អ្នកឃ្លាំមើលនិងមន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉ា និងចាប់បញ្ជូនលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឱ្យតុលាការថៃ ក្នុងក្របខ័ណ្ឌប៉ូលិសអាំងទែប៉ូល ក្នុងនាមកម្ពុជាជាសមាជិក ព្រមទាំងតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាបត្យាប័នកម្ពុជា-ថៃ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា ដីការបស់តុលាការថៃ តាមចាប់ខ្លួនជនសង្ស័យពីរនាក់ គឺជាដីកាអត់ប្រយោជន៍ បើភាគីថៃមិនស្វះស្វែងរកកិច្ចសហការអនុវត្តជាមួយរដ្ឋាភិបាលកម្ពុជា។
អាជ្ញាធរកម្ពុជាមានកាតព្វកិច្ចរកយុត្តិធម៌ជូនលោក លិម គិមយ៉ា
មន្ត្រីសិទ្ធិមនុស្ស និងបក្សប្រឆាំងលើកឡើងថា លោក លិម គិមយ៉ា គឺជាជនជាតិខ្មែរ ដូច្នេះរដ្ឋាភិបាលក្រុងភ្នំពេញ មានកាតព្វកិច្ចស្រាវជ្រាវ ស៊ើបអង្កេត និងសហការជាមួយអាជ្ញាធរថៃ រួមទាំងភាគីបារាំងផង ដើម្បីរកយុត្តិធម៌ជូនលោក លិម គិមយ៉ា និងបុព្វហេតុយុត្តិធម៌ តាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតីអន្តរជាតិ។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹងសែន ករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែមីនា ថា លើគោលការណ៍យុត្តិធម៌ និងការការពារផលប្រយោជន៍ខ្មែរ រដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការស៊ើបអង្កេតករណីឃាតកម្មលោក លិម គិមយ៉ា ដែលជាពលរដ្ឋខ្មែរ ដោយមិនចាំបាច់ មានការស្នើសុំពីភាគីណាឡើយ។ ចំពោះការចាប់បញ្ជូនជាជនសង្ស័យពីរនាក់ទៅឱ្យភាគីថៃ អនុវត្តនីតិវិធីវិញ លោកថា ករណីនេះជាការចាំបាច់ ដែល ត្រូវតែធ្វើ ព្រោះស្របតាមកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ក្នុងក្របខ័ណ្ឌ ប៉ូលិសអាំងទែប៉ូល ក្នុងនាមកម្ពុជាជាសមាជិក។
លោក ស៊ឹង សែនករុណា ថា ទង្វើមិនអើពើរបស់រដ្ឋាភិបាលកម្ពុជា ក៏អាចធ្វើឱ្យសហគមន៍អន្តរជាតិ មើលឃើញអំពីវិធានការច្បាប់បែបរើសអើង ចំពោះពលរដ្ឋ ខ្មែរ ដែលមាននិន្នាការប្រឆាំង ហើយរបៀបអនុវត្តបែបនេះ អាចនាំឱ្យអ្នកដឹកនាំរដ្ឋាភិបាលភ្នំពេញ ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងកម្ពុជាជាសមាជិកនៃប៉ូលិសអាំងទែប៉ូល គួរតែមានការពិនិត្យមើលដីកាហ្នឹងមកអនុវត្ត មិនចាំបាច់ទាល់តែភាគីថៃ ទាល់តែមកទំនាក់ទំនងដើម្បីមានវិធានការសហការប្រតិបត្តិការអ្វីទៀតទេ ពីព្រោះខ្លួនឯង គឺជាសមាជិករបស់ប៉ូលិសអន្តរជាតិអាំងទែប៉ូលទៅហើយ។ មួយទៀត ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់តុលាការថៃ គេបានបញ្ជាក់យ៉ាងហើយថា ពីរនាក់ហ្នឹងគឺនៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងគេទាមទារឱ្យមានការចាប់ខ្លួនបញ្ជូនទៅដល់ប្រទេសថៃឬក៏តុលាការដើម្បីគេធ្វើកិច្ចការងារបន្តនីតិវិធី វែកមុខអ្នកនៅពីក្រោយខ្នង»។
ឃាតកម្មលើជនជាតិខ្មែរ រដ្ឋាភិបាលបែរជារង់ចាំថៃមកសហការ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា ដីការបស់តុលាការថៃ តាមចាប់លោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន គឺជាដីកាអត់ប្រយោជន៍ បើភាគីថៃមិនស្វះស្វែងរកកិច្ចសហការអនុវត្តដីកានេះ ជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ ខណៈលោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជារង់ចាំធ្វើការជាមួយអាជ្ញាធរថៃ។
លោក ខៀវ សុភ័គ៖ «ដូច្នេះ ត្រូវរកវិធីដើម្បីសហការគ្នា ដើម្បីអនុវត្តដីកាហ្នឹងឱ្យច្បាស់លាស់មើល ឱ្យapproach[ចូលឱ្យដល់]រដ្ឋាភិបាលមើលបញ្ជូនមកពាក់ព័ន្ធគ្នាមើល។ តើដីកាវាហោះពីបាងកកមកចាប់អាពីរនាក់ទៅឬម៉េច?ដីកាហ្នឹងវាជិះយន្តហោះពីបាងកកមកចាប់ពីរនាក់ហ្នឹង ដីកាហ្នឹងវាចងពីរនាក់ទៅយ៉ាងម៉េច?សូម្បីតែដីការបស់កម្ពុជា បង្គាប់មកសមត្ថកិច្ចរបស់កម្ពុជាដើម្បីចាប់ខ្លួន។ សូម្បីតែតុលាការកម្ពុជា ក៏ចេញបង្គាប់ដែរ។ ដីកាហ្នឹងដីកាឥតប្រយោជន៍។ នេះមានតែ[វិធី]មួយទេ។ យើងរង់ចាំ សហការជាមួយគ្នា ដើម្បីអនុវត្តកិច្ចការផ្សេងៗតាមច្បាប់ប្រទេសនីមួយៗ អនុញ្ញាតប៉ុណ្ណឹង»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ អះអាងថា ការបំភ្លឺរបស់លោក ខៀវ សុភ័គ បង្ហាញកាន់តែច្បាស់អំពីការជាប់ពាក់ព័ន្ធរបស់អ្នកមានអំណាចនៅកម្ពុជា។
លោក ម៉ែន សុថាវរិន្ទ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនា ថា រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានមូលហេតុ ដែលត្រូវគេចវេះពីការចាប់បញ្ជូនជនសង្ស័យជនជាតិខ្មែរពីរនាក់ ទៅឱ្យភាគីថៃឡើយ ពីព្រោះនេះជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំ។ លោកពន្យល់បន្ថែមថា រដ្ឋាភិបាលថៃធ្លាប់បញ្ជូនសមាជិកគណបក្សប្រឆាំងជាច្រើននាក់ ទៅកម្ពុជា ដោយបំពានស្មារតីបត្យាប័ន។ ដូច្នេះ លោកថា ពុំមានហេតុផលអ្វី ដែលរដ្ឋាភិបាលកម្ពុជាបញ្ជូនជនសង្ស័យខ្មែរពីរនាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទៅឱ្យភាគីថៃនោះទេ។
ចំពោះការស៊ើបអង្កេតសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា វិញ លោក ម៉ែន សុថាវរិន្ទ អះអាងថា រដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើក្នុងនាមរដ្ឋអធិបតេយ្យ ដែលត្រូវការពារពលរដ្ឋ។
លោក ម៉ែន សុថាវរិន្ទ៖«នីតិវិធី គឺប៉ូលិស[បារាំង]ជាអ្នកស៊ើបសួរទាំងអស់ សួរប្រពន្ធលោក លិម គិមយ៉ា[អ្នកស្រី]អានី!សួរ[កូនប្រុសលោក លិម គិមយ៉ា]តូម៉ា សួរលោក សម រង្ស៊ី ភរិយាគាត់ និងខ្ញុំជាសាក្សីផ្សេងក្នុងនាមជាតំណាងរាស្ត្រជាមួយគ្នាអីហ្នឹង។ អ៊ីចឹងគេហើយអស់ហើយ គេមានជាកញ្ចប់ហើយ គេបញ្ជូនទៅខាងអាជ្ញាធរខាងចៅក្រមម្ដង ហើយចៅក្រមក៏បង្កើតជាគណៈកម្មការមួយ ដើម្បីធ្វើការទំនាក់ទំនងទៅប្រទេសថៃនិងប្រទេសកម្ពុជា រៀបចំហ្នឹងហើយ គេប្រគល់ឱ្យរដ្ឋរដ្ឋាភិបាលបារាំងគេទំនាក់ទំនងទៅខាងទូតគេ!ទូតគេត្រូវសួរដែរអីដែរ»។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោកហ្សាក់ ប៉ឺឡេ (Jacques PELLET) បានជួប រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែមករា ដោយរំឭកលោក ប្រាក់ សុខុន ថា ភាគីបារាំងតាមដានយ៉ាងយកចិត្តទុកដាក់លើ ការស៊ើបអង្កេតស្ដីពីឃាតកម្មលើលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកបក្សប្រឆាំងកម្ពុជា។
មួយខែក្រោយមក នៅថ្ងៃទី២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតបារាំង បានជួបអគ្គស្នងការ រងនគរបាលជាតិ និងជាកូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដើម្បីពិភាក្សាអំពីវិធានការធ្វើឡើងដោយអាជ្ញាធរកម្ពុជា ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតរបស់ប្រទេសថៃ ជុំវិញឃាតកម្មលោក លិម គិមយ៉ា។
អត្ថបទដែលទាក់ទង៖
កម្ពុជារង់ចាំសហការនឹងភាគីថៃចាប់បញ្ជូនជនសង្ស័យខ្មែរពីរនាក់ ករណីឃាតកម្មលើលោក លិម គិមយ៉ា
លោក សម រង្ស៊ី ជំរុញលោក ឌី វិជ្ជា ឱ្យសហការជាមួយបារាំង វែកមុខមេខ្លោងសម្លាប់លោក លិម គិមយ៉ា
អគ្គរដ្ឋទូតបារាំងជួបលោក ឌី វិជ្ជា ពាក់ព័ន្ធករណីឃាតកម្មលើលោក លិម គិមយ៉ា
លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi)បាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ដែលមកដល់ពេលនេះ មានរយៈពេលជិតពីរខែហើយ។ ជនសង្ស័យជាជនជាតិខ្មែរពីរនាក់ទៀត គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ដែលស្ថិតនៅកម្ពុជាមិនត្រូវបានរដ្ឋាភិបាលត្រកូល ហ៊ុន ចាប់បញ្ជូនទៅឱ្យតុលាការថៃអនុវត្តដំណើរការក្ដីឡើយ។
ប្រការទី២ ស្ដីពីកាតព្វកិច្ចនៃការធ្វើបត្យាប័ន ចែងថា ដោយអនុលោមតាមបទបញ្ញត្តិទាំងឡាយ នៃសន្ធិសញ្ញានេះ ភាគីចុះកិច្ចព្រមព្រៀងមានភារកិច្ចធ្វើបត្យាប័នទៅភាគីម្ខាងទៀត នូវជនទាំងឡាយណា ដែលត្រូវបានឃើញនៅលើដែនដី នៃភាគីចុះកិច្ចព្រមព្រៀងណាមួយ ហើយជនទាំងនោះ កំពុងត្រូវគេតាមចាប់ខ្លួន ដើម្បីធ្វើការចោទប្រកាន់ ដើម្បីធ្វើការជំនុំជម្រះក្ដី ឬដើម្បីឱ្យទទួលទោស ឬអនុវត្ត ទណ្ឌកម្មតាមទោសកំណត់នៅលើទឹកដីរបស់ភាគីម្ខាងទៀត ចំពោះបទល្មើស ដែលអាចធ្វើបត្យាប័នបានណាមួយ។
អ្នកឃ្លាំមើលលើកឡើងថា ស្មារតីនៃរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាបត្យាប័ននេះ មិនរាំងស្ទះដល់រដ្ឋាភិបាលកម្ពុជា ក្នុងការចាប់បញ្ជូនពលរដ្ឋខ្មែរ គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឱ្យតុលាការថៃឡើយ ពីព្រោះអ្នកទាំងពីរជាប់សង្ស័យនឹងឃាតកម្មសម្លាប់មនុស្ស។ ម្យ៉ាងទៀត សន្ធិសញ្ញាបត្យាប័នកម្ពុជា-ថៃ បដិសេធដាច់ខាត ក្នុងការធ្វើបត្យាប័ន តែក្នុងករណីបទល្មើសជាកម្មវត្ថុនយោបាយ មូលហេតុពូជសាសន៍ សាសនា ឬក្នុងលក្ខខណ្ឌច្បាប់អាជ្ញាសឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
