែល​បង្ហាញ​ភាព​ស្មោះត្រង់ ដូចជា​មកពី​ប្រទេស​លោក​ខាងលិច អាមេរិក ឬ​អឺរ៉ុប​អី​ជាដើម មានការ​រួញរា​ចិត្ត​ក្នុង​ការ​ទៅ​បណ្ដាក់ទុន​នៅ​ស្រុក​ខ្មែរ​យើង ដោយសារ​ឃើញ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លាង​លុយ​កខ្វក់​ជាដើម​។ ការណ៍​នេះ ក៏​អាច​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​ដែល​រកស៊ី ខុសច្បាប់​នានា មាន​ការ​ចង់​ទៅ​រកស៊ី ឬ​បណ្ដាក់ទុន​កាន់តែ​ខ្លាំង ដោយសារ​ឃើញ​ឱកាស​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឬ​ការ​ឃ្លាំមើល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ គឺ​មិនទាន់​ភាព​រលូន​នៅឡើយ​។ តើ​រឿង​នេះ​ពិត​ទេ​បាទ​?

អ៊ិន ចាន់នី៖ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា ប្រទេស​យើង មិនមែន​ជា​ប្រទេស​ដូច​ការ​គិតគូរ​... ចង់​និយាយ​ថា តាម​ធម្មតា ការ​បញ្ចេញ​ព័ត៌មាន​ទៅ​ខាង​ក្រៅ គឺ​ស្រុក​យើង​ហាក់បីដូចជា​មិន​មាន​មធ្យោបាយ​បញ្ចេញ​ឱ្យ​ច្រើន ដើម្បី​ឱ្យ​សាធារណជន បាន​យល់ ឬ​វិនិយោគិន​បាន​យល់​ទេ​...​។ វិនិយោគិន​សំខាន់ៗ ខ្ញុំ​លើក​ឧទាហរណ៍​ពី​សហរដ្ឋអាមេរិក​ចុះ ដូច​ក្រុមហ៊ុន Tiffani ក្រុមហ៊ុន​ដែល​ច្នៃ​ពេជ្រ​ធំ​របស់​សហរដ្ឋអាមេរិក គឺ​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន GE ក្រុមហ៊ុន កូកាកូឡា។ និយាយ​ឱ្យ​ចំ ក្រុមហ៊ុន​ទាំងអស់​ហ្នឹង សុទ្ធតែ​ក្រុមហ៊ុន​ដែល​គេ​ហៅថា Blue Chip Company ដែល​វិនិយោគ​នៅ​ក្នុង​ស្រុក​យើង​។ ខ្ញុំ​គិត​ថា ទាំងអស់​គ្នា គេ​ខក​ចិត្តនឹង​ឃើញ​នូវ​ព័ត៌មាន​អ៊ីចឹងៗ នៅ​ពេល​ដែល​ម្នាក់ៗ​ហ្នឹង គេ​ស្ថិត​ក្នុង​សមាគម Chamber of Commerce អន្តរជាតិ​ហ្នឹង ក៏​គេ​នៅ​ក្នុង​ហ្នឹង​។ អ៊ីចឹង​បាន​ថា ខ្ញុំ​ចង់​ថា ឱ្យ​ខាង​លោក ស្វែងយល់​ឱ្យ​ច្រើន​ថែមទៀត​អំពី​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​កម្ពុជា​នោះ​បាទ ពីព្រោះ​យើង​ត្រូវការ​រីកចម្រើន ត្រូវការ​លូតលាស់ ត្រូវការ​ដៃគូ​ជា​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល