មតិ​ពលរដ្ឋ​ជុំវិញ​មង្គលការ កូន​ស្រី​ទី​ពីរ​របស់​លោក នេត សាវឿន ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់

0:00 / 0:00

ពលរដ្ឋ និង​ក្រុម​យុវជន​សំដែង​មតិ​ផ្សេង​គ្នា​ជុំវិញ​ពិធី​មង្គលការ កូន​ស្រី​ទី​ពីរ​របស់​ឧបនាយក​រដ្ឋ​មន្ត្រី​លោក នេត សាវឿន ដែល​បាន​ចំណាយ​លុយ​មហាសាល​បែប​អភិជន ​បង្អួត​ពលរដ្ឋ ដែល​កំពុង​លំបាក​វេទនា​ គ្មាន​ការងារ​ធ្វើ ​ជំពាក់​បំណុល​ធនាគារ និង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។

ពលរដ្ឋ និង​យុវជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​កំពុង​មាន​មន្ទិល​ចំពោះ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ របស់​លោក នេត សាវឿន ក្នុង​ពិធី​មង្គលការ​ឱ្យ​កូនស្រី​ទីពីរ របស់​លោក​ ។

ពលរដ្ឋឆ្ងល់អំពីប្រភពទ្រព្យសម្បត្តិ

ពលរដ្ឋ​ឆ្ងល់​ថា តើ​ទ្រព្យ​សម្បត្តិ​របស់​អតីត​មេ​ប៉ូលិស​រូប​នេះ​មាន​ប្រភព​មក​ពី​ណា? បើ​ធៀប​នឹង​ប្រាក់ខែ​ដែល​លោក​ទទួល​បាន​ពី​ពលរដ្ឋ​បង់ពន្ធ​មិន​ដល់ ២លាន​រៀល​ផង (១៩៣០.០០០) ក្នុង​មួយ​ខែ ការណ៍​ដែល​លោក​ធ្វើ​ជា​អគ្គ​ស្នង​ការ​នគរបាល​ជាតិ អស់​រយៈ​ពេល ១៥ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០២៣។

ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ កញ្ញា ខេម ស្រីម៉ុម បង្ហាញ​អារម្មណ៍​សង្វេគ​យ៉ាង​ខ្លាំង​ពី​ជោគ​វាសនា​ជាតិ ខណៈ​ដែល​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​កប់​ពពក​រីឯ​ពលរដ្ឋ​ក្រីក្រ​វិញ នៅ​តែ​លំបាក​វេទនា​គ្មាន​អង្ករ​ច្រក​ឆ្នាំង។

កញ្ញា​សង្ស័យ​ថា ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​នេះ បង្ហាញ​ពី​អំពើ​ពុករលួយ និង​ខ្វះ​ឆន្ទៈ​បម្រើ​រាស្ត្រ។

លោក ខេម ស្រីម៉ុម៖«ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ខ្ញុំ​មាន​អារម្មណ៍​ថា​សង្វេគ​ខ្លាំង​មែន​ទែន ព្រោះ​ក្នុង​ជួរ​រដ្ឋាភិបាល​អ្នក​ធ្វើការ​មាន​លុយ​កប់​ពពក ប្រាក់​ខែ​តិចតួច​ទេ​ តែ​មាន​លុយ​វាល់​លាន។ ដោយសារ​អី​នេះ​ជា​ចម្ងល់​ពលរដ្ឋ?ហើយ​ពេល​ពលរដ្ឋ​អ្នក​ក្រ​គឺ​ក្រ​ខ្លាំង​បំផុត​ ក្រ​ខ្លាំង​មែន​ទែន។ តែ​អ្វី​ដែល​យើង​មើល​ឃើញ​គឺ​អំពើ​ពុក​រលួយ​នឹង​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​មាន​ខ្លាំង​ អ្នក​ក្រ​ខ្លាំង»។

មង្គលការ​កូន​ស្រី​ទីពីរ​របស់​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បែប​អភិជន​នេះ កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ភាព​ពី​ពលរដ្ឋ ដែល​ពួកគាត់​មើល​ឃើញ​ថា ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ធំៗ ហាក់​មាន​គម្លាត​ដាច់​ស្រឡះ បើ​ធៀប​នឹង​ពលរដ្ឋ​សាមញ្ញ។

មង្គលការ​កូនស្រី​របស់​លោក នេត សាវឿន ឈ្មោះ នេត ធីតាច័ន្ទធីម៉ា កាល​ពី​ថ្ងៃ​ទី១៥-១៦ ខែកុម្ភៈ បាន​រៀប​ចំ​ទ្រង់ទ្រាយ​ធំ តុប​តែង​អាគារ​ទំនើប អម​ដោយ​ផ្កា​ស្រស់​ចម្រុះ​ពណ៌​ប្រណីត​នាំចូល​ពី​ក្រៅ​ប្រទេស និង​មាន​ក្រុម​តារា​ចម្រៀង​ល្បីៗ ច្រៀង​កំដរ​រោង។ លើស​ពី​នេះ​ទៀត ​ឪពុក​ម្ដាយ​កូន​ក្រមុំ​គឺ​លោក នេត សាវឿន និង​អ្នកស្រី ហ៊ុន គឹមឡេង ព្រម​ទាំង​សាច់​សារ​លោហិត មាន​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​អ្នក​កាន់​អំណាច​ធំៗ ជា​ច្រើន​នាក់​ទៀត​ចូល​រួម។

ចំណែក​ឯ​យុវជន​រស់​នៅ​ខេត្ត​ស្វាយរៀង លោក យ៉ឹង ដាវីត យល់​ថា កម្មវិធី​នេះ​ហាក់​បង្ហាញ​ពី​ឥទ្ធិពល​អំណាច និង​ទឹក​លុយ​មហាសាល​របស់​មន្ត្រី​ធំៗ បង្កប់​ភាព​មិន​ប្រក្រតី​ច្រើន ស្រប​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​រក​លុយ​បង្វិល​សង​ធនាគារ​សឹង​តែ​មិន​បាន។

លោក យ៉ឹង ដាវីត៖«នៅ​ពេល​ដែល​ពួកគាត់​មាន​លុយ​ចាយ​លែង​អស់​បែប​ហ្នឹង គឺ​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រជាជន​ណាស់ ដោយសារ​តែ​ការ​ចាយ​វាយ​របស់​ពួកគាត់​ចូល​ចិត្ត​ខ្ជះខ្ជាយ​បែប​ហ្នឹង ឬ​ក៏​មិន​ដឹង?ប៉ុន្តែ​ទៅ​លើ​ការ​បង្ហាញ​ទាំង​នោះ​គឺ​គាត់​ចង់​បង្ហាញ​ឥទ្ធិពល​ និង​អំណាច​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ស្ទើរ​គ្រប់គ្នា​រក​លុយ​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​ ខ្លះ​ទៀត​សង​ធនាគារ​មិន​ទាន់​ផង»។

អត្ថបទដែលទាក់ទង៖

មង្គលការកូនស្រីទីពីររបស់លោក នេត សាវឿន ផ្ទុះការចាប់អារម្មណ៍ជាថ្មី

លោក នេត សាវឿន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស និង​ហិង្សា​ផ្នែក​នយោបាយOpens in new window ]

ការតែងតាំង​កូនស្រី លោក នេត សាវឿន ជាទី​ប្រឹក្សា​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់Opens in new window ]

ក្មួយ​ស្រី​របស់​លោក ហ៊ុន សែន ទិញ​វីឡា​នៅ​ប្រទេស​ស៊ីប​តម្លៃ​២លាន​៧សែន​ដុល្លារOpens in new window ]

មេ​ប៉ូលិស​ជាន់ខ្ពស់​កម្ពុជា លោក នេត សាវឿន មិន​ហ៊ាន​និយាយ​រឿង​ដក​ហូត​សញ្ជាតិ​ស៊ីបOpens in new window ]

យុវជន​ម្នាក់​ទៀត រស់​នៅ​ខេត្ត​កំពង់ស្ពឺ លោក គឹម ឆេងឡេង មើល​ឃើញ​ថា តួនាទី និង​ប្រាក់ខែ​របស់​លោក នេត សាវឿន ដែល​ធ្វើការ​នៅ​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​នេះ ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ដាច់​ស្រឡះ នឹង​ការ​ចំណាយ​ខ្ទង់​លាន​ដុល្លារ​ក្នុង​ពិធី​នេះ។

លោក​ចាប់​អារម្មណ៍​ខ្លាំង ពី​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ធំៗ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រើប្រាស់​​អំណាច​ជា​មន្ត្រី​រាជការ ដើម្បី​រក​ស៊ី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក គឹម ឆេងឡេង៖«សម្រាប់​ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​លុយ​មក​ពី​ប្រភព​ណា?ឬ​មុខ​ជំនួញ​អ្វី​ផ្សេងៗ​ខ្ញុំ​អត់​ដឹង ប៉ុន្តែ​រឿង​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​រឿង​នេះ​មិន​ធម្មតា​ ព្រោះ​បើ​យើង​និយាយ​ពី​តួនាទី​របស់​គាត់​វា​មិន​អាច​សល់​លុយ​ដល់​ការ​ចំណាយ​រាប់​ពាន់​រាប់​លាន​ដុល្លារ​អ៊ីចឹង​ទេ»។

អារម្មណ៍​ពលរដ្ឋ ចំពោះ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​ដូច្នេះ

រីឯ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ឯ​នោះ​វិញ ក៏​ចាប់​អារម្មណ៍អំពី​ពិធី​មង្គល​ការ​កូន​មន្ត្រី​ធំៗ នេះ​ដែរ​ ដោយ​ពួកគាត់​យល់​ថា ទង្វើនេះ​កំពុង​ធ្វើ​បាប​ពលរដ្ឋ​ដោយប្រយោល និង​មិន​ខ្វល់​ពី​ការ​លំបាក​វេទនា​របស់​រាស្ត្រនោះ​ឡើយ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន យល់​ថា ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​ដូច្នេះ កំពុង​ធ្វើ​បាប​ផ្លូវ​ចិត្ត​​ពលរដ្ឋ ដែល​ពួកគាត់​ខ្លះ​គ្មាន​ការងារ​ធ្វើ ត្រូវបង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ស្ងាត់​ភូមិ ព្រាត់​ប្រាស់​ក្រុម​គ្រួសារ។

លោក ថាន់ វ៉ន៖«មន្ត្រី​ធំៗ ធ្វើ​អញ្ចឹង ស្មើ​នឹង​ធ្វើ​បាប​រាស្ត្រ​ទៅ​វិញ​ទេ​ ព្រោះ​រាស្ត្រ​កំពុង​តែ​ដាច់​បាយ ជំពាក់​ធនាគារ សេដ្ឋកិច្ច​មិន​ដើរ។ ការ​ដែល​កូន​មន្ត្រី​រាជការ​ធ្វើ​ដល់​ថ្នាក់​នោះ​ មាន​ន័យ​ថា​មន្ត្រី​នោះ​មិន​គិត​គូរ​ពី​ផល​វិបាក​របស់​ប្រជាជន​ទេ "អាណា​កើត​អី​កើត​ទៅ ​សំខាន់​ឱ្យ​តែ​អញ​មាន​លុយ​សម្ញែង"ទ្រព្យ​សម្បត្តិ​តែ​ជា​មួយ​ខ្មែរ​គ្នា​ឯង»។

លោក នេត សាវឿន មាន​កូនស្រី​ចំនួន​៣​នាក់ ហើយ​លោក​បាន​បញ្ជូន​ពួកគាត់​ទាំងអស់ ឲ្យ​ទៅ​រស់​នៅ​ធំ​ធាត់​និង​រៀន​សូត្រ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​ថែម​ទាំង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​សញ្ជាតិ​ស៊ីប (Cyprus) ដោយ​ស្ងាត់ៗ​កាល​ពី​ឆ្នាំ២០១៧។

លោក​ធ្វើជា​មន្ត្រី​រាជការ​ស្ទើរ​ពេញ​មួយ​ជីវិត​ បង្កើត​ទ្រព្យ​សម្បត្តិ​មហាសាល​យ៉ាង​លឿន ជាមួយ​នឹង​ភរិយា គឺ​លោកស្រី ហ៊ុន គឹមឡេង ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់​លោក ហ៊ុន សែន។

លោក នេត សាវឿន និង​ភរិយា​បាន​ដើរ​ទិញ​ផ្ទះ​ជា​ច្រើន​កន្លែង​ទៀត នៅ​ទ្វីប​អឺរ៉ុប និង​អាស៊ី​ក្នុង​តម្លៃ​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។