អ្នក​ភូមិ​ជាង​២០០​នាក់​នៅ​កំពង់ស្ពឺ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ដី​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​ជាង​១០​ភូមិ​មក​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​គ្នា​ជាង​២០០​នាក់ នៅ​ថ្ងៃ​២៧ កុម្ភៈ មាន​អ្នក​ខ្លះ​ដើរ ខ្លះ​ជិះ​គោយន្ត​ចំនួន​៥​គ្រឿង បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើ និង​កំពង់ស្ពឺ ស៊ូហ្គើ ដែល​គេ​ស្គាល់​ថា របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។
ដោយ សេក បណ្ឌិត
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
RFA/Sek Bandith

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​នៅ​នឹង​កន្លែង​ដី​មាន​ទំនាស់​និង​បន្ត​មក​សាលា​ឃុំ​អមលាំង ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ឃុំ ស្រុក មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​និង​មាន​ដំណោះស្រាយ​ចំពោះ​ការ​ឈូស​ឆាយ​ដី​គម្រោង​ដាំ​អំពៅ​ដែល​ពួកគេ​បាន​អះអាង​ថា បាន​បំពាន់​លើ​ដី​របស់​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា លោក អុក រ៉េន មក​ពី​ភូមិ​ក្រាំងដូង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «បាន​ជា​ពួកខ្ញុំ​មក​ឈរ​នៅ​ទី​នេះ គឺ​ពួកខ្ញុំ​ចង់​តវ៉ា​អំពី​បញ្ហា​ដី​ដែល​ក្រុមហ៊ុន លី យ៉ុងផាត់ បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ពី​ម្សិលមិញ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​បង​ប្អូន​ប្រជាជន​ជា​ច្រើន។ នេះ​គ្រាន់តែ​ចាប់​ក្បាល​ដំបូង​អាច​ប៉ះពាល់​ច្រើន​ប៉ុណ្ណឹង ចុះ​ទម្រាំ​នឹង​ថ្ងៃ​ខាង​មុខ​ទៀត នឹង​ប៉ះពាល់​ប៉ុណ្ណា​ទៅ? អ៊ីចឹង​ហើយ​បង​ប្អូន​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ចង់​តវ៉ា​បញ្ឈប់​គ្រឿងចក្រ​តែម្ដង ដើម្បី​បញ្ឈប់​ការ​ឈូសឆាយ​នេះ ដោះស្រាយ​ឲ្យ​រួច​រាល់​សិន​ចាំ​ឈូស​ឆាយ​បន្ត»

ស្រ្តី​ម្នាក់​ទៀត​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​អស់​គ្នា​នោះ​ដែរ បាន​បន្ត​ថា ៖ «ប្រជាជន​តវ៉ា​ថា សុំ​ឲ្យ​ទុក​ដី​គ្រាន់​ប្រជាពលរដ្ឋ​ឲ្យ​គោ​ឲ្យ​អី​ស៊ី ដល់​ហើយ​គាត់​ថា មិន​បាច់​ទេ មិន​បាច់​ទុក​ដី​ឲ្យ​គោ​ស៊ី​ទេ​ចាំ​ស៊ី​ចុង​អំពៅ​គាត់​ទៅ»

លោកស្រី ហាប់ ដាំ មេ​ឃុំ​អមលាំង មិន​ទទួល​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ទាមទារ​ពី​អ្នក​តវ៉ា​នោះ​ទេ ដោយ​លោកស្រី​ដើរ​គេច​ចេញ​ពី​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ទាំង​នោះ។

ចំណែក​អភិបាល​ស្រុក​ថ្ពង លោកទួន សុង ដែល​កំពុង​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នៅ​ទី​នោះ បាន​សូម​ឲ្យ​ពលរដ្ឋ​រើស​តំណាង​៦​នាក់​ចូល​ជួប​ពិភាក្សា តែ​លោក​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ទេ ដោយ​គ្រាន់តែ​មាន​ប្រសាសន៍​ខ្លី​ថា ការ​ឈូស​ឆាយ​នេះ​គ្រាន់តែ​ជា​ការ​ឈូស​កំណត់​ព្រំ​ទេ ហើយ​លោក​កំពុង​មាន​ផែនការ​ដោះស្រាយ​និង​ស្រង់​ឈ្មោះ​ពលរដ្ឋ​ណា​ខ្លះ​ដែល​ប៉ះពាល់​ពិត​ប្រាកដ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ មន្រ្តី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោកស្រី អ៊ូជ បូរ មាន​ប្រសាសន៍​ថា លោកស្រី​ទើប​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រពលរដ្ឋ ហើយ​គ្រោង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ ៖ «អ៊ីចឹង​ថ្ងៃ​ច័ន្ទ (១ មីនា) គេ​ចូល​ធ្វើការ​ទាំង​អស់​គ្នា ប៉ុន្តែ​ស្អែក​នេះ (២៨ កុម្ភៈ) គេ​នឹង​ធ្វើ​កិច្ចសន្យា​ជាមួយ​តំណាង​៦​នាក់​ហ្នឹង»

មន្រ្តី​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​ចំនួន​៣.០០០​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើ និង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើ ដែល​គេ​ស្គាល់​ថា ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រាប់​អភិវឌ្ឍន៍​ដាំ​ដំណាំ​អំពៅ តែ​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធ​សភា​ដែល​អ្នក​ស្រុក​អះអាង​ថា ជា​ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើ និង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើ នោះ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​នៅ​ឡើយ​ទេ ទាក់ទង​នឹង​ទំនាស់​ដី​នៅ​កំពង់ស្ពឺ​នោះ។

ទោះ​យ៉ាង​ណា​ក្តី ការ​តវ៉ា​នោះ​ពុំ​ទាន់​មាន​លទ្ធផល​ច្បាស់លាស់​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រឿង​ចក្រ​ជាង​១០​គ្រឿង​របស់​ក្រុមហ៊ុន​បាន​យល់ព្រម​ផ្អាក​ការ​ដោះស្រាយ​ជា​បណ្តោះ​អាសន្ន​ហើយ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ឲ្យ​ចប់​សិន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល