ព័ត៌មាន​សំខាន់ៗ​ ចំនួន៩ ដែលលោក​អ្នកនាងគួរអាន​នៅថ្ងៃចន្ទ​នេះ

ដោយ អាស៊ីសេរី
2023.01.29
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ ចំនួន៩ ដែលលោក​អ្នកនាងគួរអាន​នៅថ្ងៃចន្ទ​នេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជួបជុំសមាជិកគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ណែនាំ​ឱ្យ​ក្រុម​ការងារ​របស់​បក្ស​ចាប់​ផ្ដើម​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​នៅ​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ដែល​ចុះ​ទៅ​ពង្រឹង​សមាជិក​នៅ​តាម​មូលដ្ឋាន​ឱ្យ​ធ្វើការ​ប្រកប​ដោយ​ក្រម​សីលធម៌ ដើម្បី​ជៀស​វៀង​ការ​គំរាម​កំហែង​ពី​គណបក្ស​កាន់​អំណាច។ អានព័ត៌មានពិស្តារ...

បក្សកាន់អំណាច​ប្តេជ្ញា «កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុលនិយម» ឱ្យ​អស់​ពី​កម្ពុជា

បក្ស​កាន់អំណាច​ប្តេជ្ញា​កម្ចាត់ «នយោបាយ និង​សកម្មភាព​ជ្រុលនិយម» គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា។ ការប្តេជ្ញាចិត្ត​នេះ គឺជា​ផ្នែកមួយ​នៃ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់អំណាច រយៈពេល​ពីរ​ថ្ងៃ ដែល​ទើបនឹង​បិទបញ្ចប់​ទៅ​កាលពី​ថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​នេះ គណបក្ស​នេះ នៅតែ​មិនទាន់​ហ៊ាន​ដាក់​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​នេះ​នៅឡើយទេ ដោយ​បន្ត​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​ដដែល។ អានព័ត៌មានពិស្តារ...

. មេ​សហជីព​រិះគន់​ធនាគារ​អេប៊ីអេ (ABA)​មិន​បើក​ប្រាក់​ជំនួយ​មនុស្សធម៌​ដល់​បុគ្គលិក​ណាហ្គាវើលដ៍​ថា​ជា​រឿង​មិន​ត្រឹមត្រូវ

មេសហជីព​លើកឡើង​ថា ​សហជីព​មាន​សិទ្ធិ​ទទួល​ជំនួយ​មនុស្សធម៌​ពី​ប្រភព​ស្របច្បាប់។ ពួកគាត់​លើកឡើង​ថា​ ធនាគារ​ក្នុង​ស្រុក​ដែល​បដិសេធ​ពុំ​បើក​ប្រាក់​មូលនិធិ​មនុស្សធម៌​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​អេប៊ីអេ (ABA) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូល​គណនី​ធនាគារ​របស់​សហជីព​បុគ្គលិក​ណាហ្គាវើលដ៍​ពី​អង្គការ​មូលនិធិ​អន្តរជាតិ​មួយ ដើម្បី​ជួយ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ។ អានព័ត៌មានពិស្តារ...

. ​ប្រតិភូ​ខ្មែរ​ក្រោម​ជំរាប​ប្រាប់​សន្និសិទ​អន្តរ​សាសនា​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។ ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើងថា ​​សន្និសិទ​នេះ​ជា​ឱកាស​មាស​ដើម្បី​ជំរាប​មេ​ដឹកនាំ​សាសនា​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ឲ្យ​ស្វែង​យល់​ពី​ការ​ប្រវត្តិ​នៃការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​។ អានព័ត៌មានពិស្តារ...

. អ្នកវិភាគ ថា លោក ហ៊ុន សែន ចាត់តាំង​ក្រុម​មេធាវីស្ម័គ្រចិត្ត​ឲ្យ​ការពារ​ស្ត្រីសេវា​កម្សាន្ត ជា​ការ​កេង​ចំណេញ​នយោបាយ

អ្នកវិភាគ​នយោបាយនិង​សហជីព​លើកឡើង​ថា ការដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​ ចាត់​តាំង​ឲ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ជួយផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់​ស្ត្រីបម្រើ​សេវា​កម្សាន្ត​ទូទាំង​ប្រទេស​នេះ គឺជាការ​ប្រកាស​ដដែលៗ និង​មិន​អាច​ជួយ​ស្ត្រីរងគ្រោះបាន​ច្រើន​ទេពួកគាត់​យល់ថា រដ្ឋាភិបាល គួរតែ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌​ទាំងមូល ទើបអាច​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប។

. ពលករ និង​សកម្មជន​បក្សភ្លើងទៀន​នៅ​ប្រទេសថៃ​ប្រមូល​ម្ដុំគ្នា​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ដោះលែង​លោក ថាច់ សេដ្ឋា សារជាថ្មី

ពលករខ្មែរ​និង​សកម្មជន​បក្សភ្លើង​ទៀន​ជិត​១០០​នាក់​នៅ​ប្រទេសថៃ បាន​ប្រមូលម្ដុំ​គ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែង​អនុប្រធាន​បក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ។ សង្គមស៊ីវិលថា ការស្នើរបស់​ពលករ​នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​រដ្ឋាភិបាល​គួរ​តែ​ពិចារណា និងដោះលែង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

. ពលរដ្ឋ​មួយចំនួន​មិន​រំពឹង​ថា​ នឹង​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពី​ជនជាតិចិន​ត្រឡប់​មក​វិញ

ពលរដ្ឋខ្មែរ​មួយចំនួន​រស់នៅ​ក្រុងភ្នំពេញ និង​ខេត្តទេសចរណ៍ បាន​សម្ដែង​មតិ​ផ្ទុយ​ជុំវិញ​ការវិល​ត្រឡប់​មកវិញ​របស់​ភ្ញៀវ​ទេសចរចិន។ អ្នកខ្លះ​រំពឹងថា នឹង​អាច​រក​ចំណូល​ពី​របរ​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​ថា ចិន​ប្រើប្រាស់​សេវាកម្ម​របស់​ជនជាតិចិន​គ្នា​ឯង ហើយ​ខ្មែរ​មិន​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវចិន។ អានព័ត៌មានពិស្តារ...

.ក្រសួង​ព័ត៌មានចាប់​ផ្ដើម​ហៅអ្នកសារព័ត៌មាន​អនឡាយ (online) ណែនាំ​ឱ្យ​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន​ចាប់ផ្ដើម​ហៅអ្នកសារព័ត៌មាន​អនឡាយ (online) មកណែនាំ​ឱ្យ​ធ្វើការ​ងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និងក្រមសីលធម៌ កាលពីថ្ងៃទី២៧ ខែមករា។ ចំណាត់ការនេះ​ធ្វើឡើង​បន្ទាប់ពី​ មាន​បញ្ជាពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ឱ្យហៅ​អ្នកសារព័ត៌មាន​អនឡាយ (online) ទាំងអស់​យក​ទៅ​អប់រំ។ អ្នកជំនាញខាង​សារព័ត៌មាន យល់ឃើញថា ការណែនាំ​អ្នកសារព័ត៌មាន​ពី​វិជ្ជាជីវៈ​ជារឿងល្អ ប្រសិនបើជាកាណែនាំ​មិនបង្គាប់​បញ្ជា​ឱ្យអ្នកសារព័ត៌មាន​ធ្វើនេះ​ធ្វើនោះ​ដែលអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្តសិទ្ធិសេរីភាព​ការងារ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។