មន្ត្រីសេដ្ឋកិច្ច រួមទាំងប្រមុខរដ្ឋាភិបាលកម្ពុជា បានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែកើនឡើងនៅក្នុងរយៈពេលមធ្យម ដែលអាចមានរយៈពេលលើសពី ៥ឆ្នាំទៅមុខទៀត គិតចាប់ពីឆ្នាំ២០១២ ឡើងទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីបើកសន្និសីទអំពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញថា ការរំពឹងនៃកំណើនសេដ្ឋកិច្ចនេះ គឺដោយសារកម្ពុជា មានសក្ដានុពលលើវិស័យបីសំខាន់ វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោក ហ៊ុន សែន៖ «ចក្ខុវិស័យអនាគតកម្ពុជា មានលក្ខណៈជាវិជ្ជមាន គឺសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា នឹងកើនពី ៦ ទៅ ៧% ជាប្រចាំឆ្នាំ ក្នុងរយៈពេលមធ្យមខាងមុខ។ គេរំពឹងទុកថា កម្ពុជានឹងទទួលផលប្រយោជន៍ពីការវិនិយោគ និងលំហូរឥណទានសកលក្នុងពេលអនាគត ដែលកើតពីលក្ខណៈអំណោយផលអាស៊ី ខណៈពេលមានការចុះខ្សោយតម្រូវការក្នុងតំបន់ដទៃទៀតនៃពិភពលោកនោះ»។
នៅឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា មានចំនួន ៦,៩ភាគរយ។
ការព្យាករពីអនាគតនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា យល់ស្រប។ ក៏ប៉ុន្តែស្ថាប័នទាំងពីរនេះ បានបញ្ជាក់ពាក្យថា រយៈពេលមធ្យមខុសៗគ្នា ខាងធនាគារអភិវឌ្ឍន៍អាស៊ីថា រយៈពេលមធ្យមអាចមានចាប់ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ខណៈវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា គិតថា រយៈពេលមធ្យមមានចាប់ពី ៣ ទៅ ៥ឆ្នាំ។
លោក ភីធើ ប្រ៊ិមប៊ល (Peter Brimble) នាយករងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់ បានបញ្ជាក់ថា កម្ពុជាអាចមានអត្រាកំណើនចន្លោះពី ៦ ទៅ ៧ភាគរយមែន តែទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការឲ្យបានខ្លាំងជាងសព្វថ្ងៃ ដូចជាបង្កើនធនធានមនុស្សជាដើម៖ «ខ្ញុំគិតថា ៦ ទៅ ៧ភាគរយ គឺពិតជាវិជ្ជមាន ហើយបើសិនកម្ពុជា អាចរក្សាលំនឹងចំនួននេះបានក្នុងរយៈពេលយូរ។ ខ្ញុំគិតថា កម្ពុជានឹងអាចកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន»។
ចំណែកលោក ឃិន ពិសី អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា ក៏យល់ស្របដូចមន្ត្រីធនាគារពិភពលោកដែរ៖ «រយៈពេលមធ្យមបុណ្ណឹង ដូចជាមិនថីទេ ណាមួយយើងឃើញថា បរិយាកាសសេដ្ឋកិច្ចនៅខាងក្រៅទីផ្សារនាំចេញ យើងមិនទាន់ដើរស្រួលបួល។ អ៊ីចឹង វាមិនអាចលោតលើសហ្នឹងទេ។ បើថា ដើរស្រួលបួលបានវាឡើងលើសហ្នឹងដល់ ៨ ឬ ៩ភាគរយ»។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បង្ហាញថា អ្នកវិនិយោគិនធំៗដែលមកវិនិយោគនៅកម្ពុជា គឺជាប្រទេសនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសម៉ាឡេស៊ី (Malaysia) កូរ៉េខាងត្បូង (South Korea) ចិន (China)។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងជួបគ្រោះថ្នាក់ បើសិនជារដ្ឋាភិបាលមិនមានចំណាត់ការល្អ ហើយត្រូវឃ្លាំមើលជាប្រចាំ។
ទាក់ទងនឹងការវិនិយោគទុនបរទេសនៅកម្ពុជានេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទនោះថា លំហូរនៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ ៦៣២លានដុល្លារ កាលពីឆ្នាំទៅមិញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
