១ . លោក ហ៊ុន សែន តេស្តវិជ្ជមានកូវីដ១៩ ពេលធ្វើដំណើរដល់ប្រទេសឥណ្ឌូណេស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកធ្វើតេស្តមានជំងឺ កូវីដ១៩ (Covid19) នៅប្រទេសឥណ្ឌូណេស៊ី មុនកិច្ចប្រជុំ G20។ លោក ហ៊ុន សែន បញ្ជាក់ថា លោកបានធ្វើតេស្ដរហ័ស (Rapid Test) មុនចេញពីប្រទេសកម្ពុជា ដោយពុំមានវិជ្ជមានឡើយ ប៉ុន្តែរកឃើញជំងឺ កូវីដ១៩ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យប្រជាជនអាស៊ានតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) បានបង្កើតក្របខ័ណ្ឌសិទ្ធិមនុស្សផ្ទាល់ខ្លួន ហើយបានសន្យាគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សស្របទៅតាមលិខិតុបករណ៍អន្តរជាតិទាំងឡាយ។ ក៏ប៉ុន្តែអ្នកការពារសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា អាស៊ានបានបរាជ័យនៅក្នុងការអនុវត្តក្របខ័ណ្ឌសិទ្ធិមនុស្សនេះ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
៣ . ក្រុមយុវជនខ្មែរថាវរៈនៅតែបន្តទាមទារឱ្យរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី
ក្រុមយុវជនខ្មែរថាវរៈនៅតែបន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី ចេញពីពន្ធនាគារខេត្តព្រះវិហារទោះបីយុទ្ធនាការបង្អត់អាហាររយៈពេល៧ថ្ងៃបានបញ្ចប់ទៅហើយក្ដី។ ពួកគាត់ថាការព្រងើយកន្តើយរបស់រដ្ឋាភិបាលចំពោះសំណើនេះជាការបង្ហាញពីភាពគ្មានការទទួលខុសត្រូវនិងមិនឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក។ មន្ត្រីសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលគោរពទៅតាមសិទ្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សនិងការស្នើសុំរបស់ប្រទេសប្រជាធិបតេយ្យដើម្បីចៀសវាងធ្វើឱ្យខូចប្រយោជន៍រួមដល់កម្ពុជា។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
៤ . កូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ចូលបំភ្លឺតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ
កូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NAGAWORLD) ម្នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ វិច្ឆិកា តាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងកញ្ញាថា បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
៥ . ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលទាមទាររដ្ឋាភិបាលឱ្យស៊ើបអង្កេតករណីរថយន្តស្លាកលេខ ខ . ម ដឹកគ្រឿងញៀនជាង ២០០គីឡូក្រាម
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ទាមទារដល់រដ្ឋាភិបាលស៊ើបអង្កេតម្ចាស់រថយន្តដែលបំពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀនជាង ២០០គីឡូក្រាម។ អាជ្ញាធរជាន់ខ្ពស់ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអះអាងថា រថយន្តដែលពាក់ស្លាកលេខ ខ.ម ដឹកគ្រឿងញៀនហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺជនល្មើសបម្រុងដឹកគ្រឿងញៀនចាកចេញពីកម្ពុជាឆ្លងដែនទៅប្រទេសវៀតណាម។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
៦ . សមាគមខ្មែរក្រោមអំពាវនាវស្វែងរកថវិកាជួយជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងជាប់ឃុំ
អង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យសប្បុរសជនជួយផ្តល់ជាថវិកាដើម្បីអាចជួយឲ្យជនភៀសខ្លួនខ្មែរក្រោមចំនួន ១០នាក់ ដែលកំពុងជាប់ឃុំនៅថៃអាចចេញនៅក្រៅឃុំបណ្ដោះអាសន្ន។ បច្ចុប្បន្ន ជនភៀសខ្លួនខ្មែរក្រោមទាំងនោះ កំពុងប្រឈមមុខនឹង ត្រូវថៃចាប់បញ្ជូន ទៅវៀតណាម ឬកម្ពុជាវិញ ក្រោយជាប់ពន្ធនាគារ ពី បទឆ្លងដែននិងធ្វើការងារខុសច្បាប់នៅប្រទេសថៃ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
៧ . អាជ្ញាធរគណបក្សកាន់អំណាចខេត្តស្ទឹងត្រែងរងការចោទថាដកស្លាកគណបក្សភ្លើងទៀន
អាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្ទឹងត្រែងត្រូវមន្រ្តីគណបក្សប្រឆាំងចោទថាបានដកស្លាកគណបក្សភ្លើងទៀនឋិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រធានគណបក្សភ្លើងទៀន ឃុំកាំងចាម លោក នៃ ឡេម ចាត់ទុកទង្វើរបស់អាជ្ញាធរជាការរើសអើងនិន្នាការនយោបាយផ្ទុយពីរដ្ឋធម្មនុញ្ញ។
៨ . គ . ជ . ប ប្រកាសលទ្ធផលបណ្តោះអាសន្ន មានពលរដ្ឋជាង ៩លាន៥សែននាក់ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា បានបង្ហាញពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។
គេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថាគិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា លទ្ធផលបណ្ដោះអាសន្ននៃអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរហូតដល់ជាង៩លាន ៥សែនាក់ (៩.៥១៩.៦០៣) ក្នុងនោះមានស្រី្តចំនួន ជាង៥លាននាក់ (៥.០៦៦.៦៤១) ឬស្មើនឹងជាង ៨៧% (៨៧,៥២) នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបសម្រាប់រយៈពេល ២៦ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។
៩ . មន្ត្រីសង្គមស៊ីវិលខេត្តកោះកុងទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតឧកញ៉ាម្នាក់និងអ្នកពាក់ព័ន្ធរំលោភយកដីព្រៃកោងកាង
មន្ត្រីសង្គមស៊ីវិលនិងប្រជាសហគមន៍នេសាទរស់នៅខេត្តកោះកុងបន្តទាមទារឱ្យអាជ្ញាធរខេត្តនេះ ស៊ើបអង្កេត ឧកញ៉ាម្នាក់ រួមទាំងអ្នកពាក់ព័ន្ធបានរំលោភយកដីព្រៃកោងកាងអស់ជាច្រើនហិកតារដើម្បីពុះដីឡូត៍ធ្វើអាជីវកម្ម។ ពួកគាត់អះអាងថាអាជ្ញាធរមូលដ្ឋានខេត្តនេះនៅតែបើកដៃឱ្យបុគ្គលមានអំណាចឈូសឆាយរំលោភយកដីព្រៃកោងកាងជាបន្តបន្ទាប់។
១០ . កម្ពុជាស្នើសុំពូជខ្លាធំ ពីប្រទេសឥណ្ឌា ដើម្បីស្ដារពូជខ្លាធំ ដែលបានផុតពូជពីកម្ពុជា
ក្រសួងបរិស្ថានកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ឬ MOU ជាមួយប្រទេសឥណ្ឌា ដើម្បីទទួលពូជសត្វខ្លាធំពីប្រទេសឥណ្ឌា ដើម្បីស្តារពូជខ្លាធំ ដែលបានផុតពូជទៅហើយ ពីព្រៃធម្មជាតិនៅកម្ពុជា។
កាលពីឆ្នាំ ២០០៧ ម៉ាស៊ីនថតស្វ័យប្រវត្តិ ធ្លាប់ថតជាប់រូបសត្វខ្លាធំចុងក្រោយ នៅដែនជម្រកស្រែពក ក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែដល់ឆ្នាំ ២០១៦ អ្នកវិទ្យាសាស្ត្រក៏ប្រកាសថា ពូជខ្លាធំ នេះ បានផុតពូជទៅហើយ ពីព្រៃធម្មជាតិកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ផ្សាយកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឲ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់ ឬ MOU រវាងកម្ពុជា និងឥណ្ឌានេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា ការស្ដារពូជខ្លាធំនៅកម្ពុជាឡើងវិញ ពិសេសនៅតំបន់ទេសភាពសំខាន់ៗ ដូចជាជួរភ្នំក្រវ៉ាញ និងខ្ពង់រាបខាងកើត ទទួលបានពូជខ្លាធំពីប្រទេសឥណ្ឌា កិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំ ផ្លាស់ប្ដូរជំនាញ សមត្ថភាព និងបទពិសោធន៍ល្អៗ នៃការប្រើបច្ចេកវិទ្យា និងសម្ភារៈ ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ ដែលរស់នៅក្នុងដែនជម្រកធម្មជាតិ និងបទពិសោធន៍គ្រប់គ្រងជីវចម្រុះប្រកបដោយនិរន្តរភាពជាដើម។
១១ . នគរបាលខេត្តកោះកុងចាប់ជនជាតិចិន និងម៉ាឡេស៊ី ៦នាក់ រឿងចាប់ជំរិតទារប្រាក់ពីស្ត្រីម៉ាឡេស៊ីម្នាក់
សមត្ថកិច្ចខេត្តកោះកុងបង្ក្រាបបានជនសង្ស័យជនជាតិចិន និងម៉ាឡេស៊ីចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ពីស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់អស់ទឹកប្រាក់ជិត ២ម៉ឺនដុល្លារ (១៥.០០០)។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។