ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្នុងភូមិប្រម៉ា បានបញ្ជាក់ថា កងកម្លាំងនៅទីនោះមិនបានហាមឃាត់ប្រជាពលរដ្ឋក្នុងភូមិចេញចូលទៅ ធ្វើស្រែចំការរបស់ពួកគាត់ដូចធម្មតានោះទេ។
ទាក់ទងបញ្ហានេះ អភិបាលស្រុកឆ្លូង គឺលោក សំ សារិទ្ធ បានបញ្ជាក់ថា ក្រុមសមត្ថកិច្ចមូលដ្ឋានកំពុងរៀបចំប្រជាពលរដ្ឋដែលនៅសេសសល់ពីការ រត់គេចខ្លួន និងចែកខិត្តប័ណ្ណអប់រំឲ្យប្រជាពលរដ្ឋរក្សារបៀបរៀបរយ និងរស់នៅប្រកបរបរចិញ្ចឹមជីវិតដូចធម្មតា កុំឲ្យមានការភ័យខ្លាចអ្វីតទៅទៀត ហើយចំពោះប្រជាពលរដ្ឋណាដែលមិនមានដីធ្លីប្រកបរបរចិញ្ចឹមជីវិត សុំឲ្យប្រជាពលរដ្ឋទាំងនោះធ្វើតាមគោលនយោបាយសុំដីសម្បទាន សង្គមកិច្ច តាមរយៈមន្ត្រីមូលដ្ឋានភូមិឃុំ ស្រុក ខេត្ត ដើម្បីដោះស្រាយផ្ដល់ដីជូនប្រជាពលរដ្ឋ។
បើទោះជាមានការបញ្ជាក់អះអាងពីអភិបាលស្រុកឆ្លូង បែបនេះក្ដី ប៉ុន្តែអ្នកភូមិមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាច។
ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលបានភៀសខ្លួនចេញពីភូមិប្រម៉ា ហើយរត់ទៅសុំកិច្ចអន្តរាគមន៍ពីក្រុមអ្នកការពារសិទ្ធិមនុស្សសមាគម អាដហុក ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នេះ បានបញ្ជាក់ថា ពួកគាត់នៅតែមានអារម្មណ៍ភ័យខ្លាចកងកម្លាំងបង្ក្រាប មិនហ៊ានវិលត្រឡប់ទៅទីតាំងដីដែលពួកគាត់បានកាប់រានព្រៃធ្វើ ចំការនោះទេ ពីព្រោះខ្លាចកងកម្លាំងចាប់ខ្លួន ហើយពួកគាត់ក៏មិនអាចវិលទៅស្រុកកំណើតវិញដែរ ពីព្រោះពួកគាត់មិនមានដីធ្លីនៅស្រុកកំណើតសំរាប់ធ្វើស្រែចំការ នោះទេ។
ចំណែកប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិមិនបានរត់គេច ខ្លួន បានបញ្ជាក់ថា ពួកគាត់មិនមានភ័យខ្លាចអ្វីទេ ពីព្រោះពួកគាត់ជាអ្នកភូមិចាស់មានដីស្រែចំការ មិនពាក់ព័ទ្ធដីធ្លីជាមួយក្រុមលោក ប៊ុន រដ្ឋា ទេ។ អ្នកភូមិខ្លះទៀតនិយាយថា ពួកគាត់ត្រេកអរទៅវិញទេ បន្ទាប់ពីកងកម្លាំងបង្ក្រាបក្រុមលោក ប៊ុន រដ្ឋា ពីព្រោះកន្លងទៅនេះ ប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួនបានជួបបញ្ហាលំបាកចេញចូលធ្វើ ស្រែចំការនៅតំបន់នោះ ដោយសារក្រុមលោក ប៊ុន រដ្ឋា បានដាក់របាំងហាមឃាត់ និងត្រួតពិនិត្យការចេញចូលក្នុងភូមិតឹងរ៉ឹង។
អភិបាលស្រុកឆ្លូង បានបញ្ជាក់ថា ប្រជាពលរដ្ឋអ្នកចំណាកស្រុកដែលបានចូលមកកាប់រានព្រៃយកដីនៅភូមិ ប្រម៉ា ស្ទើរមួយរយភាគរយបានរត់ចោលខ្ទមចំការផលដំណាំពួកគេអស់ហើយ។ ចំណែកកងកម្លាំងនៅតែបន្តគ្រប់គ្រងភូមិប្រម៉ា ជាបន្ត លុះត្រាសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅទីនោះបានប្រសើរដូច ប្រក្រតីឡើងវិញ។
បើតាមប្រជាពលរដ្ឋអ្នកបានកាន់កាប់ដីនៅតំបន់នោះប៉ាន់ប្រមាណថា ប្រជាពលរដ្ឋក្នុងមួយគ្រួសារៗដែលបានចូលទៅរស់នៅតំបន់នោះ ខ្លះបានកាប់រានព្រៃឈើយកដីពី ៥ហិកតារទៅ ១០ ហិកតារ ហើយចំនួនប្រជាពលរដ្ឋដែលបានកាប់ឆ្ការព្រៃកន្លងទៅនេះ មានមិនតិចជាង ១.០០០គ្រួសារទេ ដូច្នេះគាត់ប៉ាន់ប្រមាណថា ដីដែលប្រជាពលរដ្ឋកាប់រានព្រៃរូចហើយ មានមិនតិចជាង ១ម៉ឺនហិកតារទេ។ ពួកគាត់បានបញ្ជាក់ថា ដីដែលពួកគាត់កាប់រានជាដីព្រៃឈើរបស់រដ្ឋ ក៏ប៉ុន្តែក្រោយការកាប់រានដុតសំអាតដាំដំណាំបាន ស្រាប់តែក្រុមហ៊ុន កាសូទីម (KASOTIM) បានចូលមកបាញ់ថ្នាំពណ៌មកលើដីប្រជាពលរដ្ឋកាប់រាន ដោយសំអាងថា ដីនោះស្ថិតក្នុងប្លង់ដីសម្បទានរបស់ក្រុមហ៊ុន។ ពួកគាត់បានបញ្ជាក់ដែរថា ក្រុមលោក ប៊ុន រដ្ឋា ទើបតែចូលមកដឹកនាំប្រជាពលរដ្ឋនៅទីនោះ បន្ទាប់ពីប្រជាពលរដ្ឋមានជំលោះដីជាមួយក្រុមហ៊ុន ហើយលោក ប៊ុន រដ្ឋា បានដឹកនាំវាស់វែងបែងចែកដីព្រៃឈើ ដែលស្ថិតក្នុងប្លង់ដីសម្បទានក្រុមហ៊ុនឲ្យប្រជាពលរដ្ឋចំណាកស្រុក ថ្មីទើបមកកាន់ទីនេះ។
ចំណែកអភិបាលខេត្តក្រចេះ គឺលោក ស ចំរ៉ុង បានបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋចូលមកកាប់រានកាន់កាប់ គឺជាដីព្រៃឈើរបស់រដ្ឋ ក្នុងនោះក៏មានចំណែកដីខ្លះរដ្ឋបានប្រគល់ជូនក្រុមហ៊ុនសម្បទាន កាសូទីម ផងដែរ ក៏ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ពិស្ដារចំពោះបញ្ហានេះទេ។
រហូតមកទល់នឹងពេលនេះមិនមានមន្ត្រីអាជ្ញាធរ និងបុគ្គលិកសង្គមស៊ីវិលណាផ្ដល់ព័ត៌មានពីជោគវាសនារបស់លោក ប៊ុន រដ្ឋា និងមេដឹកនាំសំខាន់ផ្សេងទៀតក្នុងក្រុមនេះថា តើត្រូវចាប់ខ្លួន ឬយ៉ាងណាទេ។ ក៏ប៉ុន្តែប្រភពខ្លះបានបញ្ជាក់ថា មានការចាប់ខ្លួនមនុស្ស ៥នាក់ នៅក្នុងហេតុការណ៍បង្ក្រាប ហើយខ្លះទៀតបញ្ជាក់ថា មានការចាប់ខ្លួនតែបីនាក់ទេ។ ចំណែកអភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បានបញ្ជាក់សាជាថ្មីថា តួលេខបណ្ដោះអាសន្នដែលលោកទទួលបានមានការចាប់ខ្លួនមនុស្ស ៤នាក់។ ចំណែកវិធានការថា ត្រូវបញ្ជូនអ្នកចាប់ខ្លួនទៅតុលាការ ឬយ៉ាងណានោះ លោកអះអាងថា មិនទាន់មានសេចក្ដីសម្រេចបែបណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
