យុវជន​ខេត្ត​ស្វាយរៀង​ចាប់​អារម្មណ៍​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​មូលដ្ឋាន

យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ ដោយ​មាន​ការ​យល់​ឃើញ​បែប​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កៀរគរ​យុវជន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បី​លើក​ស្ទួយ​តម្លាភាព និង​សុចរិត​ភាព​នៅ​ក្នុង​សង្គម។
ដោយ ខែ សុណង
2013-02-16
Share

ក្រុម​យុវជន​ជាង ៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង កំពុង​ចូល​រួម​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​មូលដ្ឋាន រៀន​សូត្រ​ពី​បទ​ពិសោធន៍​នៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

កម្មវិធី​នេះ យុវជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ មេធាវី​ដែល​បង្ហាញ​អំពី​ច្បាប់ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន ទាក់ទង​ទៅ​នឹង​កាតព្វកិច្ច​តួនាទី​របស់​យុវជន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្រៅ​ពី​នេះ យុវជន​ទាំង​នោះ​ក៏​មាន​ឱកាស​ចូល​រួម​ក្នុង​សកម្មភាព​រៀន​សូត្រ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង និង​ស្គាល់​គ្នា​ថែម​ទៀត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ហៅ​ជា​ភាសា​អង់គ្លេស​ថា ត្រេន ស្ពែរិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) លោក ព្រាប កុល មាន​ប្រសាសន៍​នៅ​ថា សិក្ខា​សាលា​ស្ដី​អំពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​មូលដ្ឋាន ស្វែង​យល់​ពី​តម្លាភាព និង​គណនេយ្យ​ភាព នៅ​ថ្ងៃ​ទី១៥ កុម្ភៈ មាន​គោលដៅ​ចង់​ឲ្យ​យុវជន​មាន​ការ​យល់​ដឹង​អំពី​អ្វី​ទៅ​ហៅ​ថា​តម្លាភាព អ្វី​ទៅ​ហៅ​ថា​គណនេយ្យ​ភាព​សង្គម អ្វី​ទៅ​ជា​បញ្ហា​អំពើ​ពុក​រលួយ យល់​ដឹង​អំពី​ច្បាប់​អំពើ​ពុក​រលួយ និង​ផល​ប៉ះពាល់​នៃ​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ពួក​គេ​ស្វែង​យល់ និង​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ។

លោក​ថា មិន​ត្រឹម​តែ​ប៉ុណ្ណេះ លោក​ចង់​ឲ្យ​យុវជន​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ពលរដ្ឋ​ដើម្បី​ឲ្យ​យុវជន​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​ទៅ​ថ្ងៃ​អនាគត៖ «បាទ! មាន​សារៈសំខាន់​ណាស់ ពី​ព្រោះ​យុវជន​គាត់​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ។ គាត់​ជា​អនាគត​នៃ​អ្នក​ដឹកនាំ ហើយ​បច្ចុប្បន្ន​នេះ គាត់​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង។ អីចឹង យើង​គិត​ថា​ជា​កម្លាំង​សង្គម​មួយ​យ៉ាង​ធំ ហើយ​បើ​សិន​ជា​ពួក​គាត់​មិន​បាន​យល់​ដឹង​ពី​បញ្ហា​អំពើ​ពុក​រលួយ​នេះ​ទេ គាត់​មិន​អាច​ចូល​រួម​ជួយ​ទប់ស្កាត់​បាន​ហើយ ឬ​ក៏​គាត់​ជា​អ្នក​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់​ក្នុង​ប្រការ​ណា​មួយ​នោះ​ជា​បញ្ហា​វាល​វដ្តសង្សារ​មួយ​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​នៅ​ថ្ងៃ​ខាង​មុខ។ ការ​វិនិយោគ​ជាមួយ​យុវជន​នេះ គឺ​សំខាន់​មែន​ទែន គឺ​យើង​ឲ្យ​គាត់​ចូល​រួម​ទប់ស្កាត់​បញ្ហា​អំពើ​ពុក​រលួយ​បច្ចុប្បន្ន។ ទី​២ យើង​កសាង​នូវ​អត្តចរិត និង​ភាព​ស្អាតស្អំ​នៅ​ក្នុង​ឧត្ដម​គតិ​នៅ​ក្នុង​ផ្នត់​គំនិត​នៅ​ក្នុង​ចរិត​លក្ខណៈ​ពេល​ដែល​គាត់​ទៅ​ជា​អ្នក​ដឹកនាំ​នោះ គាត់​មិន​ដើរ​តាម​គន្លង​ពេល​បច្ចុប្បន្ន គាត់​អាច​ដឹកនាំ​ប្រទេស​ជាតិ​មួយ​ថ្លៃថ្នូរ និង​ស្អាតស្អំ»

យុវជន​យុវតី​ដែល​បាន​ចូល​រួម​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន បាន​សម្ដែង​ក្ដី​រីករាយ និង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ចែក​រំលែក​ការ​យល់​ដឹង​នេះ​ទៅ​សហគមន៍​របស់​ពួក​គេ។

យុវជន ចាន់ សុជា និស្សិត​នៃ​សាកលវិទ្យាល័យ​ស្វាយរៀង បាន​ថ្លែង​ថា វា​ជា​ឱកាស​ដ៏​វិសេស​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​ងាក​មក​ចាប់​អារម្មណ៍​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ខ្លួន​នឹង​ចែក​រំលែក​ចំណេះ​ដឹង​បាន​មក​ពី​ការ​ជួប​ជុំ​នេះ ទៅ​ឲ្យ​យុវជន​ក្នុង​សហគមន៍​របស់​គេ។

យុវជន ចាន់ សុជា៖ «សម្រាប់​និស្សិត​ទាំង​អស់​ដែល​គាត់​ចូល​រួម​ថ្ងៃ​នេះ គាត់​មាន​ការ​ភ្ញាក់​ផ្អើល។ ប្រធាន​បទ​យើង​និយាយ​អំពី​អំពើ​ពុក​រលួយ។ ពី​មុន​មក គាត់​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ទេ គាត់​រវល់​តែ​ការ​សិក្សា​របស់​គាត់​នៅ​សកលវិទ្យាល័យ​ភាគ​ច្រើន។ ហើយ​គាត់​ភ្លឺ​ភ្នែក​មែន​ទែន គាត់​បាន​ស្ដាប់​ការ​បង្ហាញ​របស់​លោក សុក សំអឿន និង​លោក ព្រាប កុល គាត់​ភ្ញាក់​ផ្អើល។ ប្រយោជន៍​ធំធេង​ណាស់ និស្សិត​ទាំង​អស់​បាន​ជួប​នឹង​វាគ្មិន​ដែល​ល្បីៗ គាត់​បាន​ប្រឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ហើយ​ម្នាក់ៗ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្ដើម​ដោយ​ខ្លួន​ឯង ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ»

យុវតី ឡោ សុគន្ធារី ជា​និស្សិត​ផ្នែក​គណនេយ្យ និង​អក្សរសាស្ត្រ​អង់គ្លេស ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ស្វាយរៀង មាន​មតិ​ថា នេះ​ជា​លើក​ដំបូង​ដែល​នាង​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ដូច្នេះ។ ប្រធាន​បទ​នេះ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​នាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្ដី​ស្រមៃ​របស់​នាង គឺ​ចង់​បាន​សង្គម​មួយ​ដែល​គ្មាន​អំពើ​ពុក​រលួយ មាន​តម្លាភាព ហើយ​មាន​ការ​រីក​ចម្រើន។

យុវតី ឡោ សុគន្ធារី៖ «ដូច​ជា​ប៉ូលិស​ចរាចរ បើ​យើង​អត់​មាន​មួក​សុវត្ថិភាព​អីចឹង បើ​ថា​គាត់​ស្គាល់​គ្នា​គាត់​ប៉ូលិសៗ​គ្នា​គាត់​អ៊ីចឹង គាត់​ឲ្យ​ទៅ​ធម្មតា គាត់​អត់​ផាក​ពិន័យ​ទេ។ ប៉ុន្តែ​សម្រាប់​យើង​ដែល​អត់​អ៊ីចឹង គាត់​មាន​ការ​គាប​សង្កត់​យើង​អ្នក​តូច​ទាប គឺ​គាត់​មើល​មក​ថា​យើង​មិន​បាន​ស្មើ​អ៊ីចឹង។ គាត់​ផាក​ពិន័យ ហើយ​គាត់​ប្រើ​ពាក្យ​មិន​គួរ​សម​ជា​ច្រើន​ផង​ដែរ។ យើង​ចង់​ឲ្យ​សង្គម​ទាំង​មូល​មាន​តម្លាភាព ហើយ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ការងារ​ហ្នឹង​រីក​ចម្រើន​ទាំង​អស់​គ្នា»

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​មូលដ្ឋាន ស្វែង​យល់​ពី​តម្លាភាព និង​គណនេយ្យ​ភាព នៅ​ថ្ងៃ​ទី១៥ កុម្ភៈ ក៏​មាន​អាជ្ញាធរ​សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ចូល​រួម​គាំទ្រ​ដែរ។

ចៅ​សង្កាត់​ចេក ក្រុង​ស្វាយរៀង លោក ញឹម ស៊ាំ មាន​ប្រសាសន៍​ថា លោក​រីករាយ​ណាស់​ដែល​មាន​កម្មវិធី​ដូច្នេះ។ លោក​ចង់​ឲ្យ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​នូវ​វគ្គ​ដូច្នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​យុវជន​ក្នុង​ខេត្ត​របស់​គាត់​កាន់​តែ​មាន​ការ​យល់​អំពី​គណនេយ្យ​ភាព​ក្នុង​សង្គម ដែល​គ្មាន​អំពើ​ពុក​រលួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ពលរដ្ឋ​ទូទៅ​ក៏​លោក​ចង់​ឲ្យ​បាន​ទទួល​ចំណេះ​ដឹង​ពី​វគ្គ​សិក្សា​ដូច​គ្នា​នេះ​ដែរ។

លោក ញឹម ស៊ាំ៖ «អូ! ចង់​បាន​ការងារ​នេះ​បន្ត​ថែម​ទៀត។ ចង់​ឲ្យ​ដឹង​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង។ គ្រាន់​ថា​និស្សិត និង​យុវជន​គាត់​ដឹង​មួយ​ចំនួន ឥឡូវ​នៅ​ខាង​ប្រជាពលរដ្ឋ​គាត់​មិន​ទាន់​បាន​ដឹង។ នៅ​ទាល់​តែ​ចប់​ហ្មង ដើម្បី​អបអរ​សាទរ​ជាមួយ​បង​ប្អូន​គាត់​មក​ធ្វើ​ការ​ហ្នឹង អរគុណ​ណាស់។ ចង់​ចេះ​ដឹង​ខ្លួន​ឯង​ទៀត យក​ទៅ​អនុវត្តន៍»

កម្មវិធី​នេះ គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ក្រោម​មូលនិធិ​ពី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ស៊ុយអែត។

មន្ត្រី​អង្គការ​ដដែល​បាន​រំពឹង​ទុក​ថា តាម​រយៈ​កម្មវិធី​នេះ យុវជន​រាប់​ពាន់​នាក់​ទៀត​នៅ​កម្ពុជា នឹង​ទទួល​បាន​ការ​យល់​ដឹង​រួម​ទាំង​បទ​ពិសោធន៍ ដើម្បី​លើក​ស្ទួយ​តម្លាភាព និង​សុចរិត​ភាព​នៅ​ក្នុង​សង្គម។ យុវជន​នឹង​បង្កើត​វិធី​សាស្ត្រ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង ដែល​ពួក​គេ​បាន​ទទួល​ទៅ​ដល់​មិត្តភ័ក្ដិ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ទាក់​ទង​នឹង​តម្លាភាព គណនេយ្យ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​សង្គម និង​តួនាទី​របស់​ខ្លួន ក្នុង​ការ​រួម​ចំណែក និង​លើក​តម្កើង​គណនេយ្យ​ភាព និង​សុចរិត​ភាព​សង្គម។

ក្រៅ​ពី​នោះ យុវជន​នឹង​បាន​យល់​ដឹង​ពី​មធ្យោបាយ​ក្នុង​ការ​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សហគមន៍​ដែល​គាត់​រស់​នៅ។ កម្មវិធី​ក៏​នឹង​ផ្ដល់​នូវ​ផ្នត់​គំនិត និង​ការ​កែលំអ​នូវ​ចរិត​លក្ខណៈ​របស់​យុវជន​ជំនាន់​ក្រោយ ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អាជីព​ការងារ​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​សង្គម​ការងារ​របស់​គេ​ប្រកប​ដោយ​ការ​យល់​ដឹង​ពី​តម្លៃ​នៃ​ភាព​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល