ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ឬហៅថាក្រុមការងារចំណាត់ការហិរញ្ញវត្ថុ FATF ជាថ្មីម្តងទៀត បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសចំនួន ១២ នៅលើពិភពលោក ដែលមានកង្វះខាតជាយុទ្ធសាស្ត្រខាងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។ ស្ថាប័ន FATF ផ្ដល់ហេតុផលថា ចំណាត់ការនេះគឺដោយសារតែកម្ពុជាបានបរាជ័យក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះទៅនឹងការលាក់បាំងហិរញ្ញវត្ថុបានមកពីប្រភពខុសច្បាប់នានា។ ការដាក់បញ្ចូលជាថ្មីម្តងទៀតនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលស្ថិតក្នុងបញ្ជីនៃការឃ្លាំមើលពិសេសពីសំណាក់ស្ថាប័ន FATF។ សូមតាមដានបទសម្ភាសន៍របស់លោក មាន ឫទ្ធិ នៃវិទ្យុអាស៊ីសេរី និងលោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា (ACLEDA) ដូចតទៅ៖
មាន ឫទ្ធិ៖ ពាក់ព័ន្ធនឹងការលើកឡើងដែលថា ការដាក់ចូលបញ្ជី «ប្រផេះ» នេះ គឺដោយសារអាចមានការសង្ស័យពីរឿងលំហូរវិនិយោគទុនរបស់ក្រុមហ៊ុនចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសលើវិស័យកាស៊ីណូ ធនាគារ អចលនទ្រព្យ អីជាដើមហ្នឹង ដែលនាំឱ្យមានការសង្ស័យថា ខាងកម្ពុជាហ្នឹង មិនបានពិនិត្យមើលឱ្យបានច្បាស់លាស់ពីប្រភពសាច់ប្រាក់ទាំងអស់នោះទេ។ ករណីនេះអាចជាការលាងលុយកខ្វក់ តើយ៉ាងម៉េចដែរបាទ?
អ៊ិន ចាន់នី៖ មិនដូច្នោះទេលោក! លុយ ដែលយើងហៅថារូបិយប័ណ្ណ ជាលុយដុល្លារអាមេរិកហ្នឹង ការទូទាត់មក ត្រូវតែឆ្លងទីក្រុងញ៉ូវយ៉ក។ គឺមិនអាចមានមូលនិធិណាដែលធ្វើក្រៅពីតាមរយៈធនាគារទេ ព្រោះមិនអាចដឹកលុយមកតាមឡាន តាមកប៉ាល់អីទេ។ គឺត្រូវតែមកតាមប្រព័ន្ធធនាគារ។ អ៊ីចឹង កាលណាមកតាមប្រព័ន្ធធនាគារ គឺច្បាស់លាស់។ គ្មាននរណាអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ។ ដូច្នេះ មិនអាចមានវិស័យណាទេ សូម្បីវិស័យអចលនទ្រព្យ ការទិញដូរហ្នឹង ក៏តាមប្រព័ន្ធធនាគារដែរ ហើយការបង្វែរលុយមកហ្នឹង ក៏តាមប្រព័ន្ធធនាគារដែរ។
មាន ឫទ្ធិ៖ បើយើងពិនិត្យមើលអំណះអំណាងរបស់ខាងស្ថាប័ន FATF ហ្នឹង គាត់បានលើកឡើងថា កម្ពុជាយើងមិនទាន់បានអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់នៅឡើយទេ។ អត់មានសំណុំរឿងអីធំដុំណាមួយតាមប្រព័ន្ធតុលាការ ឧទាហរណ៍ ដូចជាការបង្កកទ្រព្យសម្បត្តិ ឬក៏ការរឹបអូសទ្រព្យសម្បត្តិ ដោយសារករណីសង្ស័យថា មានអំពើលាងលុយហ្នឹង ក៏អត់ទាន់មានដែរ។ តើកន្លងមក ខាងវិស័យឯកជនរបស់លោក ធ្លាប់មានករណីបង្កកទ្រព្យសម្បត្តិ ដែលសង្ស័យថា មានការកើតឡើងដោយសាររឿងលាងលុយកខ្វក់នេះដែរឬទេ បាទ ពីក្រុមហ៊ុនវិនិយោគបរទេសណាមួយ របស់ចិនអីជាដើមនោះបាទ?
អ៊ិន ចាន់នី៖ ខ្ញុំចង់បញ្ជាក់ថា យើងមានច្បាប់របស់យើង ហើយធនាគារឯកជន កាលណាមានប្រតិបត្តិការសង្ស័យ គេរាយការណ៍ទៅអាជ្ញាធរ FIU ឬអង្គភាពសម្អាតសាច់ប្រាក់ ដែលជាអាជ្ញាធររបស់ធនាគារជាតិនៃកម្ពុជា។ អាជ្ញាធរសម្អាតសាច់ប្រាក់នេះ ពិនិត្យមើលទៅតាមលក្ខណៈជាក់ស្ដែងនៃប្រភេទនៃក្រុមហ៊ុននោះ។ គេនឹងចាត់វិធានការណ៍។ វិធានការណ៍មានច្រើន ដូចជាមិនអនុញ្ញាតឱ្យបង្វែរសាច់ប្រាក់ មិនអនុញ្ញាតឱ្យមូលនិធិហ្នឹងចូល។ គឺមានវិធានការណ៍អ៊ីចឹង។ ប៉ុន្តែ វិធានការណ៍របស់តុលាការ ជារឿងរបស់តុលាការ។
មាន ឫទ្ធិ៖ ក្នុងនាមលោកជាអ្នកជំនាញខាងវិស័យធនាគារឯកជនមួយរូប តើលោកពិនិត្យឃើញជារួមទៅ តើកម្ពុជាយើងនៅមានកង្វះខាតអ្វីខ្លះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នេះ ពីសំណាក់ស្ថាប័នធនាគារកណ្ដាលរបស់កម្ពុជានោះបាទ?
អ៊ិន ចាន់នី៖ ធនាគារកណ្តាលយើង គឺជាអាជ្ញាធរដែលមានទាំងធនធានមនុស្ស មានទាំងប្រព័ន្ធ មានទាំងច្បាប់ និងប្រកាស ដើម្បីការពារឧស្សាហកម្មធនាគារទាំងមូល ដែលគ្មាននរណាម្នាក់អាចរំលងច្បាប់ហ្នឹងបាននោះទេ។ ច្បាប់របស់យើងមានលក្ខណៈជាអន្តរជាតិទៅទៀត ព្រោះយើងមានទីប្រឹក្សាអន្តរជាតិ តំណាងរបស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) នៅប្រចាំជាមួយគាត់តែម្ដង។ មិនមែនថា ដោយសារមានទីប្រឹក្សាអន្តរជាតិ ទើបបានគាត់ធ្វើល្អនោះទេ។ ការធ្វើអាជីវកម្មធនាគារ បើនិយាយពីធនាគារឯកជនវិញ និយាយឱ្យចំ សាច់ប្រាក់ ឬក៏ហិរញ្ញវត្ថុ ដូចទឹកអ៊ីចឹង ពីទីកន្លែងមួយទៅកន្លែងមួយ ផ្សារភ្ជាប់ជាអន្តរជាតិទៅទៀត។ រីឯច្បាប់យើងក៏មានលក្ខណៈអន្តរជាតិដែរ មិនអាចច្បាប់យើងធ្វើសម្រាប់តែប្រទេសយើងទេ។ ច្បាប់យើងមានលក្ខណៈអន្តរជាតិ បើយើងមិនមានប្រព័ន្ធច្បាប់ល្អជាអន្តរជាតិនោះទេ យើងមិនអាចនៅក្នុងបណ្ដាញសហគមន៍អន្តរជាតិដើម្បីគាំទ្រធនាគារយើងដែលធ្វើអាជីវកម្មអន្តរជាតិបានទេ។ ចំណែកការអនុវត្តច្បាប់ ដូចខ្ញុំបាននិយាយអ៊ីចឹង ឧបមាថា ចង់យើងគិតថា យើងធ្វើល្មម គឺមិនអាចទៅរួចនោះទេ ព្រោះការរកស៊ីអន្តរជាតិ បើយើងមិនអនុវត្តឱ្យតឹងតែងនោះទេ យើងមិនអាចឆ្លងកាត់ប្រតិបត្តិការជាអន្តរជាតិបានទេ ព្រោះមានអាជ្ញាធរអន្តរជាតិ មានដៃគូអន្តរជាតិ ហើយច្បាប់របស់យើងមានលក្ខណៈជាអន្តរជាតិរួចហើយ..។តាមធម្មតា គ្រប់ច្បាប់នៅប្រទេសណាក៏ដោយ ក៏មានចំណុចដែលត្រូវធ្វើការកែលម្អដែរ ព្រោះច្បាប់មិនមែនសរសេរមក ១០០ឆ្នាំ មិនមានប្រែប្រួលនោះទេ។ កាលណាឃើញមានកង្វះខាត គេត្រូវធ្វើការកែលម្អ។
មាន ឫទ្ធិ៖ មួយវិញទៀតលោក ចាន់នី បើយើងពិនិត្យមើលពីភាពទុកចិត្តលើទីផ្សារមូលប័ត្រ ឬសុចរិតភាពនៃក្រុមហ៊ុនដែលដាក់លក់នៅលើទីផ្សារមូលប័ត្រនេះ ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ មានតែ ៥ក្រុមហ៊ុន ឬស្ថាប័នទេ ដែលបានដាក់លក់ភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលប័ត្រ។ តើនេះមិនបញ្ជាក់ថា មានការមិនទុកចិត្តលើសុចរិតភាព ឬប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាហ្នឹងទេ បានជាមិនសូវសំបូរក្រុមហ៊ុនធំៗដាក់លក់នៅក្នុងទីផ្សារភាគហ៊ុននោះបាទ?
អ៊ិន ចាន់នី៖ មិនដូច្នោះទេលោក ដោយសារតាមធម្មតា ផ្សារហ៊ុន ប្រវត្តិប្រទេសយើងពីដើមមក គ្មាននោះទេ។ មិនមានផ្សារហ៊ុនទេ គឺទើបតែនឹងកើតទេ។ ការបង្កើតហ្នឹង ខ្ញុំចាំបានដូចជាឆ្នាំ ២០១២ គឺ ៥ ទៅ ៦ ឆ្នាំហើយ។ ប្រវត្តិប្រទេសដែលមិនដែលមានផ្សារហ៊ុនហ្នឹង មានប្រទេសវៀតណាម មានប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ហ្នឹង ប្រទេសលាវ អីជាដើម។ យើងមើលប្រទេសថៃ ពេលដែលកើតភ្លាម មិនមែនកើតក្រុមហ៊ុន ៤ ទៅ ១០ ឬ ២០ ក្នុងរយៈពេល ៥ ឆ្នាំទេ វាត្រូវការពេលវេលា។ទីមួយ ច្បាប់មានហើយ... យើងដឹងថាអាជ្ញាធរដែលគ្រប់គ្រងផ្សារហ៊ុនហ្នឹង គឺសុទ្ធតែនិស្សិត ខ្មែរដែលសិក្សានៅបរទេស មានសញ្ញាប័ត្រថ្នាក់បណ្ឌិតពីប្រទេសបារាំង ពីប្រទេសអាមេរិក ចម្រុះ រួមទាំងសិក្សានៅប្រទេសកម្ពុជាផង ហើយក្មេង។ និយាយឱ្យចំ ជាក្រុមមួយដែលចំពោះខ្ញុំៗឱ្យតម្លៃជាក្រុមមួយដែល Innovative ដែលមានការចេះដឹងជាអន្តរជាតិតែម្ដង។ ហើយច្បាប់របស់យើងល្អណាស់ ដូចខ្ញុំបញ្ជាក់អ៊ីចឹង កាលដែលយើងបង្កើតច្បាប់ហ្នឹង គឺយើងមានដៃគូអន្តរជាតិរបស់យើង។ ប្រទេសកូរ៉េខាងត្បូង គឺវិនិយោគចូលជាមួយយើង ដែលគាត់មានបទពិសោធន៍យូរឆ្នាំមកហើយដែរ ក្នុងវិស័យទីផ្សារមូលបត្រ។ គាត់ចូលហ៊ុនជាមួយយើង។
មិនមែនថា គេមិនទុកចិត្តទេ គឺដោយសារវាថ្មី ហើយបទពិសោធន៍ហ្នឹងមិនមែនតែយើងនោះទេ។ ដូចខ្ញុំលើក ប្រទេសថៃ ខ្ញុំលើកប្រទេសកូរ៉េខាងត្បូង យើងមិនបាច់ថា ប្រទេសវៀតណាម ឬលាវទេ។ នៅថៃ នៅកូរ៉េខាងត្បូង មិនមែនកើតមក មានមនុស្សចូលរួម ក្រុមហ៊ុនចូលរួម បោះផ្សាយភ្លាមនោះទេ ព្រោះត្រូវការបណ្ដុះបណ្ដាល បង្រៀនឱ្យមានការស្វែងយល់ពីច្បាប់ ពីអត្ថប្រយោជន៍នៃការធ្វើវិនិយោគទៅលើ គេហៅថា Equity Investment តាមរយៈការទិញសញ្ញាប័ណ្ណនេះ។
ទីពីរ ការផ្សព្វផ្សាយ។ ប្រព័ន្ធនៃការផ្សព្វផ្សាយរបស់យើង ថ្វីត្បិតតែសម័យឥឡូវ មានតាមរយៈមធ្យោបាយច្រើន តាមរយៈ Social Media ផង តាមរយៈវិទ្យុ ទូរទស្សន៍អីហ្នឹង ប៉ុន្តែប្រជាជន សាធារណជនទូទៅ គាត់យល់ហើយថា សព្វថ្ងៃគ្រាន់តែគាត់តម្កល់ប្រាក់ក្នុងធនាគារ ក៏គាត់បានការប្រាក់ច្រើនដែរ។ ហើយការទិញហ៊ុននេះ គាត់កំពុងតែស្វែងយល់ថាតើមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់គាត់។ អ៊ីចឹងត្រូវតែធ្វើការអប់រំអតិថិជន ការបណ្ដុះបណ្ដាលឱ្យសាធារណជន បានដឹង បានយល់ជ្រាប ដើម្បីចូលរួមទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុនបោះផ្សាយ។ គឺត្រូវប្រើពេលយូរដែរ។ ខ្ញុំគិតថា ស្រុកយើងដែលមានរយៈពេល ៥ ឆ្នាំ ហើយធ្វើបានប៉ុណ្ណឹង គឺលឿនមែនទែន។ បើប្រៀបធៀបជាមួយប្រវត្តិប្រទេសកូរ៉េខាងត្បូង ប្រទេសថៃ គឺស្រុកយើងលឿនហើយ។ បន្តិចទៀតនឹងមានការបោះផ្សាយរបស់ក្រុមហ៊ុនសំខាន់ នឹងចូលទៅក្នុងផ្សារហ៊ុននេះដែរ។ ពេលនោះ លោកនឹងឆ្ងល់ថាតើហេតុអ្វីបានជាមានក្រុមហ៊ុនល្អ ចូលក្នុងទីផ្សារមូលបត្រនេះ? គេជឿជាក់ គេទុកចិត្ត ពីព្រោះប្រើពេល ៥ ឆ្នាំ ហើយប្រជាជន អាចចាប់ផ្ដើមយល់បានច្រើនហើយ។ អ៊ីចឹង សំខាន់លើមធ្យោបាយផ្តល់ព័ត៌មានដល់សាធារណជន។
មាន ឫទ្ធិ៖ សំណួរចុងក្រោយ យើងឃើញថា មានអំណះអំណាងថា ការដាក់ចូលក្នុងបញ្ជី «ប្រផេះ» របស់ស្ថាប័ន FATF នេះ អាចធ្វើឱ្យអ្នកវិនិយោគស្របច្បាប់ ឬអ្នកស្រលាញ់សុចរិតភាព ដែលបង្ហាញភាពស្មោះត្រង់ ដូចជាមកពីប្រទេសលោកខាងលិច អាមេរិក ឬអឺរ៉ុបអីជាដើម មានការរួញរាចិត្តក្នុងការទៅបណ្ដាក់ទុននៅស្រុកខ្មែរយើង ដោយសារឃើញមានហានិភ័យខ្ពស់នៃការលាងលុយកខ្វក់ជាដើម។ ការណ៍នេះ ក៏អាចបណ្ដាលឱ្យក្រុមហ៊ុនដែលរកស៊ី ខុសច្បាប់នានា មានការចង់ទៅរកស៊ី ឬបណ្ដាក់ទុនកាន់តែខ្លាំង ដោយសារឃើញឱកាសនៃប្រព័ន្ធហិរញ្ញវត្ថុ ឬការឃ្លាំមើលការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ គឺមិនទាន់ភាពរលូននៅឡើយ។ តើរឿងនេះពិតទេបាទ?
អ៊ិន ចាន់នី៖ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ប្រទេសយើង មិនមែនជាប្រទេសដូចការគិតគូរ... ចង់និយាយថា តាមធម្មតា ការបញ្ចេញព័ត៌មានទៅខាងក្រៅ គឺស្រុកយើងហាក់បីដូចជាមិនមានមធ្យោបាយបញ្ចេញឱ្យច្រើន ដើម្បីឱ្យសាធារណជន បានយល់ ឬវិនិយោគិនបានយល់ទេ...។ វិនិយោគិនសំខាន់ៗ ខ្ញុំលើកឧទាហរណ៍ពីសហរដ្ឋអាមេរិកចុះ ដូចក្រុមហ៊ុន Tiffani ក្រុមហ៊ុនដែលច្នៃពេជ្រធំរបស់សហរដ្ឋអាមេរិក គឺកំពុងតែវិនិយោគនៅកម្ពុជា ក្រុមហ៊ុន GE ក្រុមហ៊ុន កូកាកូឡា។ និយាយឱ្យចំ ក្រុមហ៊ុនទាំងអស់ហ្នឹង សុទ្ធតែក្រុមហ៊ុនដែលគេហៅថា Blue Chip Company ដែលវិនិយោគនៅក្នុងស្រុកយើង។ ខ្ញុំគិតថា ទាំងអស់គ្នា គេខកចិត្តនឹងឃើញនូវព័ត៌មានអ៊ីចឹងៗ នៅពេលដែលម្នាក់ៗហ្នឹង គេស្ថិតក្នុងសមាគម Chamber of Commerce អន្តរជាតិហ្នឹង ក៏គេនៅក្នុងហ្នឹង។ អ៊ីចឹងបានថា ខ្ញុំចង់ថា ឱ្យខាងលោក ស្វែងយល់ឱ្យច្រើនថែមទៀតអំពីអ្វីដែលកើតឡើងនៅក្នុងកម្ពុជានោះបាទ ពីព្រោះយើងត្រូវការរីកចម្រើន ត្រូវការលូតលាស់ ត្រូវការដៃគូជាអន្តរជាតិ៕
