លោកសាស្ត្រាចារ្យផ្នែកអក្សរសាស្រ្ត កេង វ៉ាន់សាក់ បានធ្វើការបកស្រាយជុំវិញន័យរបស់ពាក្យពីរម៉ាត់នេះ តាមរយៈការសាកសួររបស់លោក កឹម សុស ដែលមានសេចក្តីដូចតទៅ។
កឹម សុស ៖ ប៉ុន្តែថៃហ្នឹង ចុះមកនៅ យើងហៅថាមហានគរខ្មែរហ្នឹង នៅសតវត្សរ៍ទីប៉ុន្មាន?
កេង វ៉ាន់សាក់ ៖ និយាយពីឮសូរនិយាយឈ្មោះថៃអីហ្នឹង គឺមកដល់ពាក់កណ្ដាលសតវត្សរ៍ទី៨ ទៅហើយ។ ពីមុនហ្នឹងគឺក្នុងឯកសារប្រវត្តិសាស្រ្ដមិនដែលមានទេ។ ឥឡូវឆ្លើយនឹងលោកថា ខ្ញុំអម្បាញ់មិញថា ធ្លាប់បានដឹងរៀនមកហ្នឹងថា ពួកថៃហ្នឹងនៅស្រុកចិនខាងត្បូងនោះ នេះជាការពិតមែនហើយ ហ្នឹងអ្នកប្រាជ្ញគេសន្មត់មើលទៅថា ប្រហែលជាជាង ១ពាន់ឆ្នាំ មុនគ្រិស្ដសករាជ ពួកថៃនៅស្រុកចិនហ្នឹង។ វានៅជាពីរពួក ពួកម្ខាងនៅក្វាង ដូចស្រុកចិន ក្វាងទុង ក្វាងស៊ីអីៗហ្នឹង ហើយនិងមួយពួកទៀត រាយនៅម្ដុំយូណាន់។
ឯពួកនៅខាងក្វាងនោះ បន្តិចម្ដងៗ វារលាយទៅជាចិន។ ចិនមានភាគច្រើនជាង ស្រូបយកពួកថៃហ្នឹងអស់ ឲ្យទៅជាចិនទៅ។ ចំណែកឯនៅខាងយូណាន់វិញ ភ្នំខ្ពស់ៗច្រើន ជាព្រៃ ម្ល៉ោះហើយពួកថៃនៅយូណាន់ហ្នឹង មិនចូលរលាយទៅជាចិនទេ ហើយរក្សាទុកនូវជាតិកំណើត នូវទំនៀមទម្លាប់ នូវភាសាពាក្យសម្ដីអីរបស់ខ្លួន។
ពេលហ្នុងបានបង្កើតនគរមួយហ្នឹង ឈ្មោះថា ណាន់ចាវ ហ្នឹង... គឺរាជាណាចក្រនៃក្សត្រនៅខាងត្បូង អាហ្នឹងគឺន័យចំពោះចិន នៅខាងជើង ពួកហ្នឹងគេនៅខាងក្រោម។
ប៉ុន្តែទោះជាធ្វើនគរឯករាជអីរបស់ខ្លួនក៏ដោយ ក៏នៅជាអ្នកទទួលអំណាចស្ដេចក្រុងចិនហ្នឹងដែរ ហើយត្រង់ហ្នឹងមួយ ខ្ញុំដូចវាអស្ចារ្យណាស់ មើលហើយមើលទៀត គ្រប់ទាំងអស់។ ស្រុកទាំងអស់ នគរទាំងអស់ រដ្ឋទាំងអស់ហ្នឹង នៅខាងត្បូងស្រុកចិនហ្នឹង ចុះមករហូតទៅដល់ភូមា ហើយនិងឥណ្ឌូចិនយើងហ្នឹង ទាំងពីយៀកណាម ទាំងពីចម្ប៉ារ រហូតដល់យ៉ាវ៉ាហ្នឹងទៀត គឺថា មានស្ដេចសោយរាជឡើង គឺទទួលអំណាចស្ដេចក្រុងចិនហ្នឹង បញ្ជូនទូត សួយសារអាករយកទៅថ្វាយស្ដេចក្រុងចិនហ្នឹងជាដរាប ឲ្យស្ដេចក្រុងចិនហ្នឹងគេទទួលស្គាល់។ ហាក់ដូចជាប្រទេសចិនហ្នឹងជាមហាអំណាច ដូចអង្គការសហប្រជាជាតិ យើងចង់រស់នៅបាន មានឈ្មោះពេញលេញផ្លូវច្បាប់ ទាល់តែឲ្យស្ដេចក្រុងចិនគេទទួលស្គាល់សិន។
កឹម សុស ៖ កាលខ្ញុំនៅក្មេង ឮសូរស្ដេចក្រុងចិនហ្នឹង ចាស់ៗឧស្សាហ៍និយាយណាស់ ពីរឿងស្ដេចក្រុងចិនហ្នឹង។
កេង វ៉ាន់សាក់ ៖ បាទ។ ដូច្នេះអ្នកណាចង់ធ្វើអី ចលនាបង្កបង្កើតជាកូនរាជាណាចក្រអីណាមួយ គឺភ្លាមឡើង បញ្ជូនទូត សួយសារអាករទៅថ្វាយស្ដេចក្រុងចិនហើយ គឺនៅល្វោបូរីហ្នឹង។
កឹម សុស ៖ ឥឡូវត្រឡប់ទៅថៃវិញ ចេញពីណា...ចេញពីណាន់ចាវហ្នឹងឬ?
កេង វ៉ាន់សាក់ ៖ ណាន់ចាវហ្នឹង គឺចេញពីដែលទ័ពម៉ុងហ្គោលវ៉ៃយកស្រុកចិនបានហើយ ហើយចៅរបស់[ស្ដេច] ហ្សង់ហ្ស៊ិសខាន់ គឺ គូប៊ីឡាយខាន់ ហ្នឹង មកសោយរាជ្យទៅជាមហារាជ្យធំនៅប៉េកាំងហ្នឹង ហើយបានពួកម៉ុងហ្គោលកម្ទេចបំបាត់ចោលនគរណាន់ចាវហ្នឹងទៅ។
កឹម សុស ៖ អាហ្នឹងនៅសតវត្សរ៍ទីប៉ុន្មាន លោកគ្រូ? កេវ វ៉ាន់សាក់ ៖ សតវត្សរ៍ចិនម៉ុងហ្គោលមកហ្នឹង គឺសតវត្សរ៍ ១៣ទៅហើយ។
កឹម សុស ៖ បាទ ១៣ ខ្ញុំឃើញក្នុងសៀវភៅនេះ គូប៊ីឡាយខាន់ ...?
កេវ វ៉ាន់សាក់ ៖ គូប៊ីឡាយខាន់ ជាចៅរបស់ ហ្សង់ហ្ស៊ិសខាន់ ធំជាងគេបង្អស់ វ៉ៃឈ្នះ ត្រួតមួយអឺរ៉ុប អាស៊ីហ្នឹង គឺគាត់ផ្សេងនៅខាងលើ មិនដែលមកដល់ហ្នឹងទេ។ ចៅគាត់ គូប៊ីឡាយខាន់ ក៏នៅតែខ្លាំងពូកែអ៊ីចឹងដែរ ធ្វើអី លើកទ័ពទៅណា វ៉ៃយកស្រុកអីៗទៀត គឺគាត់តែងតែប្រើទ័ពចិនមកជាមួយគ្នាទាំងអស់ ហ្នឹងបានគេឈប់ហៅម៉ុងហ្គោលទទេទៀតហើយ គេហៅចិនម៉ុងហ្គោល។ ថៃចុះមកខាងជ្រោយឥណ្ឌូចិននេះ តាមដងទន្លេមេណាម និងទន្លេមេគង្គហ្នឹង គឺមុនណាន់ចាវ ធ្លាក់ក្រោមអំណាចម៉ុងហ្គោលហ្នឹងទៅទៀត។
កឹម សុស ៖ អាហ្នឹងចាប់ពីសតវត្សរ៍ទីប៉ុន្មានមក?
កេវ វ៉ាន់សាក់ ៖ អាហ្នឹងបន្តិចម្ដងៗ ...មិនថាជាការឈ្លានពានសម្រុកចុះមកចំនួនសន្ធឹកសន្ធាប់ទេ គឺមកម្ដុំ មួយក្រុមបន្តិចម្ដងៗ បើចង់ដឹងរឿងហ្នឹង ទាល់តែត្រឡប់មករឿង ប្រវត្តិដែលពួកថៃ ជាលាវក្ដី ជាសៀមក្ដី ឬក៏ថៃនៅភូមាក្ដី គេចាំ គេនិយាយរឿងគេដើមហ្នឹងយ៉ាងម៉េច។ កំណើតដើមរបស់គេ ជាចំណងកម្លាំងមួយ ដែលចងជនជាតិគេហ្នឹងឲ្យខ្លាំងពូកែ នៅរួមគ្នានោះ។
កឹម សុស ៖ សូមត្រឡប់ទៅខាងក្រោយវិញ ដែលពួកថៃមកម្ដុំៗហ្នឹង មកតាំងនៅម្ដុំណា ដែលនៅក្នុងមហានគរខ្មែរហ្នឹង?
កេវ វ៉ាន់សាក់ ៖ ទេមិនមែនមហានគរខ្មែរយើងភ្លាមទេ មករួមទាំងអស់ជាម្ខាងខ្មែរផង នៅខាងលើនោះ សៀមជាប់នឹងចិនហ្នឹង គឺថា នៅលាវ រហូតមកដល់ហ្លួងប្រាបាងហ្នឹង ហើយមកខាងទន្លេមេណាម ខាងពួកមនវិញ ហ្នឹងមករួមគ្នាអ៊ីចឹងមក។ ក៏ប៉ុន្តែថា ជាមូលដ្ឋានធំ ជារដ្ឋដែលកកើតឡើងរបស់ពួកថៃហ្នឹង គឺសុខោទ័យហ្នឹង៕
