ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង គឺលោក ប្រាក់ វ៉ុន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃច័ន្ទ ទី២៣ សីហា ថា តាមការស្រាវជ្រាវ និងធ្វើវិភាគយ៉ាងហ្មត់ចត់តាមវេជ្ជសាស្ត្រ ក្នុងបណ្ដាអគារដែលមានកម្មករសន្លប់ ឬក្នុងបរិវេណរោងចក្រក្ដី គេពុំឃើញមានសញ្ញា ឬតឹកតាងអ្វីដែលបង្ហាញពីវត្តមាននៃសារធាតុពុលនោះឡើយ។
លោក ប្រាក់ វ៉ុន បានឲ្យដឹងថា ៖ «យើងអត់មានហេតុផលវេជ្ជសាស្ត្រណាមួយ ដើម្បីបញ្ជាក់ថា កម្មករទាំងនោះពុលនោះទេ។ តែយើងបានទាក់ទងជាមួយខាងមន្ទីរការងារ និងខាងរោងចក្រសុំឲ្យកម្មករទាំងនោះបានឈប់មួយថ្ងៃ ដើម្បីស្ដារកម្លាំងឡើងវិញ»។
ប្រភពពីមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គណៈកម្មការចម្រុះដែលរួមមានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ, មន្ទីរសុខាភិបាល, មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្ត បានបើកការស្រាវជ្រាវ និងធ្វើវិភាគយ៉ាងហ្មត់ចត់ ចំពោះករណីដែលបណ្ដាលឲ្យកម្មករដួលសន្លប់កាលពីថ្ងៃ២០ និង ២១ សីហាកន្លងទៅ នៅក្នុងរោងចក្រ អ៊ឹមវ៉េ។
ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង គឺលោក ពៅ ស៊ីថា ថ្លែងថា ការស្រាវជ្រាវបង្ហាញថា ការដួលសន្លប់របស់កម្មករ កម្មការិនី គឺបណ្ដាលមកពីកត្តាទុស្សេចរន្តអគ្គិសនី និងផ្ទុះម៉ូទ័រ បង្កឲ្យមានការភ័យខ្លាចដល់កម្មករ។ លោកបញ្ជាក់យ៉ាងដូច្នេះថា ៖ «ទុស្សេខ្សែឡើងពិបទៅ វាដាច់ចរន្ត កង្ហារទាំងអស់ឈប់វិល ធ្វើឲ្យហប់អត់ខ្យល់ អ្នកដែលខ្សោយៗ អាចសន្លប់ គួបផ្សំនឹងការភ័យខ្លាច និងព្រួយបារម្ភ ទើបកើតជាបញ្ហាសន្លប់ច្រើនដូច្នេះ»។
ប្រធានសហជីពឧស្សាហកម្មវាយនភណ្ឌប្រចាំរោងចក្រ អ៊ឹមវ៉េ គឺអ្នកស្រី ជួប សំអុល បានឲ្យដឹងថា តាមសំណូមពររបស់សហជីព ថៅកែរោងចក្រអ៊ឹមវ៉េ បានយល់ព្រមឲ្យកម្មករ កម្មការិនី នៃបណ្ដាអគារដែលមានបញ្ហាកាលពីថ្ងៃ២០ និង ២១ សីហាកន្លងទៅ បានឈប់សម្រាករយៈពេល ១ថ្ងៃ គឺថ្ងៃច័ន្ទ ទី២៣ សីហា ដោយរក្សាប្រាក់ខែគោល និងប្រាក់បន្ថែមដដែល។
អ្នកស្រី ជួប សំអុល បានបញ្ជាក់ថា ៖ «ខ្ញុំបានជួបជាមួយលេខាផ្ទាល់របស់ថៅកែ គាត់យល់ព្រមជាមួយខាងសហជីព ថានឹងពិនិត្យ និងរៀបចំអ្វីៗទាំងអស់ឲ្យធម្មតាឡើងវិញ។ខ្ញុំឃើញខាងជំនាញ និងអាជ្ញាធរ ក៏គេបានចុះទៅពិនិត្យហើយដែរ ដូច្នេះស្អែកនេះយើងឲ្យកម្មករចូលធ្វើការវិញហើយ»។
ប្រភពពីមន្ត្រីមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះអគារផ្សេងទៀតដែលពុំមានបញ្ហាកាលពីថ្ងៃ២០ និង ២១ សីហាកន្លងទៅ កម្មករទាំងអស់កំពុងដំណើរការការងារជាធម្មតា ពុំមានហេតុការណ៍អ្វីកើតឡើងទេ៕