ក្រុមយុវជនរស់នៅខេត្តសៀមរាបទាមទារឱ្យតុលាការដោះលែងអតីតចៅសង្កាត់រងទី២ នៃសង្កាត់សាលាកំរើក លោក នង ធារ៉ា មកពីគណបក្សភ្លើងទៀន ព្រមទាំងសកម្មជនគណបក្សប្រឆាំង ៣រូបទៀត ដែលជាយុវជនពេញកម្លាំងកំពុងជាប់ពន្ធនាគារនៅខេត្តសៀមរាប។
ការទាមទារនេះធ្វើឡើងក្រោយពីពួកគេបានទៅសួរសុខទុក្ខ សកម្មជនបក្សប្រឆាំងទាំងនេះ ក្នុងពន្ធនាគារកាលពីពេលថ្មីៗ នេះ។
ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង «ជាការបំបាក់ស្មារតី»
ក្រុមយុវជននៅខេត្តសៀមរាបចាត់ទុក ការឃុំខ្លួនសកម្មជនគណបក្សប្រឆាំង ដែលសុទ្ធសឹង ជាយុវជនពេញកម្លាំងទាំងនេះថា ជារឿងអយុត្តិធម៌ បំបាក់ស្មារតីពួកគាត់ឱ្យបាត់ឱកាស ជួយពលរដ្ឋរងគ្រោះ និងបាត់ឱកាសចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ក្នុងនាមជាចៅសង្កាត់រង ក្នុងក្រុងសៀមរាប។
យុវតីរស់នៅខេត្តសៀមរាបដែលទៅសួរសុខទុក្ខអ្នកជាប់ឃុំគឺកញ្ញា ចាន់ ម៉ីម៉ី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៦ កុម្ភៈថា បច្ចុប្បន្នលោក នង ធារ៉ា នៅតែមានជំហររឹងមាំ ក៏ប៉ុន្តែទឹកមុខស្លេកស្លាំងបន្តិចដោយសារដេកមិនគ្រប់គ្រាន់។
កញ្ញាបន្ថែមថា យុវជនរូបនេះប្រាប់កញ្ញាថា លោកមិនបោះបង់ការងារជួយសង្គមជាតិនោះឡើយ និងចង់មានសេរីភាព ដើម្បីបម្រើពលរដ្ឋក្នុងសង្កាត់សាលាកំរើកឡើងវិញ។ កញ្ញាទទូចដល់តុលាការឱ្យដោះលែងលោក នង ធារ៉ា និងសកម្មជននយោបាយផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បញ្ចេញសមត្ថភាពជួយសង្គមជាតិថ្នាក់មូលដ្ឋាន។
កញ្ញា ចាន់ មីមី៖«ស្មារតីនៃការស្រឡាញ់របស់គាត់ ទាំងប្រទេសជាតិចង់ចូលរួមការពារប្រទេសជាតិ គឺនៅតែមានភាពខ្លាំងក្លាដដែល ថ្វីត្បិតតែគាត់នៅទីកន្លែងមិនមានសេរីភាពក៏ពិតមែនពីព្រោះឆន្ទៈនិងការស្រឡាញ់របស់គាត់ គឺនៅតែដដែល ហើយអ្វីដែលគាត់ចង់បានគឺមិនមែនទាមទារប្រាក់កាក់អ្វីទេ អ្វីគាត់ចង់បានគ្រាន់តែសៀវភៅ»។
កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៥ តុលាការខេត្តសៀមរាបបានផ្ដន្ទាទោសសកម្មជនគណបក្សប្រឆាំង ៣នាក់ ឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ១៨លានរៀល អំពីបទ «គំរាមកំហែង និងគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។
សកម្មជនគណបក្សប្រឆាំងដែលតុលាការផ្ដន្ទាទោសនោះរួមមាន លោក ព្រហ្ម សុព្រឹក្ស លោក នង ធារ៉ា និងលោក អាំង សុផារិទ្ធ ដែលពួកគាត់មានងារជាចៅសង្កាត់រងជាប់ឆ្នោតនៃគណបក្សភ្លើងទៀន ក្នុងក្រុងសៀមរាប។ លោក ព្រហ្ម សុព្រឹក្ស ជាចៅសង្កាត់រងទី២ នៃសង្កាត់ជ្រាវ ឯលោក នង ធារ៉ា ជាចៅសង្កាត់រងទី២ នៃសង្កាត់សាលាកំរើក ហើយលោក អាំង សុផារិទ្ធ ជាចៅសង្កាត់រងទី២ នៃសង្កាត់ទឹកវិល។ ក្រោយពីតុលាការផ្ដន្ទាទោស ពួកគាត់បានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បាត់ដំបងរួចហើយ។
ចំណែក សកម្មជនគណបក្សប្រឆាំងម្នាក់ទៀត រស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក វ៉ា ឃីម ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ មុនពួកគាត់រយៈពេលមួយខែដែរ ក្នុងសំណុំរឿងតែមួយ។
យុវជនរស់នៅខេត្តសៀមរាប លោក អួន វណ្ណៈ យល់ថា សំណុំរឿងនេះ ជារឿងខាតបង់ប្រយោជន៍សង្គមជាតិ ខណៈយុវជនទាំងនេះមានសមត្ថភាព និងឆន្ទៈស្មោះត្រង់ចំពោះជាតិ ដែលតែងតែឈឺឆ្អាលរាល់បញ្ហាប្រឈមរបស់ពលរដ្ឋ។
លោក អួន វណ្ណៈ៖«សង្កាត់សាលាកំរើកគាត់ជាប់ឆ្នោតហ្នឹង គាត់ចេះជួយយកអាសា ចេះជួយទុក្ខធុរៈដល់អ្នកដទៃ លើកបញ្ហាប្រឈមមួយចំនួនទៀតនៅមូលដ្ឋាន ចំពោះពលរដ្ឋមានបញ្ហា ហើយនៅពេលចាប់គាត់ទៅ សួរថា ចាប់គាត់ទៅមានចំណេញអ្វីទេ?ដែលគាត់នៅពន្ធនាគារ បើសិនជាយើងដោះស្រាយក្រៅប្រព័ន្ធតុលាការ យើងអាចដោះស្រាយចេញ ក៏ប៉ុន្តែ ខ្ញុំមិនដឹងថា ជារឿងបុគ្គលមែន ឬក៏នយោបាយទេ»។
ភរិយា លោក ព្រហ្ម សុព្រឹក្ស អតីតចៅសង្កាត់រងទី២ នៃសង្កាត់ជ្រាវ ដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី គង់ ចន្ថា បង្ហាញពីជីវភាពលំបាកលំបិន និងកូនៗ ខ្វះភាពកក់ក្ដៅ ក្រោយពីប្ដីជាប់ពន្ធនាគារជាង ៧ខែមកហើយ។
លោកស្រីក៏ទទូចដល់តុលាការឱ្យដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពចួបជុំក្រុមគ្រួសារវិញ ៖
លោកស្រី គង់ ចន្ថា៖«ដល់គាត់ជា បើធនាគារអ៊ីចឹងទៅ វាធ្វើឱ្យគ្រួសារខ្ញុំពិបាក ហើយកូន ក៏ខ្វះភាពកក់ក្ដៅ ឯការប្រកបមុខរបរចិញ្ចឹមជីវិត ក៏មិនសូវពេញលេញដែរ គឺវាខ្វះខាតខ្លាំង»។
ឆ្លើយតបរឿងនេះ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប អ្នកស្រី យឹម ផល្លី ដែលជាដើមបណ្ដឹងប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងនេះជាទំនាស់បុគ្គល ពុំមែនពាក់ព័ន្ធរឿងនយោបាយ ដែលមានគណបក្សកាន់អំណាចនៅពីក្រោយខ្នងនោះទេ។
លោកស្រីថា បើទោះបីជាអ្នកជាប់ឃុំទាំងនេះ សូមទោសលោកស្រី ក៏លោកស្រីមិនអនុគ្រោះឱ្យដែរ។
លោកស្រី យឹម ផល្លី៖«ខ្ញុំសូមបញ្ជាក់ថា រឿងបុគ្គល ដែលខ្ញុំបានប្ដឹង!ព្រោះខ្ញុំជាមន្ត្រីនយោបាយ ហើយខ្ញុំក៏មានសិទ្ធិ។ សិទ្ធិឯកជន មានសិទ្ធិក្នុងការទាមទារសិទ្ធិខ្ញុំក្នុងនាមជាពលរដ្ឋមួយរូបដែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីសុំការអធិប្បាយជុំវិញ ការទាមទារឱ្យដោះលែងអ្នកទោសនយោបាយទាំងនេះបាននៅឡើយទេ នៅថ្ងៃទី២៦ កុម្ភៈ។
អត្ថបទដែលទាក់ទង៖
តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ៣នាក់ ឱ្យជាប់គុក ១៨ខែ
ជនមិនស្គាល់មុខលួចកាត់បំផ្លាញបដាបក្សភ្លើងទៀនជាច្រើនកន្លែង នៅខេត្តសៀមរាប
យុវជនបក្សប្រឆាំងនៅក្រុងសៀមរាប «មានចំណេះដឹង និងសមត្ថភាពខ្ពស់ជួយពលរដ្ឋ»
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេតឃើញថា យុវជនបក្សប្រឆាំងទាំងនេះជាចៅសង្កាត់រងក្រុងសៀមរាប មានចំណេះដឹង និងសមត្ថភាពខ្ពស់ ជួយពលរដ្ឋ និងចូលរួមការងាររដ្ឋបាលឃុំ/សង្កាត់ជាមួយរដ្ឋាភិបាល។
បញ្ហានេះលោកយល់ថា តុលាការជាន់ខ្ពស់គួរតែពិចារណាដោះលែងពួកគាត់ឱ្យនៅក្រៅឃុំ។
លោក អ៊ិន គង់ជិត៖«វាជារឿងផ្ទៃក្នុង ហើយវាជារឿងអយុត្តិធម៌។ ដូច្នេះ សូមឱ្យតុលាការមេត្តាពិចារណាទៅលើកង្វល់ និងសំណូមពររបស់ពួកគាត់។ ពួកគាត់យល់ថាមិនបានប៉ះពាល់នយោបាយអ្វីដល់រដ្ឋាភិបាលទេហើយគាត់គ្រាន់តែជាទំនាស់ផ្ទៃក្នុងនៃអតីតគណបក្សជំទាស់របស់ពួកគាត់ប៉ុណ្ណោះ»។
អាជ្ញាធរបានចាប់ខ្លួនពួកលោកទាំង ៣នាក់ កាលពីខែសីហា ឆ្នាំ២០២៤ តាមបណ្ដឹងរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប អ្នកស្រី យឹម ផល្លី។
ការប្ដឹងផ្ដល់នេះកើតឡើងក្រោយពេលអ្នកទាំង៣ បានបង្ហោះសាររិះគន់ថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលលុបឈ្មោះពួកលោកចេញពីគណបក្ស និងដកតំណែងពួកគាត់ ដែលជាចៅសង្កាត់រងទី២ ក្រុងសៀមរាប ហើយចោទថា មាននិន្នាការគាំទ្រគណបក្សកម្លាំងជាតិ ដែលបែកចេញពីគណបក្សភ្លើងទៀន។
គិតមកដល់ពេលនេះ មានសកម្មជននយោបាយ មន្ត្រីសង្គមស៊ីវិលនិងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលចំនួនជាង ៩០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមបទចោទ ដែលមានចរិតនយោបាយ ក្នុងនោះជិត ៨០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោមរបបដឹកនាំរបស់លោក ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
