សមត្ថកិច្ច​ចាប់​បាន​មេខ្លោង​ជនជាតិ​ចិន​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​ក្មេង​ស្រី ហេង សៀវលី

0:00 / 0:00

មេខ្លោង​នៃ​ក្រុម​ជើង​កាង​ជនជាតិ​ចិន​មួយ​ក្រុម ដែល​បាន​រៀបចំ​គម្រោង​សម្លាប់​នារី​វ័យ​ជំទង់​ ឈ្មោះ ហេង សៀវលី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ។ ម្ដាយ​នារី​រងគ្រោះ​បញ្ជាក់​ថា មេខ្លោង​ដែល​សម្លាប់​កូនស្រី​គាត់​គឺ​ជា​មេក្រុម​ដែល​កំពុង​ប្រតិបត្តិការ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ហើយ​ការ​សម្លាប់​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី គឺ​ដើម្បី​បំបិទ​មាត់​ព្រោះ​ក្រុម​ឃាតករ​បារម្ភ​ពី​ការ​បែក​ធ្លាយ​ការ​សម្ងាត់​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត និង​អំពើ​ឆបោក​តាម​អនឡាញ​របស់​ពួកគេ។

កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហាញ​មុខ​មេខ្លោង​ជនសង្ស័យ​ជនជាតិ​ចិន​ឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) ដែល​រៀបចំ​ផែនការ​សម្លាប់​នារី​រងគ្រោះ​វ័យ ១៨ឆ្នាំ​ឈ្មោះ ហេង សៀវលី ដើម្បី​បំបិទ​មាត់ និង​បារម្ភ​ថា ជនរងគ្រោះ​លាតត្រដាង​អំពី​ប្រតិបត្តិការ​ឆបោក​តាម​ល្បែង​អនឡាញ ចាប់​ជំរិត​ទារ​ប្រាក់ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទៀត។

កម្លាំង​ជំនាញ​បាន​អះអាង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​អំពី​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជនសង្ស័យ​ជា​មេ​ឃាតករ​រូប​នេះ គឺ​មាន​ការ​ចូល​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​វៀតណាម និង​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី៦ ខែមីនា នៅ​ក្នុង​ទឹក​ដី​ក្រុងបាវិត ខេត្តស្វាយរៀង។

ចម្លើយ​សារភាព​ជន​សង្ស័យ​ជនជាតិ​ចិន ២នាក់​ម្នាក់​ឈ្មោះ ចេន កុង (Chen Cong) គឺ​ជា​មិត្ត​ប្រុស​របស់​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី និង​ម្នាក់​ទៀត​មាន​ឈ្មោះ លី ហាវហាវ (Li HaoHao) បាន​សារ​ភាព​ថា ពួកគេ​ពិត​ជា​បាន​ចូលរួម​ក្នុង​ផែនការ​ជនសង្ស័យ​ដែល​ជា​មេខ្លោង​ពួកគេ​ឈ្មោះ យ៉ាង ខៃស៊ីន សម្លាប់​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ ដោយសារ​តែ​បារម្ភ​អំពី​ការ​បែក​ធ្លាយ​រ៉ាវ​រឿង​សម្ងាត់​របស់​ពួកគេ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ស ថេត ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែមីនា។

ក្រុម​ឃាតករ​បាន​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី រហូត​ដល់​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ បន្ទាប់​មក​ក្រុម​ឃាតករ​បាន​ដោះ​សំលៀកបំពាក់​នារី​រងគ្រោះ​ហើយ​ដឹក​សាកសព​យក​ទៅ​កប់​ក្នុង​ដី​ខ្សាច់​នៅ​ជិត​បឹង​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ម្ដាយ​នារី​រងគ្រោះ​គឺ​លោកស្រី ទឹម សុភី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៦ ខែមីនា​ថា កូន​លោកស្រី​ឈ្មោះ ហេង សៀវលី កាល​ពី​ថ្ងៃ​ទី២៧ ខែមករា បាន​នាំ​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន​ឈ្មោះ ចេន កុង និង​បក្ខ​ពួក​របស់​ពួកគេ​ចំនួន ២ នាក់​ទៀត​មក​លេង​ផ្ទះ​លោកស្រី ដើម្បី​ស្នើ​សុំ​កូនស្រី​ទៅ​បម្រើ​ការងារ​អនឡាញ (Online) ឱ្យ​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ​នៅ​រាជធានី​ភ្នំពេញ។ លោកស្រី​បញ្ជាក់​ថា ជនសង្ស័យ​ជា​ក្រុម​ឃាតករ​ទាំង​នោះ​បាន​ល្បួង​កូន​លោកស្រី​ជាច្រើន​លើក​ច្រើន​សារ​ដោយ​បញ្ជាក់​ថា ពួកគេ​នឹង​ជួល​ខុនដូ (Condo) ឱ្យ​កូនស្រី​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បង្ហាត់​ការងារ​ផ្នែក​អនឡាញ​ដល់​នារី​ជនរងគ្រោះ និង​បញ្ជាក់​ថា ប្រភេទ​ការងារ​នេះ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៦រយ​ដុល្លារ ទៅ ៧រយ​ដុល្លារ​ក្នុង​មួយ​ខែ។

លោកស្រី ទឹម សុភី បញ្ជាក់​ថា កូនស្រី​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការងារ​ជា​អ្នក​លក់​ឥវ៉ាន់​នៅ​អគារ​ណានហៃ (Nanhai) ក្នុង​ខេត្តព្រះសីហនុ និង​មក​រាជធានី​ភ្នំពេញ​តាម​ការ​ល្បួង​របស់​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ​នៅ​ដើម​ខែកុម្ភៈ។ លោកស្រី​បញ្ជាក់​ទៀត​ថា កូនស្រី ឈ្មោះ ហេង សៀវលី ពេល​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម​នាង​មិន​ត្រូវ​បាន​ក្រុម​ជើង​កាង​ជនជាតិ​ចិន​ទាំង​នោះ​ឱ្យ​បម្រើ​ការងារ​អនឡាញ​ទេ ហើយ​អំឡុង​ពេល​ជាង ១០ថ្ងៃ​មុន​ត្រូវ​បាន​ឃាតករ​សម្លាប់​គឺ​នាង ស្នាក់នៅ​ជាមួយ​ជនជាតិ​ចិន​ដែល​ជា​សង្សារ​ឈ្មោះ ចេន កុង នៅ​អគារ​ខុនដូ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​កម្ពស់ ៤០ជាន់ ហើយ​កូន​លោកស្រី និង​មិត្ត​ប្រុស​របស់​នាង​ស្នាក់នៅ​ជាន់​ទី១១។

លោកស្រី ទឹម សុភី៖«ខុនដូ​គេ[កូនខ្ញុំ]ថា មួយ​ខែ ៤រយ​ដុល្លារ​កូន​ប្រាប់​ថា មាន ៤០ជាន់​តែ​អត់​ដឹង​ឈ្មោះ​អី​ទេ គាត់​ជួល​បន្ទប់​មួយ​នៅ​ជាមួយ​មិត្ត​ប្រុស​ហ្នឹង។ ចិន​វា​ថា នាំ​កូន​ខ្ញុំ​មក​ធ្វើ​អនឡាញ​នៅ​ភ្នំពេញ ហៅ​កូន​ខ្ញុំ​ល្បួង​មក​ពី​កំពង់សោម​មក​ធ្វើ​ការ​អនឡាញ​ឱ្យ​វា។ ចិន​ប្រាប់​ថា ធ្វើ​អនឡាញ​បើ​អត់​ចេះ​វា​អ្នក​បង្រៀន​ទៀត។ ខ្ញុំ​ដឹង​ធ្វើ​យ៉ាង​ម៉េច ពួក​អនឡាញ​ចិន​ខ្ញុំ​មិន​ដឹង​ដែរ។ ចិន​ថា ចាំ​មក​តាម​វា​ចាំ​នាំ​ទៅ​ធ្វើ​កន្លែង​គេ​មាន​ក្រុមហ៊ុន​ធ្វើ​អនឡាញ តែ​កូន​ខ្ញុំ​មិន​ទាន់​បាន​ចូល​ធ្វើ​ទេ។ ចាស!កូន​ខ្ញុំ​និយាយ​ប្រាប់​តាម​ដំណើរ​ហ្នឹង​អ៊ីចឹង»។

លោកស្រី ទឹម សុភី រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ទៀត​ថា កូនស្រី​របស់​លោកស្រី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនជាតិ​ចិន​ជាង ៦ខែមក​ហើយ ពោល​តាំង​ពី​នាង និង​សង្សារ​ជា​ជនជាតិ​ចិន​នោះ​ធ្វើ​ការងារ​នៅ​ក្នុង​អគារ​ណានហៃ​ក្នុង​ខេត្តព្រះសីហនុ​ជាមួយ​គ្នា។ លោកស្រី​បញ្ជាក់​ថា ការ​ល្បួង​របស់​ក្រុម​ជនជាតិ​ចិន​ឱ្យ​កូនស្រី​បម្រើ​ការងារ​អនឡាញ​ឱ្យ​ពួកគេ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ចំ​ពេល ដែល​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ​ផ្លាស់ប្ដូរ​ទី​កន្លែង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ក្នុង​រយៈ​ពេល ៦ខែ​ម្ដង។

លោកស្រី ទឹម សុភី៖«យើង​បារម្ភ​ថា គេ​មាន​លុយ​ខ្លាច​តែ​កូន​ខ្ញុំ​ស្លាប់​ទៅ​មិន​បាន​សង​សំណង​មក​ក៏​មិន​បាន ខ្លាច​តែ​គេ​មាន​លុយ​គេ​បុក​ទៅ​ប៉ូលិស ហើយ​យើង​វា​អត់​មាន​ខ្នង​អ៊ីចឹង»។

លោកស្រី ទឹម សុភី ឱ្យ​ដឹង​ទៀត​ថា លោកស្រី​បាន​ព្យាយាម​ផ្ដល់​សាក្សី​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​កូនស្រី​ទៅ​ប៉ូលិស​ដែរ​ពេល​លោកស្រី​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី២៨ ខែកុម្ភៈ ប៉ុន្តែ​ក្រុម​កម្លាំង​ជំនាញ​បាន​ឱ្យ​លោកស្រី​រក្សា​ភាព​ស្ងប់ស្ងាត់។

អត្ថបទដែលទាក់ទង៖

​ម្ដាយ​របស់​នារី​រងគ្រោះ៖ កូន​ខ្ញុំ​ឈប់​រៀន​ថ្នាក់ទី៩ ទៅធ្វើការរក​លុយ​ជួយ​បង់​ធនាគារ បែរ​ជា​ត្រូវ​គេ​សម្លាប់

សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ២នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់

ជុំវិញរឿងឃាតកម្ម​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ផ្ដល់​តម្រុយ​សង្ស័យ​របស់​ម្ដាយ​ជនរងគ្រោះ​គឺ​ជា​ភស្តុតាង​សំខាន់​មួយ​ទៀត​ដែល​សមត្ថកិច្ច​គួរ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ករណី​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ករណី​ឃាតកម្ម​លើ​ក្មេង​ស្រី​ជំទង់​អាយុ ១៨ឆ្នាំ។

លោក អំ សំអាត៖«ការ​ស៊ើបអង្កេត​ឃាតកម្ម​គិត​ទុក​ជា​មុន​នេះ ត្រូវ​ធ្វើ​ម៉េច​រក​ជន​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​យក​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។ ការ​ផ្ដល់​យុត្តិធម៌​គឺ​មាន​យុត្តិធម៌​មួយ​គឺ​ការ​ដាក់ ឬ​ការ​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​លើ អំពើ​ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌​ហ្នឹង។ ទី​ពីរ គឺ​ទាក់ទង​នឹង​សំណង​ជួសជុល​នឹង​ការ​បាត់បង់​ជីវិត ឬ​វិសជ្ជនា​កម្ម ផ្សេង​ទៀត​ដែល​កើត​ឡើង»។

ក្រុម​គ្រួសារ​ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​ជំរុញ​ដល់​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​គ្រួសារ​ឱ្យ​បាន​ឆាប់​តាមរយៈ​ការ​ផ្ដល់​សំណង​ជំងឺ​ចិត្ត និង​ការ​ផ្ដន្ទាទោស​ក្រុម​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី ឱ្យ​បាន​ធ្ងន់ធ្ងរ និង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បា​ប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។