សហព័ន្ធខ្មែរក្រោមសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ដើម្បីជំរុញវៀតណាមឱ្យផ្ដល់ដីទៅពលរដ្ឋខ្មែរក្រោមវិញ
2020.05.19

ពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីស្រែចម្ការ ប្រមាណ បីពាន់ហិកតារ ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ បានដាក់លិខិតតវ៉ា ទៅនាយករដ្ឋមន្ត្រីវៀតណាម ស្នើសុំឲ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេជាបន្ទាន់ ដើម្បីពួកគេអាចធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ សំណើនេះ ធ្វើឡើងស្របពេល សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំក្រសួងការបរទេសអាមេរិក ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយបញ្ហាដីធ្លី ដែលវៀតណាមបានរឹបអូស ជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមកំណើតវិញ។
តំណាងពលរដ្ឋខ្មែរក្រោម បានដាក់ញាតិទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យដោះស្រាយជម្លោះដីធ្លី ដើម្បីផ្ដល់ដីស្រែចម្ការដល់ពលរដ្ឋខ្មែរក្រោមវិញ ឲ្យបានឆាប់រហ័សទីបំផុត ពីព្រោះពលរដ្ឋខ្មែរក្រោម អាចរស់រានមានជីវិត គឺអាស្រ័យដីស្រែ។ តំណាងពលរដ្ឋខ្មែរក្រោម លោក ទៀន ស៊ីម បញ្ជាក់ក្នុងលិខិតចុះថ្ងៃទី១០ ឧសភាថា លោកតំណាងឲ្យពលរដ្ឋមកពី ១៤៥គ្រួសារ មានពលរដ្ឋប្រមាណ ៨០០នាក់ ជាជនរងគ្រោះនៃការបង្ខំបណ្ដេញដោយប្រើប្រាស់អំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ។
លោក ទៀន ស៊ីម បានសរសេរក្នុងញាតិនោះថា ពលរដ្ឋខ្មែរក្រោម បានចូលទៅកាប់ឆ្ការដី ដែលវៀតណាមរឹបអូសនោះ តាំងពីឆ្នាំ១៩៨២ ជាដីដូនតារបស់ខ្មែរក្រោម ធ្លាប់ធ្វើស្រែ ប៉ុន្តែពលរដ្ឋខ្មែរក្រោមបាន ផ្អាកធ្វើស្រែដោយសារតែដីនោះ ត្រូវទឹកលិច រយៈពេលបីឆ្នាំជាប់ៗ គ្នា។ លោកបន្តថា ពេលទឹកស្រក ពលរដ្ឋខ្មែរក្រោម បានប្រើប្រាស់ដីនោះ រហូតដល់កាលពីដើមខែឧសភានេះ ទើបវៀតណាមប្រើប្រាស់ កម្លាំងប្រដាប់អាវុធ ទៅរឹបអូសយកដីពីពលរដ្ឋខ្មែរក្រោមតែម្តង។ កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមរួមមាន៖ ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធជាច្រើននាក់បានចុះទៅហាមឃាត់ និងរឹបអូសយកដីពលរដ្ឋ ដែលស្ថិតក្នុងភូមិប៉ប្រក់ ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត កៀង ញ៉ាង (Kien Giang)។ ប៉ុន្តែពលរដ្ឋបានជំទាស់ រហូតអាជ្ញាធរ វៀតណាមបង្កអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់ រងបួសធ្ងន់និងស្រាល។
តំណាងពលរដ្ឋខ្មែរក្រោមម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់អាស៊ីសេរី ឲ្យដឹងថា ប្រសិនបើពលរដ្ឋខ្មែរក្រោម បាត់បង់ដីស្រែចម្ការ ពួកគេនឹងបង្ខំចិត្តដើរស៊ីឈ្នួលឲ្យការងារឲ្យគេដើម្បីចិញ្ចឹម៖ «ក្នុងគ្រួសារខ្ញុំមានកូនដល់ ៦នាក់ ហើយមានដីតែមួយហិកតារ។ យើងរស់ម្ដេចកើត យើងជាជនជាតិខ្មែរ យើងរកស៊ីតែប៉ុណ្ណឹងហើយ អត់មានជួញដូរអីទេ»។
លោកបន្តថា ពលរដ្ឋខ្មែរក្រោមនឹងបន្តស្វែងរក កិច្ចអន្តរាគមន៍ពីមជ្ឈដ្ឋានផ្សេងៗ ដើម្បីទទួលបានដីមកវិញ។ លោកថា ពលរដ្ឋខ្មែរក្រោម នឹងនាំគ្នាទៅធ្វើស្រែ លើដីដែលវៀតណាម អាចរឹបអូសជាថ្មីទៀត ប្រសិនបើគ្មានដំណោះស្រាយពីអាជ្ញាធរវៀតណាម៖ «យើងចង់ទាមទារឲ្យបាន ប៉ុន្តែយើងមិនដឹងថា យើងបានក៏អត់? ខ្លួនខ្ញុំ ខ្ញុំប្ដូរផ្ដាច់ ខ្ញុំបូជាជីវិត»។
ស្របពេលដែលខ្មែរក្រោមនៅវៀតណាម កំពុងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយបញ្ហាដីធ្លីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសអាមេរិក ឲ្យជំរុញឲ្យវៀតណាមផ្តល់ដីឲ្យខ្មែរក្រោមវិញ។ ក្នុងលិខិតទៅ មន្រ្តីផ្នែក ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃ ការិល័យកិច្ចការ អាស៊ីខាងកើត និងប៉ាស៊ីហ្វិច អ្នកស្រី សេនត្រា ឌូផុយ (Sandra Dupuy) កាលពីថ្ងៃទី ១១ ឧសភា បញ្ជាក់ថា សហព័ន្ធស្នើសុំជំនួយ ពីសហរដ្ឋអាមេរិក ជុំវិញការំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម។ លិខិតស្នើឲ្យអាមេរិក និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ត្រូវជួយគាបសង្កត់អាជ្ញាធរកុម្មុយនីសវៀតណាមដើម្បីផ្តល់ដីខ្មែរដល់ពលរដ្ឋខ្មែរក្រោមវិញ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា សហព័ន្ធខ្មែរក្រោម ក៏គ្រោងនឹងធ្វើលិខិតសុំអន្តរាគមន៍ទៅអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឲ្យអន្តរាគមន៍ករណីរំលោភយកដីធ្លីពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ។ ព្រះអង្គមានថេរដីកាបន្តថា ខ្មែរក្រោមរស់រានមានជីវិត អាស្រ័យទៅលើដីស្រែចំការ ដូច្នោះការណ៍ដែលអាជ្ញាធរវៀតណាមរឹបអូសដីស្រែពីពួកគេ គឺស្មើនឹងសម្លាប់ពួកគេដូច្នោះ៖ «ពលរដ្ឋខ្មែរក្រោម ភាគច្រើនរស់អាស្រ័យលើដីស្រែចំការ។ ប្រសិនបើអាជ្ញាធរយួនមិនសងដីធ្លីទេ ពលរដ្ឋខ្មែរក្រោមនឹងជួបទុក្ខលំបាក»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា បារម្ភថា ការរំលោភយកដីខ្មែរក្រោមនេះ ជាយុទ្ធសាស្រ្ត របស់វៀតណាម ដើម្បីបន្តឈ្លានពាន យកដីពីពលរដ្ឋខ្មែរក្រោម ពីព្រោះវៀតណាម កាលពីឆ្នាំ១៩៧៥ធ្លាប់យកដីពីពលរដ្ឋខ្មែរក្រោម នៅខេត្តម៉ាត់ជ្រូក។ កាលពីនោះ វៀតណាម បោកប្រាសឲ្យខ្មែរក្រោមបោះបង់ដីធ្លី ទៅរស់នៅកន្លែងផ្សេង ដោយអាជ្ញាធរវៀតណាមកុហកថា ទាហានខ្មែរក្រហម អាចចូលដល់តំបន់ដែលខ្មែរក្រោម រស់នៅ ប៉ុន្តែក្រោយពេលចប់សង្គ្រាម វៀតណាមបានយកដីខ្មែរក្រោម ទៅចែកឲ្យពលរដ្ឋវៀតណាមទាំងអស់។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California)មានថេរដីកាបន្តទៀតថា ទោះបីសហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើសុំឲ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិក៏ដោយ ប៉ុន្តែក្តីសង្ឃឹមថា វៀតណាមនឹងដោះស្រាយឲ្យពលរដ្ឋខ្មែរក្រោម គឺមានតិចតួចបំផុត៖ «សហព័ន្ធខ្មែរក្រោម អត់សង្ឃឹមថា អាជ្ញាធរយួននឹងដោះស្រាយដោយយុត្តិធម៌ ឬសងសំណងដល់ខ្មែរក្រោមសមរម្យទេ»។
ព្រះអង្គបន្តថា កន្លងមកយ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរក្រោម ត្រូវវៀតណាមជាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានតវ៉ារឿងជម្លោះដីធ្លី។ ទាក់ទងទៅនឹងការរំលោភដីធ្លីពលរដ្ឋខ្មែរក្រោមនេះ មន្ត្រីជាន់ខ្ពស់អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ប្រាប់អាស៊ីសេរីថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្ត វៀតណាមជាអ្នកគ្រប់គ្រងដីទាំងស្រុង នៅក្នុងប្រទេសនេះហើយ ទើបបានបណ្ដាលឲ្យមានវិបត្តិដីធ្លី កើតឡើងយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។ អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់សំគាល់ថា រដ្ឋាភិបាលវៀតណាម តែងតែប្រើប្រាស់ អំណាចជាម្ចាស់កម្មសិទ្ធិដីនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅទឹកដីកម្ពុជាក្រោម ចំនួន ២១ខេត្ត មានជាង ៨លាននាក់។ ពលរដ្ឋខ្មែរក្រោម ភាគច្រើនជាកសិករ ដែលពឹងផ្អែកលើដីស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។