បក្ស សម រង្ស៊ី បង្ហាញ​របាយការណ៍​មន្ត្រី​រាជការ​មាន​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន

គណបក្ស សម រង្ស៊ី បាន​បង្ហាញ​របាយការណ៍​ថា មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​ឡើង នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី​៣​នេះ។ ហើយ​អ្វី​ដែល​គណបក្ស​ចាត់​ទុក​ថា​ជា​រឿង​ថ្មី និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​ការ​ចុះ​ឈ្មោះ​ស្ទួន​របស់​មន្ត្រី​រាជការ ដោយ​មាន​ការ​ចាត់តាំង។
ដោយ សុ ជីវី
2012.05.29
យឹម សុវណ្ណ ៣០៥ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បង្ហាញ​របាយការណ៍​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន​របស់​មន្ត្រីរាជការ នៅ​ទី​ស្នាក់​ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/So Chivy

គណបក្ស សម រង្ស៊ី រក​ឃើញ​ថា មាន​មន្ត្រី​អគ្គិសនី​កម្ពុជា ចំនួន​ជិត ១​រយ​នាក់ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ពីរ​ផ្សេង​គ្នា គឺ​នៅ​ភ្នំពេញ​ផង និង​នៅ​តាម​ខេត្ត​ផង សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។

អ្នក​នាំ​ពាក្យ គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​ឧសភា ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន​របស់​មន្ត្រី​ដែល​បម្រើ​ការ​នៅ​អគ្គិសនី​កម្ពុជា គឺ​មាន​ការ​រៀប​ចំ​ជា​ប្រព័ន្ធ។ លោក យឹម សុវណ្ណ បន្ត​ថា​ករណី​នេះ​បង្ហាញ​ថា គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ហាក់​ដូច​ជា​ត្រូវ​រ៉ូវ​ក្នុង​ការ​លាក់​បាំង​ករណី​ល្មើស​ច្បាប់​នេះ។

លោក យឹម សុវណ្ណ៖ «ការ​ចុះ​ឈ្មោះ​ស្ទួន​នេះ នឹង​អោយ​មាន​ការ​គូស​សន្លឹក​ឆ្នោត​ជំនួស​ដាក់​ចូល​ក្នុង​ធុង។ ឧទាហរណ៍​ថា មន្ត្រី​ហ្នឹង​គាត់​ទៅ​បោះ​នៅ​កំពង់ចាម ចំនួន ៤៨​នាក់ អញ្ចឹង​គេ​អាច​នឹង​គូស​នៅ​ភ្នំពេញ​នូវ​សំឡេង​ឆ្នោត​នោះ ដូច​គេ​ធ្លាប់​ធ្វើ​នៅ​ពេល​កន្លង​មក ដែល​យើង​តែង​តែ​ចាប់​បាន ដែល​គណ​បក្ស​កាន់​អំណាច​តែង​ធ្វើ​នៅ​រាល់​ការ​បោះ​ឆ្នោត​ម្តងៗ»

គណបក្ស សម រង្ស៊ី បាន​រក​ឃើញ​ថា មន្ត្រី​រាជការ​នៅ​ក្នុង​នាយកដ្ឋាន ផែន​ការ​យុទ្ធសាស្ត្រ និង​គម្រោង​ការ នៃ​អគ្គិសនី​កម្ពុជា ចំនួន ៥០​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង ៤៨​នាក់​ទៀត ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ ហើយ​ឈ្មោះ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​រក​ឃើញ​ផង​ដែរ ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត ក្នុង​រាជធានី​ភ្នំពេញ។ គណបក្ស​នេះ​រក​ឃើញ​ដែរ​ថា មាន​ការ​រៀប​ចំ​ទុក​ជា​មុន​ពី​នាយកដ្ឋាន ផែន​ការ​យុទ្ធសាស្ត្រ និង​គម្រោង​ការ នៃ​អគ្គិសនី​កម្ពុជា ដោយ​សារ​មាន​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ដឹក​ជញ្ជូន​អ្នក​ទាំង​នោះ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស សម រង្ស៊ី នឹង​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គិសនី​កម្ពុជា​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ករណី​ស្ទួន​ឈ្មោះ គឺ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​បញ្ជី​អ្នក​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក ទេព នីថា បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ឈ្មោះ​ស្ទួន ក៏​គេ​អាច​បោះ​ឆ្នោត​បាន​តែ​ម្ដង​ប៉ុណ្ណោះ៖ «គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​គាត់​ផ្លាស់​ទី​លំនៅ គាត់​ទៅ​នៅ​ឃុំ​សង្កាត់​ថ្មី គាត់​ត្រូវ​ចុះ​ឈ្មោះ​ថ្មី ហ្នឹង​យើង​សុំ​អោយ​គាត់​រាយការណ៍​ពី​ឈ្មោះ​ចាស់​របស់​គាត់ ដើម្បី​លប់​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​រាយការណ៍​ដើម្បី​បាន​លុប​ចេញ​ទេ។ ករណី​ឈ្មោះ​ស្ទួន​នេះ មិន​អាច​បោះ​ឆ្នោត ២​ដង​បាន​ទេ ព្រោះ​យើង​មាន​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ ពេល​បោះ​ឆ្នោត​យើង​លូក​ម្រាម​ដៃ​ហ្នឹង មាន​ប្រសិទ្ធភាព​ដល់​ទៅ ១​អាទិត្យ»

លោក ទេព នីថា បន្ត​ថា ដើម្បី​បញ្ចៀស​មិន​អោយ​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នោះ គ.ជ.ប កំពុង​បន្ត​ការ​ត្រួត​ពិនិត្យ និង​លុប​ឈ្មោះ​ស្ទួន​ទាំង​នោះ​ជា​បណ្ដើរៗ។ ចំពោះ​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នេះ គណបក្ស​ប្រឆាំង សម រង្ស៊ី នា​ពេល​កន្លង​មក បាន​រិះ​គន់​ថា គ.ជ.ប ធ្លាប់​បាន​លុប​ឈ្មោះ​អ្នក​គាំ​ទ្រ​គណបក្ស សម រង្ស៊ី ចំនួន ១​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។