តើឌុច បានទទួលស្គាល់អ្វីខ្លះ ពីការរំលោភផ្លូវភេទស្រ្តីក្នុងគុកទួលស្លែង?
2020.09.03
អ្នកសិក្សាពីរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមជាច្រើនបានរកឃើញថាក្រៅពីការធ្វើទារុណកម្ម ការកាប់សម្លាប់មនុស្ស ក្នុងរបបនេះក៏កើតមានអំពើរំលោភផ្លូវភេទស្រ្តីរាប់ករណីមិនអស់។ សាក្សីជាច្រើនដែលនៅរស់រានចេញពីរបបនេះបានលើកឡើងថាគេបានដឹងបានឮពីពីការរំលោភសេពសន្ទវៈ និងការធ្វើទារុណកម្មផ្លូវភេទធ្ងន់ធ្ងរលើស្រ្តី។ ស្រ្តីជាច្រើនត្រូវគេរំលោភផ្លូវភេទមុនពេលគេសម្លាប់ ឬហៅថាកំទេច ស្រ្តីជាច្រើនទៀតត្រូវរំលោភបំពានក្នុងពេលជាប់គុក ពេលសួរចម្លើយ និងនៅទីកន្លែងផ្សេងទៀត។
ចំពោះមន្ទីរសន្តិសុខស-២១ នៅក្រោមការគ្រប់គ្រងរបស់ លោក កាំង ហ្គេកអ៊ាវ ហៅឌុចវិញ តើអំពើរំលោភផ្លូវភេទកើតមាន ដែរឬទេ? តើ ឌុច ដែលបានសារភាពទទួលកុំហុសរបស់ខ្លួនក្នុងសំណុំរឿង០០១វគ្គមួយនោះ ទទួលស្គាល់អ្វីខ្លះពីការរំលោភផ្លូវភេទស្រ្តីក្នុងគុក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់?
សាក្សីមួយចំនួនលើកឡើងថាមានករណីរំលោភផ្លូវភេទជាច្រើនបានកើតឡើងក្នុងមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង នេះបើតាមការផ្ដល់សក្ខីកម្មរបស់អ្នកធ្លាប់ជាប់ឃុំ និងអតីតអ្នកធ្វើការនៅមន្ទីរនេះ នៅចំពោះមុខចៅក្រមនៃសាលាក្ដីខ្មែរក្រហម កាលពីខែមិថុនាឆ្នាំ២០១៦ក្នុងសំណុំរឿង០០២/២។
លោក កាំង ហ្គេចអ៊ាវ ហៅឌុច ដែលត្រូវតុលាការហៅអោយទៅផ្ដល់សាក្ខីកម្មនៅពេលនោះ បដិសេធចោលការចោទប្រកាន់ ដោយអះអាងថាលោកមិនដឹងពីរឿងរំលោភផ្លូវភេទកើតឡើងច្រើនទេ គឺគាត់ដឹងថាមានតែមួយករណីប៉ុណ្ណោះ។ លោកថាអ្នកដែលប្រព្រឹត្តជាអ្នកសួរចម្លើយ តែលោកនៅតែប្រកាន់ថានេះជាកំហុសវិន័យក្នុងការសួររចម្លើយ។ ករណីដែលលើកឡើងក្រៅពីនេះត្រូវលោកចាត់ទុកថាប្រឌិត៖ «បទរំលោភខាងផ្លូវភេទ ព្រះរាជអាជ្ញា ជា លាង បាននិយាយនៅក្នុងពេលសារុបថា រកឃើញតែមួយករណីគត់ គឺករណីក្មេងម្នាក់ ដែលវាធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកគ្រូខ្ញុំ ដោយយកដុំឈឺ ឬក៏ស្អីទេទៅរុក។ រឿងហ្នឹងហើយដែលខ្ញុំឈឺចាប់អស់មួយជីវិត។ សូមបញ្ជាក់ថារឿងនេះអត់មានភស្ដុតាងអីនៅសល់ទេ ដោយសារខ្ញុំឈឺចាប់ពេកខ្ញុំនិយាយរឿងនេះតាំងពីជួប នីក ដាន់ឡុប(Nic Dunlop) និងណេត ស្សេយឺ (Nate Thayer)នៅរវាងខែ៤ឆ្នាំ១៩៩៩។ ឯកសារនៅស-២១អត់មានសល់រឿងនេះទេ ដូច្នេះគឺខ្ញុំឈឺចាប់ខ្ញុំនិយាយ ឯចំណែករឿងផ្សេងទៀតដែលលេចឡើងសុទ្ធតែជារឿងប្រឌិត នេះខ្ញុំសូមបញ្ជាក់អ៊ីញ្ចឹង ហើយអ្នកគ្រូខ្ញុំហ្នឹងគាត់ឈ្មោះ ឌឹម សារឿន។»
ក្នុងឯកសារកត់ត្រាពីចម្លើយរបស់សាក្សីមួយចំនួនបាននិយាយដល់ការរំលោភផ្លូវភេទ ដែលខុសគ្នាពីអ្វីដែលឌុចបានទទួលស្គាល់។ សាក្សីឈ្មោះ ហ៊ឹម ហ៊ុយ ដែលជាអតីតអ្នកសួរចម្លើយនៅមន្ទីរស-២១ អះអាងថាមានករណីរំលោភកើតឡើងដោយអ្នកយាមប្រព្រឹត្តទៅលើអ្នកទោសជាស្រ្តី។ ចំណែកសាក្សី លោក ប្រាក់ ខន ជាអតីតអ្នកសួរចម្លើយដែរលើកឡើងពីករណីមួយទៀតថា មានអ្នកយាមឈ្មោះ ទូច បានរំលោភអ្នកទោសស្រ្តី ហើយក្រោយមកនៅមន្ទីរស-២១របស់លោក ឌុច នេះបានប្ដូរវិន័យថ្មី ដោយតម្រូវអោយអ្នកសួរចម្លើយត្រូវបើកទ្វារចំហរនៅពេលសួរអ្នកទោសជាស្រ្តី។ ចំណែកអ្នកយាមឈ្មោះ ទូច ក៏ត្រូវចាប់ខ្លួនពីបទខុសសីលធម៌។ ចំណែកសាក្សី ឈ្មោះ ឡាច មៀន ដែលជាអតីតអ្នកយាម ជារដ្ឋបាល និងជាអ្នកសួរចម្លើយផងក៏បានលើកឡើងពីការរំលោភផ្លូវភេទនៅក្នុងពេលនាំអ្នកទោសស្រ្តីទៅសួរចម្លើយដែរ ប្រព្រឹត្តដោយអ្នកសួរចម្លើយ និងឆ្មាំគុក។
ជាមួយគ្នានេះដែរ នៅក្នុងឯកសារ ដែលចងក្រងដោយអ្នកស្រាវជ្រាវឈ្មោះ ដួង សាវន ដែលដាក់ចំណងជើងថា អាថ៌កំបាំងនៃហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម ដែលបោះពុម្ភកាលពីខែមិថុនា ឆ្នាំ២០១១ បានកត់ត្រាពីការរំលោភផ្លូវភេទលើស្រ្តីជាអ្នកទោស។ លោកស្រី ណាំ ម៉ុន ជាអតីតអ្នកទោសនៅគុកទួលស្លែងរៀបរាប់ថាអ្នកស្រីធ្លាប់ជាអ្នកចែកថ្នាំនៅទីនោះ ហើយក្រោយមកក៏ក្លាយជាអ្នកទោសនៅទីនោះ បន្ទាប់ពីឳពុក ម្តាយ និងបងប្រុសត្រូវចាប់ និងសម្លាប់នៅគុកនេះ។ លោកស្រីថាអ្នកស្រីត្រូវរំលោភទាំងជើងទាំងគូជាប់ខ្នោះក្នុងបន្ទប់ឃុំឃាំង ប្រព្រឹត្តដោយអ្នកធ្វើការនៅគុកនោះ តែលោកស្រី មិនចាំឈ្មោះ ដឹងត្រឹមថាគឺជាមនុស្សជំនិតនឹង លោក ឌុច។
បើទោះជាយ៉ាងណាលោកឌុចបានបដិសេធការអះអាងរបស់សាក្សីដោយបានអះអាងថាមិនមានអ្នកណាម្នាក់ហ៊ានប្រព្រឹត្តអំពើនេះនៅក្នុងមន្ទីរស-២១នោះទេលោកថាសម័យខ្មែរក្រហមមិនជាស្រួលប៉ុន្មានទេ គឺកំបុតកឥឡូវហ្នឹង។ ជាមួយគ្នានេះឌុចបានបដិសេធសក្ខីកម្មរបស់សាក្សីឈ្មោះ ប្រាក់ ខន និងថាឈ្មោះ ឡាច មៀនថាជា ឡាច មៀន សិប្បនិមិត្តមិនមែនជាអ្នកធ្លាប់ជាកូនចៅលោកទេ។
ចំណែកអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅ សំឡេងចេញពីស-២១ គឺ លោក David Chandler ទទួលស្គាល់ថាមានអំពើរំលោភផ្លូវភេទទៅលើស្រ្តីកើតឡើងមែននៅក្នុងមន្ទីរស-២១ ប៉ុន្តែពុំមានភស្ដុតាងដែលបញ្ជាក់ថា មានការគាំទ្រអោយមានអំពើនោះជាចំហរឡើយ ហើយលោកថា ឌុចបានបញ្ឈប់មិនអោយមានករណីរំលោភបំពានលើស្រ្តីតទៅទៀតដែរ។ តែលោកកត់សម្គាល់ថាអ្នកទោសស្រ្តីជនជាតិវៀតណាមជាក្រុមងាយរងគ្រោះបំផុតនៅមន្ទីរស-២១នេះ។
ឯកសារស្ដីពីអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហមផ្សព្វផ្សាយដោយអង្គការចិត្ត សង្គម អន្តរវប្បធម៌កម្ពុជា ហៅកាត់ថា (PTO) អោយដឹងថា ការរំលោភសេពសន្ថវៈ ដោយបុគ្គលតែម្នាក់ ឬរួមគ្នាមុនពេលកាប់សម្លាប់គឺជាអំពើហិង្សាផ្នែកយេនឌ័រ ដែលកើតគ្រប់ទីកន្លែងក្នុងរបបខ្មែរក្រហម បន្ថែមពីនោះក៏មានការកាត់ប្រដាប់ភេទ ការធ្វើអោយអាម៉ាស់ផ្នែកផ្លូវភេទ និងការបង្ខំអោយរៀបការ ថែមទៀត។ ប្រភពដដែលអោយដឹងទៀតថាប្រភេទនៃអំពើហិង្សាទាំងនេះនៅតែក្នុងអាថ៌កំបាំងមិនត្រូវបានយកមកនិយាយ លើកលែងតែការរៀបការដោយបង្ខំ ដែលត្រូវគេនិយាយចេញជាទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។