គ្មានមនុស្សណាម្នាក់បានរងរបួសឬស្លាប់នៅក្នុងឧប្បត្តិហេតុលបលួចដុតបំផ្លាញផ្ទះសម្បែងនោះទេដោយសារតែក្រុមគ្រួសាររបស់សកម្មជននៃអង្គការក្រៅរដ្ឋាភិបាលការពារព្រៃឈើនោះគឺលោក យុគ ជួន បានភ្លៀសខ្លួនទៅកាន់ទឹកដីថៃកាលពីដើមខែមីនាកន្លងទៅថ្មីៗនេះក្រោយពីបានទទួលការគំរាមដល់សុវត្ថិភាពផ្ទាល់ខ្លួន។
លោក ជា ហ៊ាន ជាប្រធានអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលនិងការពារសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីពីទីកន្លែងលាក់ខ្លួនតាមទូរស័ព្ទមកថា ៖ «ខេត្តកោះកុងហ្នឹង កាលពីថ្ងៃទី១៥ វេលាម៉ោង១:៥នាទីយប់ហ្នឹងមានជនមិនស្គាល់មុខចំនួន៤នាក់បានលួចដុតលំនៅបុគ្គលិកអង្គការរបស់ខ្ញុំ ដែលមានឈ្មោះ យុគ ជួន បានឆេះខ្ទេចក្រោយពីមានការគំរាមកំហែងពីអាជ្ញាធរថាចាប់ខ្លួន ហើយលោក ជុគ ជួន ហ្នឹង បានចេញទៅដល់ប្រទេសថៃបាត់ទៅហើយ»។
ផ្ទះរបស់សកម្មជនដែលរងការដុតបំផ្លាញនោះគឺស្ថិតនៅក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក យុទ្ធ ភូថង ជាអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ៖ «ខ្ញុំកំពុងតែឲ្យស្រាវជ្រាវរឿងហ្នឹង វាហេតុផលយ៉ាងម៉េច»។
ការដុតផ្ទះសម្បែងរបស់សកម្មជននៃអង្គការក្រៅរដ្ឋាភិបាលការពារព្រៃឈើខាងលើនេះក្រោយពីមានការចោទប្រកាន់ថា ក្រុមមន្រ្តីអាជ្ញាធរមូលដ្ឋានមួយចំនួននៅក្នុងខេត្តកោះកុងបានគំរាមរកចាប់ខ្លួនសកម្មជនដែលបានគំរាមឲ្យបុគ្គលិកមួយចំនួនឲ្យឈប់បម្រើការងារឲ្យអង្គការក្រៅរដ្ឋាភិបាលនោះ បើពុំដូច្នោះទេនឹងប្រឈមមុខនឹងផលវិបាកទៅថ្ងៃក្រោយឬចាប់ខ្លួន។ ការគំរាមនេះបានញ៉ាំងឲ្យសកម្មជនជាបុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលនោះចំនួន៤នាក់បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ។
លោក ជា ហ៊ាន ជាប្រធានអង្គការនោះក៏បានទទួលការគំរាមតាមរយៈសារផ្ញើតាមទូរស័ព្ទដៃពីជនអនាមិកកាលពីសប្តាហ៍កន្លងទៅថ្មីៗនេះគំរាមរកសម្លាប់រូបលោក។
ការរីករាលដាលនៃការគំរាមនោះបានកើតមានទ្បើងក្រោយពីអង្គការក្រៅរដ្ឋាភិបាលការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជានោះបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកោះកុងក្រសួងបរិស្ថាននិងព្រះមហាក្សត្រខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហនុ ប្តឹងចោទប្រកាន់មនុស្សចំនួន៤៦នាក់ថា មានការឃុបឃិតគ្នាកាប់រានព្រៃឈើខុសច្បាប់នៅក្នុងដែនការពារព្រៃឈើក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺដើម្បីច្បាមយកដីធ្លីចំនួនជាង៥០០០ហិកតារ៕