អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម​ថយ​ចុះ​៤០%

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​បាន​ថយ​ចុះ​៤០% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០០៩។
ដោយ មុំ សុផុន
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារី​កើត​ជំងឺ​គ្រុន​ឈាម​មក​ពី​ខេត្ត​តាកែវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​២៤ សីហា ២០០៩។
កុមារី​កើត​ជំងឺ​គ្រុន​ឈាម​មក​ពី​ខេត្ត​តាកែវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​២៤ សីហា ២០០៩។
RFA/Sok Serey

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ប្រធាន​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ឈាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១០ ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​២៨​សប្ដាហ៍​ក្នុង​ឆ្នាំ​២០១០ មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន​៣២០០​នាក់ និង​ស្លាប់​ចំនួន​៩​នាក់ គឺ​តិច​ជាង​ឆ្នាំ​២០០៩ ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ ដែល​មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន​៥៧៨២​នាក់ និង​ស្លាប់​១៦​នាក់។

ក៏​ប៉ុន្តែ​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដោយ​សារ​តែ​រដូវ​ភ្លៀង​បាន​ចូល​មក​ដល់ ហើយ​តួលេខ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ក្នុងរយៈពេល​៣​សប្ដាហ៍​ចុងក្រោយ​នេះ។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយក​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ឈាម មាន​ប្រសាសន៍​ទៀត​ថា ជំងឺ​នេះ​កំពុង​រាតត្បាត​ក្នុង​តំបន់​មួយ​ចំនួន នៃ​ខេត្ត​ចំនួន​៣ រួម​មាន​ខេត្ត​កំពង់ចាម ខេត្ត​ខេត្ត​សៀមរាប និង​ខេត្ត​ស្ទឹងត្រែង ៖ «កន្លែង​អស់​ទាំង​នោះ គឺ​សព្វ​ថ្ងៃ​យើង​ឃើញ​ថា មន្ទីរ​សុខភាព​ខេត្ត​យើង​ទាំង​អស់​ហ្នឹង កំពុង​តែ​ស្វះ​ស្វែង​ក្នុង​ការ​ឆ្លើយ​តប ដោយ​យើង​ចុះ​ទៅ​ធ្វើ​ការ អង្កេត អប់រំ ប៉ុន្តែ​យើង​នៅ​ជួប​ប្រទះ​ការ​លំបាក​ដោយ​ថា យើង​ខ្វះ​ថវិកា​ច្រើន ដូច​ជា​ការ​បាញ់​ថ្នាំ​កម្ចាត់​សម្លាប់​មូល​ខ្លា​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម ហើយ​ហ្នឹង​ការ​ងារ​ដាក់​ថ្នាំ​អាប៊ែត»

លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ក្រសួង​បាន​ត្រៀម​ថ្នាំ​អាប៊ែត សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​១០២​តោន ប៉ុន្តែ​ផែន​ការ​នេះ នៅ​មិន​ទាន់​បាន​ចប់​នៅ​ឡើយ​ទេ។ លោក​បាន​បន្ត​ថា ភ្នាក់ងារ​សុខាភិបាល​កំពុង​បន្ត​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ដែល​ប្រឈម​មុខ​នោះ។

អ្នក​ស្រី ផាវី មាន​កូន​អាយុ​ជាង​២​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​កំពង់ចាម ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា អ្នកស្រី​តែងតែ​ប្រយ័ត្ន និង​មើល​ថែ​កូន​ឲ្យ​ចៀស​ផុត​ពី​មូស​ខាំ ដែល​អាច​កើត​ជំងឺ​គ្រុន​ឈាម​នោះ ៖ «កូន​តូច​យើង​ប្រយ័ត្ន​ដោយ​ឲ្យ​គេង​ក្នុង​មុង បើក​ទ្វារ​បង្អួច​ឲ្យ​ភ្លឺ ហើយ​ស្លៀក​ពាក់​ខោ​អាវ​វែងៗ ជា​ពិសេស​ពេល​ថ្ងៃ កុំ​ឲ្យ​មូស​ខាំ។ ក្មេង​វា​រពឹស ជួន​កាល​ទៅ​យើង​ឃាត់​វា​មិន​ស្ដាប់ វា​ទៅ​ឈរ​កន្លែង​ងងឹត​មួយ​សន្ទុះ​អី​អ៊ីចឹង​ទៅ ពេល​មក​វិញ​មូស​ខាំ​ពីរ​បី»

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយក​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ឈាម មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ដែរ​ថា សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យ ប្រសិន​បើ​ឃើញ​កុមារ​មាន​សញ្ញា​កើត​ជំងឺ​គ្រុន​ឈាម​នេះ ព្រោះ​មន្ទីរ​ពេទ្យ​មាន​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ និង​វេជ្ជបណ្ឌិត​ជំនាញ​រង់ចាំ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា មាន​ប្រសាសន៍​ដូច្នេះ ៖ «សំណូមពរ​កុំ​ឲ្យ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ច្រើន​ពេក ពីព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ក្នុង​ការ​បញ្ចុះ​កម្ដៅ​ហ្នឹង អាច​ធ្វើ​ឲ្យ​កុមារ​ស្លាប់​ដោយ​ពុល​នឹង​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។ បើ​សិន​បង​ប្អូន​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ហើយ គឺ​ថា កូន​មិន​ត្រជាក់​ស្រួល​ទេ គឺ​ថា យក​កន្សែង​ទទឹក​ទៅ​ដាក់​នៅ​កន្លែង​លើ​ក្បាល ក ខ្លៀក ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្មេង រង់ចាំ​យើង​បញ្ជូន​កូន​មក​កាន់​មន្ទីរ​ពេទ្យ ហើយ​ដាច់​ខាត​កុំ​ប្រើ​ថ្នាំ​អាស្ពីរីន អាស្ពេស៊ីក ហើយ​ថ្នាំ​មួយ​ប្រភេទ​ទៀត​ដែល​មក​ពី​ថៃ ដូច​ជា ថ្នាំ​តាកាប៉ោង ថ្នាំ​យ៉ាខាំចៃ ឬ​ក៏​រូប​ស្រី​បី​នាក់ សូម​មេត្តា​កុំ​ប្រើ​ឲ្យ​សោះ ពីព្រោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ គឺ​វា​បណ្ដាល​ឲ្យ​ក្មេង​បែក​ឈាម​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​ជំងឺ​គ្រុន​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ»

លោក​វេជ្ជបណ្ឌិត សុំ​ឲ្យ​អាណា​ព្យាបាល​កុមារ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ និង​អនាម័យ​សំអាត​បរិវេណ​ជុំវិញ​លំនៅឋាន រាល់​កាក​សំណល់​ដែល​អាច​ដក់​ទឹក និង​កកើត​ជា​ដង្កូវ​ទឹក ជា​ប្រភព​កើត​មូស​ខ្លា​កើត​គ្រុន​ឈាម​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល