ហ៊ុនសែនឲ្យដកសញ្ញាកងយោធពលខេមរភូមិន្ទពីទូរទស្សន៍ប៉ុស្តិ៍លេខ៥
2010.02.27
នៅចំពោះមុខកងទ័ពជាច្រើនរយនាក់ ខណៈដែលលោកបានចុះសួរសុខទុក្ខកាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះ ៖ «ដកសញ្ញាកងយោធពលខេមរភូមិន្ទ មិនចាំបាច់ ទុកតែទូរទស្សន៍ប៉ុស្តិ៍លេខ៥បានហើយ ព្រោះប្រើប្រាស់សញ្ញាកងទ័ព ប៉ុន្តែទូរទស្សន៍មួយនេះមិនបានផ្សព្វផ្សាយពីការងារកងទ័ពច្រើនប៉ុន្មានទេ! អ៊ីចឹងគួរតែដកចេញដែរ។ ឲ្យអ្ហែងប្រើទូរទស្សន៍ប៉ុស្តិ៍លេខ៥ចុះ តែលុបឈ្មោះកងខេមរភូមិន្ទចោល។ រូបភាពកងយោធពលខេមរភូមិន្ទមិនត្រូវបានអនុញ្ញាតឲ្យប៉ុស្តិ៍លេខ៥ប្រើតទៅទៀតទេ!»។
លោក ហ៊ុន សែន បានថ្លែងរិះគន់ថា ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ មាននាយឧត្តមសេនីយ៍យោធាច្រើននាក់គិតតែពីផ្សាយពីបទចម្រៀង តែមិនគិតគូរដល់កងទ័ពទេ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ឲ្យពាក់សុទ្ធតែផ្កាយ តែផ្កាយហ្នឹងវាអត់កើត វាអត់ចេះធ្វើ ហើយវាមិនមើលទៅទៀត ហើយបើមិនកើតទេ លក់ភាគហ៊ុនឲ្យអញទាំងអស់មក! ទិញយកទាំងអស់តែម្ដង ដល់អត់កែអត់អីសោះអ៊ីចុះ។ សុន្ទរកថាទើបតែឃើញចាក់ប៉ុន្មាននេះ ពីមុនមិនដែល! ទោះបីយើងទៅនិយាយជាមួយកងទ័ពក៏វាមិនដែលចាក់សុន្ទរកថារឿងកងទ័ព វាអត់តែម្ដងអាហ្នឹង! អ៊ីចឹងបានថា កុំប្រើ! អាចត្រឡប់ទៅវិញ ឯកឧត្តម ទៀ បាញ់ នាំគ្នាពិនិត្យទៅ!»។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះទេ។
ចំណែកលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍យ៉ាងខ្លីថា ក្រសួងការពារជាតិនឹងធ្វើការ។
ទាក់ទិននឹងការប្រកាសរបស់ប្រមុខដឹកនាំខ្មែរ លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីគួរសរសេរសំណើជាផ្លូវការមួយទៅអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍។
លោកស្រី ជា វណ្ណាត បានអះអាងថា ៖ «ព្រោះថា មិនអាចអ្នកនយោបាយណា ឬក៏អ្នកដឹកនាំណាទៅបង្គាប់ឲ្យទូរទស្សន៍ដូរឈ្មោះដាក់អ៊ីចេះ ដូរឈ្មោះដាក់អ៊ីចុះ! បើធ្វើក្នុងនាមជាពលរដ្ឋជន សសេរសំបុត្រទៅ អាហ្នឹងអត់អីទេ!»។
ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ គឺជាទូរទស្សន៍ឯកជនដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនថៃ ចូលជាមួយក្រសួងការពារជាតិ ដោយមានមន្រ្តីតំណាងក្រសួងការពារជាតិជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងលើក្រុមហ៊ុនទូរទស្សន៍នោះ៕