ប៉ូលិស​ថៃ​ឃុំ​ខ្លួន​មនុស្ស​ប្រមាណ ១រយ​នាក់​ ពាក់ព័ន្ធ​​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​កាល​ពី​​ខែកុម្ភៈ

ប៉ូលិស​ថៃ (Thailand) សម្រេច​ឃុំ​ខ្លួន​មនុស្ស​ប្រមាណ ១រយនាក់ នៅ​ថ្ងៃ​ទី៥ ខែមីនា បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ (Online) នៅ​កម្ពុជា។

សារព័ត៌មានរ៉យទ័រ (Reuters)បាន​រាយការណ៍​ដោយ ដក​ស្រង់​សម្ដី​អគ្គ​ស្នងការ​នគរបាល​ថៃ លោក ថាតឆៃ ភីតាណេឡាបុត្រ (Thatchai Pitaneelaboot) ថា តុលាការ​ថៃ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ដែល​ជា​មេក្រុម​ក្នុង​អំពើ​ឆបោក​តាម​អនឡាញ​ដែល​ប៉ូលិស​កម្ពុជា និង​ថៃ​បាន​បើកប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​នៅ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក្នុង​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​កាល​ពី​ចុង​ខែកុម្ភៈ។ ប្រភព​ដដែល​បញ្ជាក់​ថា មនុស្ស​ប្រមាណ ១រយ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ត្រូវ​បាន​ប៉ូលិស​ថៃ​កំពុង​សម្របសម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ហើយ​ពួកគេ​ភាគច្រើន​ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស។ ប៉ូលិស​ថៃ​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ប្រមាណ ១រយ​នាក់​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឧក្រិដ្ឋជន​ដែល​ដំណើរ​ការ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

កម្លាំងនគរបាលកម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​ទី២២ និងទី២៣ ខែកុម្ភៈ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ចំនួន ២ទីតាំង ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាប់​ពី​ស៊ើបអង្កេត​អស់រយៈ​ពេល​ជាង ៣ខែ​មក។ នៅ​ក្នុង​ប្រតិបត្តិការ​នោះ​អាជ្ញាធរ​បាន​រក​ឃើញ​ជនបរទេស​សរុប​ចំនួន ២៣០នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ ១២៣នាក់ ដែល​ពួកគេ​បាន​សម្ងំ​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ខុសច្បាប់។

អត្ថបទ​ដែល​ទាក់ទង៖

អាជ្ញាធរ​ថៃផ្ដាច់​បណ្ដាញ​អ៊ីនធឹណិត និង​សេវា​ទូរស័ព្ទ ដែល​ភ្ជាប់​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញOpens in new window ]

ថៃ​ដាក់​ឈ្មោះ​ក្រុង​ប៉ោយប៉ែត​ថា ជា​អាណាចក្រ​ឆបោក​តាម​អនឡាញ ក្រោយ​រក​ឃើញ​ទីតាំង​អាគារ​បង្ខាំង​មនុស្ស​ជា​ច្រើន​កន្លែងOpens in new window ]

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​នៅ​មិន​ទាន់​ចុះ​បង្ក្រាប​ក្នុង​អគារ​ឆបោក​តាម​អនឡាញ ដែល​ប៉ូលិស​ថៃ​រក​ឃើញ​ទេOpens in new window ]

អាជ្ញាធរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១ ខែមីនា ក៏​បាន​ បណ្ដេញ​ជនជាតិ​ថៃ​ ១១៩នាក់ ដោយសារ​តែ​ពួកគេ​បាន​លួច​ចូល​ធ្វើ​ការងារ និង​ស្នាក់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា៕

Cambodia_deports_119_Thais_thru_Poipet_030125_FB_MoI.jpg
អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ជនាជាតិថៃ ១១៩នាក់ ចេញតាម​ច្រក​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី១ ខែមីនា ឆ្នាំ២០២៥ ដោយសារ​តែ​ពួកគេ​បាន​លួច​ចូល​ធ្វើ​ការងារ និង​ស្នាក់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ រូបថត៖ ក្រសួងមហាផ្ទៃ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។