លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បើក​សមាជ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២ ខែ​មេសា ឆ្នាំ​២០១១ នេះ។
ដោយ ដែន អយុធ្យា
2011-04-02
Share
សមាជ៣០៥ សមាជ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច កាល​ពី​ថ្ងៃ​ទី​២ មេសា ២០១១
RFA/Den Ayuthya

សមាជ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា នា​ទីស្នាក់ការ​ថ្មី ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឫស្សី​កែវ ក្រុង​ភ្នំពេញ បាន​អនុម័ត​កែ​ប្រែ​វិសោធនកម្ម​លើ​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស​មួយ​ចំនួន ព្រម​ទាំង​បាន​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ដាច់​ពី​គ្នា រវាង​អង្គ​នីតិ​បញ្ញត្តិ និង​អង្គ​នីតិ​ប្រតិបត្តិ។

លទ្ធផល​នៃ​អង្គ​សមាជ ដែល​មាន​សមាជិក​គាំទ្រ​ជាង ៣​ពាន់​នាក់ បាន​អនុម័ត​ជ្រើស​តាំង លោក កែវ ពុទ្ធរស្មី អតីត​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ទៅ​ជា​មគ្គុទ្ទេសក៍​គណ​បក្ស ហើយ​ជ្រើស​តាំង លោក ញឹក ប៊ុន​ឆៃ អតីត​អគ្គ​លេខាធិការ​បក្ស ទៅ​ជា​ប្រធាន​ប្រតិបត្តិ​គណ​បក្ស និង​បាន​គាំទ្រ​លោក លឺ ឡាយ​ស្រេង អតីត​អនុ​ប្រធាន​ទី១ ទៅ​ជា​ប្រធាន​កិត្តិយស​គណ​បក្ស​វិញ។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ថ្មី បាន​ថ្លែង​ដោយ​មាន​ជំនឿ​ចិត្ត​ថា គណ​បក្ស​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ថែម​ទៀត ពី​សកម្មជន​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​បោះ​ឆ្នោត​សកល នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជឿ​ថា ហ៊្វុន​ស៊ិន​ប៉ិច​វា​អស់​អី​ស្រុត​ទៀត​ហើយ សល់​តែ​ពីរ​កៅអី។ មាន​តែ​ខំ​ប្រឹង​ប្រែង​ទៅ​កម្រិត​ឡើង​យ៉ាង​ណា វា​អា​ស្រ័យ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ជាក់​ស្តែង»

បន្ថែម​លើ​នេះ លោក កែវ ពុទ្ធរស្មី ដែល​អង្គ​សមាជ​ជ្រើស​តាំង​ជា​មគ្គុទ្ទេសក៍​គណ​បក្ស​បាន​ឲ្យ​ដឹង​ដែរ​ថា គណ​បក្ស​នេះ​នៅ​តែ​រក្សា​ជំហរ និង​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​បក្ស​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ត​ទៅ​ទៀត។

លោក កែវ ពុទ្ធរស្មី ឲ្យ​ដឹង​ដូច្នេះ ៖ «ដែល​យើង​កែ​ទម្រង់​ពី​ឆ្នាំ​២០០៦ ហើយ​ឥឡូវ​ចេះ​តែ​កែ​ទម្រង់​ត​ទៅ​ទៀត គឺ​ថា​ធ្វើ​យ៉ាង​ណា​បែង​ចែក​ការ​ងារ​ទទួល​ខុស​ត្រូវ​បន្តិច​ម្ដង​ៗ។ អា​ណឹង​ហើយ​ដែល​មិន​ឈ្លោះ​គ្នា មិន​ដណ្ដើម​គ្នា។ ព្រោះ​ម្នាក់ៗ មិន​ដឹង​ជា​ដណ្ដើម​អី​ទេ ព្រោះ​បើ​គឺ​ចង់​បាន​ម្នាក់​មនុស្ស​ចង់​បាន​ណាស់ តែ​បើ​ចង់​បាន​ទៅ​បាន​តែ​បន្តិចៗ អា​ហ្នឹង​ដែល​យើង​កំពុង​តែ​ធ្វើ»

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ​កម្ពុជា មាន​ចំណាប់​អារម្មណ៍​ក្នុង​រឿង​នេះ​ថា គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដែល​ទើប​ជ្រើស​បាន​ថ្នាក់​ដឹក​នាំ​ថ្មី​នេះ នឹង​មិន​អាច​រក្សា​ផ្ទៃ​ក្នុង​កុំ​ឲ្យ​បែក​បាក់​បាន​នោះ​ទេ។ កុំ​ថា​ឡើយ​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ​នោះ ៖ «យើង​ឃើញ​ហើយ កែវ ពុទ្ធរស្មី លឺ ឡាយ​ស្រេង កាល​ណា​គេ​ដាក់​មក​អ៊ីចឹង មាន​ន័យ​ថា អ្នក​ទាំង​ពីរ​ហ្នឹង​កំពុង​តែ​លើក​ឲ្យ​ផុត​អំណាច​ហើយ។ អ៊ីចឹង​អ្នក​ណា​ដែល​កាន់​អំណាច​បក្ស​ហ្នឹង គឺ​ឯកឧត្ដម ញឹក ប៊ុន​ឆៃ។ បើ​សិន​ជា ញឹក ប៊ុន​ឆៃ ហើយ​យើង​មើល​ថា​គណ​បក្ស​ហ្នឹង គណ​បក្ស​អី រាជា​និយម ហើយ​អត់​មាន​ខ្សែ​រាជា​និយម អត់​មាន​ខ្សែ​ឈាម​ស្ដេច​អី​បន្តិច អា​ហ្នឹង​ហើយ​ដែល​ជា​បញ្ហា។ អ៊ីចឹង​ចំណុច​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ជម្រាប​ជូន​ថា កុំ​និយាយ​រឿង​បោះ​ឆ្នោត និយាយ​ថា​បក្ស​ហ្នឹង​មាន​ស្ថិរភាព​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត ឬ​ក៏​យ៉ាង​ម៉េច អា​ហ្នឹង​សំណួរ​ត្រូវ​ចោទ​អ៊ីចឹង​មក​វិញ»

អង្គ​សមាជ​វិសាមញ្ញ​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១១ នេះ គឺ​ជា​សមាជ​ធំ​លើក​ទី​១ បន្ទាប់​ពី​អង្គ​សមាជ កាល​ពី​ឆ្នាំ​២០០៦ ដែល​បាន​ទម្លាក់​ព្រះ​អង្គ​ម្ចាស់ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​ព្រះ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច។

សមាជ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ក៏​បាន​គាំទ្រ​សមាសភាព​ក្រុម​ប្រឹក្សា​ជាតិ​គណ​បក្ស​ចំនួន ៣​ពាន់​នាក់ និង​គាំទ្រ​សមាសភាព​គណៈកម្មការ​នាយក​ពេញ​សិទ្ធិ​ចំនួន ១២០​រូប ព្រម​ទាំង​សមាជិក​បម្រុង​ចំនួន ៤៥​រូប សម្រាប់​អាណត្តិ​ថ្មី មាន​៥​ឆ្នាំ បន្ត​ទៅ​មុខ​ទៀត​ផង​ដែរ៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Apr 02, 2011 01:27 PM

They are the most annoyed people and destoyed the country after the CPP.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល