កម្ពុជា​ស្នើ​ឲ្យ​ថៃ​បើក​ច្រក​របៀង​ចំនួន​២​នៅ​ឧត្ដរមានជ័យ

មន្ត្រី​ទីចាត់ការ​ការងារ​ព្រំដែន​របស់​អគ្គ​បញ្ជាការ​​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ជួប​ប្រជុំ​គ្នា​ នៅ​ឯ​ខេត្ត​សៀមរាប រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៨ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​​នៃ​ទីចាត់ការ​ការងារ​ព្រំដែន​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា គេ​បាន​ដាក់​បញ្ចូល​​សំណើ​ទៅ​​ក្នុង​កិច្ច​ជួប​ប្រជុំ​គ្នា​រវាង​មន្ត្រី​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​​បាន​ជួប​ពិភាក្សា​គ្នា​​ជា​លើក​ដំបូង ដោយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​នោះ​ ដោយ​​​​សុំ​ឱ្យ​ភាគី​ថៃ​ បើក​ច្រក​របៀង​ព្រំដែន​ តូចៗ​ចំនួន ២ ​នៅ​ក្នុង​ស្រុក​បន្ទាយអំពិល ក្នុង​ខេត្ត​ឧត្ដរមានជ័យ ឡើង​វិញ។

លោក​ឧត្ដមសេនីយ៍​ឯក សៀក សុជាតិ ជា​នាយក​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ ថា ​កម្ពុជា​ចង់​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ មាន​កម្រិត​សមរម្យ ​​​និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ឱ្យ​បាន​ប្រសើរ។ លោក​ឧត្ដមសេនីយ៍​បាន​មាន​ប្រសាសន៍​ទៀត​ថា ដោយ​សារ​កត្តា​ទាំង​នោះ​ គឺ​លោក​​ចង់​ឱ្យ​ច្រក​​​​​របៀង​ព្រំដែន​ខ្មែរ​-​ថៃ តំបន់​ជប់​គគីរ​ នៅ​ក្នុង​ឃុំ​​អំពិល​ និង​ច្រក​​ថ្ម​ដូន នៅ​ក្នុង​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល លើ​ខ្នង​ភ្នំ​ដងរែក​របស់​ខេត្ត​ឧត្តរមានជ័យ បាន​​​​​បើក​ដំណើរ​ការ​ជា​អចិន្ត្រៃយ៍​ដូច​ធម្មតា​ឡើង​វិញ។

លោក​ឧត្ដមសេនីយ៍​ឯក សៀក សុជាតិ៖ «ខ្ញុំ​សំណើ​ទៅ​ខាង​ភាគី​ថៃ​ហ្នឹង​ គឺ​យើង​សុំ​បើក​នូវ​ច្រក​ជប់​គគីរ និង​ច្រក​ថ្មដូន ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​មាន​ចរាចរណ៍​ទីផ្សារ​ល្អ។ ឥឡូវ​នេះ​​បើក​១​សប្ដាហ៍​ម្ដង ប៉ុន្តែ​ជា​លក្ខណៈ​សំខាន់​គឺ​អាជ្ញាធរ​ខេត្ត (ឧត្តរ​មានជ័យ) គឺ​គាត់​ចង់​បាន​បើក​ជា​អចិន្ត្រៃយ៍​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ពង្រីក​នូវ​​ទីផ្សារ ហើយ​និង​នៅ​តាម​ព្រំដែន ឱ្យ​ការ​អភិវឌ្ឍន៍»

ច្រក​របៀង​ព្រំដែន​តំបន់​ជប់​គគីរ​ដែល​នៅ​ទល់​មុខ​គ្នា​នឹង​ស្រុក​បាងក្រួត ខេត្ត​បូរីរ៉ាំ និង​ច្រក​ថ្ម​ដូន​ ដែល​នៅ​ទល់​មុខ​គ្នា​នឹង​ស្រុក​ភ្នំ​ដងរែក​ ខេត្ត​សុរិន្ទ​របស់​ប្រទេស​ថៃ​ បាន​បិទ​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ប្រទេស​កម្ពុជា និង​ថៃ បាន​កើត​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​កងទ័ព​ទាំ​ង​សង​ខាង​ធ្លាប់​បាន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ជា​ច្រើន​លើក​កន្លង​ទៅ​នោះ។

ចាប់​តាំង​ពី​អំឡុង​ខែ​សីហា ​ឆ្នាំ​២០១១ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ របស់​កម្ពុជា បាន​ជួប​ប្រជុំ​ជា​មួយ​​អាជ្ញាធរ​ខេត្ត​បូរីរ៉ាំ​របស់​ថៃ ដើម្បី​ស្វែង​រក​កិច្ច​សហការ​នៅ​តាម​បន្ទាត់​ព្រំដែន​ឡើង​វិញ ​និង​បាន​បើក​​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​​ជប់គគីរ ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​អាច​ដោះ​ដូរ​ទំនិញ​ គ្នា​បាន​ ក្នុង​១​សប្ដាហ៍​ម្ដង​ ​ដោយ​ដំណើរ​នោះ​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ​ ក៏​ប៉ុន្តែ​ចំពោះ​ច្រក​របៀង​​ព្រំដែន​​តំបន់​​ថ្ម​ដូន​​វិញ​ គឺ​នៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ។

លោក​ឧត្ដមសេនីយ៍​ទោ វរ៉ាវីត ដារុនឈូ (Voravit Darunchoo) ជា​នាយក​ទីចាត់ការ​ការងារ​ព្រំដែន​ នៃ​ក្រសួង​ការពារ​ជាតិ​ថៃ។ លោក​បាន​មាន​ប្រសាសន៍​ថា ចំពោះ​សំណើ​របស់​កម្ពុជា​ ដែល​បាន​​សុំ​ឱ្យ​មាន​ការ​បើក​ច្រក​របៀង​ព្រំដែន​ចំនួន ២​ឡើង​វិញ​នោះ គឺ​លោក​សន្យា​ថា នឹង​ពាំ​នាំ​យក​ទៅ​ជំរាប​ដល់​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​ថៃ​ ដើម្បី​ឱ្យ​ធ្វើ​ការ​សំរេច​ចិត្ត​ទៅ​លើ​រឿង​នោះ៖ «ចំពោះ​អ្នក​ដែល​អាច​ធ្វើ​ការ​សំរេច​ចិត្ត​ថា អាច​បើក​បាន ឬ​មិន​បាន​នោះ​ គឺ​ជា​វា​អាស្រ័យ​ទៅ​ក្រ​សួង​មហាផ្ទៃ​របស់​ប្រទេស​ថៃ​ជា​អ្នក​សំរេច»

លោក វរ៉ាវីត បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ជួប​ប្រជុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ គឺ​ភាគី​ទាំង​ពីរ​បាន​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​ទាំង​សង​ខាង​នៅ​តាម​បន្ទាត់​ព្រំដែន ដោយ​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​មាន​សុខ​សន្តិភាព។

ទាក់ទិន​នឹង​បញ្ហា​ទាហាន​ថៃ​ តែង​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​យក​មក​លក់​ដូរ​ខុស​ច្បាប់​នោះ មន្ត្រី​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​ក្រសួង​ការពារ​ជាតិ​ថៃ​ បាន​​ស្នើ​សុំ​ឱ្យ​មន្ត្រី​ព្រំដែន​កម្ពុជា​ ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ កុំ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​អ្វី​ខុស​ច្បាប់​ទៀត ក៏​ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រាន់​តែ​​ចូល​ទៅ​សួរ​សុខ​​​​​ទុក្ខ​សាច់​ញាតិ​ដោយ​ខុស​ច្បាប់​នោះ គឺ​អាជ្ញាធរ​ថៃ​ អាច​អនុវត្ត​តាម​បែប​​​​ជា​មនុស្ស​ធម៌​បាន ដូច​ជា​​​អាច​បញ្ជូន​ត្រឡប់​មក​វិញ​​ជាដើម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។