ព័ត៌មានសំខាន់ៗ ចំនួន ២៥រឿងដែលលោកអ្នកនាងគួរអានប្រចាំសប្តាហ៍នេះ
2023.02.19
១. លោក ហ៊ុន សែន បញ្ជាឱ្យបិទនិងប្តឹងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ទៅតុលាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងឱ្យពិនិត្យមើលពីលទ្ធភាពប្តឹងវិទ្យុនេះទៅតុលាការ។ លោក ហ៊ុន សែន បញ្ជាដូច្នេះ ក្រោយពីវិទ្យុ VOD បានរាយការណ៍ព័ត៌មានថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជាអ្នកចុះហត្ថលេខាជំនួសឪពុករបស់លោកក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសតួកគី។ ការចុះផ្សាយរបស់ VOD នេះ គឺយោងតាមសម្តីរបស់លោក ផៃ ស៊ីផាន ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល ដែល VOD បានសម្ភាស។ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទទូចឱ្យលោក ហ៊ុន សែន ពិចារណាឡើងវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ណាមួយដល់ការបោះឆ្នោតជាតិនាពេលខាងមុខ។ អានព័ត៌មានពិស្តារ...
២. អ្នកវិភាគថា លោក ហ៊ុន សែន នឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការដទៃទៀតនៅក្នុងតំបន់ឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែធ្វើយុទ្ធនាការបង្រ្កាបសំឡេងគណបក្សប្រឆាំង និងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យឲ្យអស់ពីកម្ពុជា។ លោក ហ៊ុន សែន ទំនងជាយល់ថា ស្ថាប័នទាំងនេះ អាចជាឧបសគ្គដល់ផែនការផ្ទេរអំណាចរបស់លោកនៅពេលខាងមុខ។ ទោះបីជាលោក ហ៊ុន សែន ទទួលជោគជ័យលើការរំលាយគណបក្សប្រឆាំង និងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យជាច្រើនចេញកម្ពុជាក្ដី តែក្រុមអ្នកវិភាគអះអាងថា លោក ហ៊ុន សែន នឹងមិនទទួលជោគជ័យលើផែនការកម្ទេចគេឯងដូច្នេះបានរហូតឡើយ។
៣. ប្រតិកម្ម និងការថ្កោលទោសជាអន្តរជាតិជុំវិញការបញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅកម្ពុជា
ការបញ្ជាយ៉ាងតក់ក្រហល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) នៅរយៈពេលមិនដល់ជាង៥ខែ មុនការបោះឆ្នោតជាតិអាណត្តិទី៧ នេះ រងនូវការថ្កោលទោស និងរិះគន់ជុំទិសពីសហគមន៍ជាតិនិងអន្តរជាតិ លើកលែងតែក្រុមប្រទេសនិយមលទ្ធិកុម្មុយនិស្ត។ តើក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ បញ្ចេញប្រតិកម្មយ៉ាងណាខ្លះជុំវិញចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ?
អានព័ត៌មានពិស្តារ...
ទស្សនាវីដេអូ...
៤. គណបក្សប្រឆាំងនៅក្រៅប្រទេសថ្កោលទោសការបង្ខំបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ទាំងបំពាន
ភ្លាមៗក្រោយពីបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍ «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការបង្ខំឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)ទាំងបំពាន។ គណបក្សប្រឆាំងនេះ បានបញ្ជាក់ថា ការបិទវិទ្យុឯករាជ្យមួយនេះ គឺធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន ហើយផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុ។ ក្នុងនោះដែរ ដំណើរការនៃការបិទវិទ្យុVODគឺលើសពីការគ្រប់គ្រងអភិបាលកិច្ចនៅកម្ពុជា និងមិនមានភាពត្រឹមត្រូវ ឬត្រួតពិនិត្យដោយឯករាជ្យនោះទេ។ អានព័ត៌មានពិស្តារ...
៥. បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សបំណងពលរដ្ឋ ទាមទារលោក ហ៊ុន សែន ឱ្យអនុញ្ញាតឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ
គណបក្សនយោបាយចំនួនពីរ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សបំណងពលរដ្ឋ ចេញសេចក្ដីថ្លែងការណ៍សោកស្ដាយចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដែលសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ បក្សទាំងពីរនេះ ទាមទារឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ។ អានព័ត៌មានពិស្តារ...
៦. អង្គការសង្គមស៊ីវិល៩៣ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសារព័ត៌មាន វីអូឌី (VOD) ស្របតាមច្បាប់ ស្ដីពី របបសារព័ត៌មាន
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិសរុប ៩៣ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសារព័ត៌មាន វីអូឌី ដំណើរការឡើងវិញ។ ឆ្លើយតបនឹងការទាមទារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកការទាមទារទាំងនេះថា ជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។ អានព័ត៌មានពិស្តារ...
៧. ថ្នាក់ដឹកនាំវីអូឌីនៅតែសង្ឃឹមថា រដ្ឋាភិបាលនឹងផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មាននេះឡើងវិញ
បើទោះបីជាក្រសួងព័ត៌មានបានប្រកាសដកអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី(VOD) ក្ដី ក៏ថ្នាក់ដឹកនាំស្ថាប័ននេះ នៅតែមានសង្ឃឹម និងកំពុងស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធផ្សេងៗ ទៀត ដើម្បីឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យសារព័ត៌មាននេះបន្តការងាររបស់ខ្លួនបាន។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែផ្ដល់ឱកាសដល់ស្ថាប័នព័ត៌មាន វីអូឌី អាចបន្តការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន និងតម្លាភាពនៅកម្ពុជា។ អានព័ត៌មានពិស្តារ...
៨. មន្ត្រីសិទ្ធិមនុស្ស អ.ស.ប ហៅការបញ្ជារបស់លោក ហ៊ុន សែន ឱ្យបិទ VOD ថា ធ្វើតាម «ទំនើងចិត្ត»
ពាក់ព័ន្ធនឹងការបិទសារព័ត៌មាន (VOD) នេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ថា ទំនងជាធ្វើឡើងតាម «ទំនើងចិត្ត»។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ូលឃើ ធើក (Volker Türk) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា លោកភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ។ អានព័ត៌មានពិស្តារ...
៩. HRW៖ រដ្ឋាភិបាលកម្ពុជា «លុបបំបាត់ទាំងស្រុង» នូវសេរីភាពសារព័ត៌មាននៅកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាបាន «លុបបំបាត់ទាំងស្រុង» នូវសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD)។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ថា ការអត់ឱនរបស់រដ្ឋាភិបាលកម្ពុជាទៅលើទស្សនៈរិះគន់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុ វីអូឌី គឺជាការបំផ្លាញដល់សេរីភាព ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងថា ការណ៍នេះនឹងមានឥទ្ធិពលនៅទូទាំងសង្គមកម្ពុជា។ អានព័ត៌មានពិស្តារ...
១០. ពលរដ្ឋស្នើរដ្ឋាភិបាលកុំបិទ VOD
ពលរដ្ឋដែលនិយមតាមដានព័ត៌មានសោកស្ដាយនៅពេលដឹងថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ចេញបញ្ជាបិទសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD យ៉ាងតក់ក្រហល់ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ។ ស្របគ្នានេះពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ព្រោងព្រាតភ្លាមៗ ទាំងយប់ដែរ ស្នើសុំរដ្ឋាភិបាលកុំបិទសារព័ត៌មាន VOD នេះ។ ពួកគេចង់ឱ្យរដ្ឋាភិបាលរក្សាទុកស្ថាប័នព័ត៌មាន ដែលមានវ័យ ២០ឆ្នាំនេះ ព្រោះពួកគេចាត់ទុកស្ថាប័ននេះថា បានបំពេញតួនាទីដោយឯករាជ្យ និងជាទីពំនាក់របស់ពលរដ្ឋ អ្នកមិនសូវមានសំឡេង និងភាគីដែលងាយរងគ្រោះនៅក្នុងសង្គម។ អានព័ត៌មានពិស្តារ...
១១. ព្រះមហាក្សត្រយាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃ១២ ខែកុម្ភៈ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិន។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពនេះមិនទាន់កំណត់ពេលនៃការយាងត្រឡប់មកកម្ពុជាវិញនៅឡើយ។ អានព័ត៌មានពិស្តារ...
១២. លោក ហ៊ុន សែន សម្រេចប្រគល់អ្នកទោសជនជាតិឡាវ ពីកម្ពុជា ឱ្យទៅប្រទេសឡាវវិញ
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសឡាវ ក្រៅពីការរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការបោះបង្គោលព្រំដែន ការហោះហើរ វិស័យទេសចរណ៍ និងថាមពលអគ្គិសនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសសម្រេចប្រគល់អ្នកទោសជនជាតិឡាវ កំពុងជាប់ពន្ធនាគារកម្ពុជា ឱ្យទៅប្រទេសឡាវវិញ នៅមុនពេលបុណ្យចូលឆ្នាំខ្មែរមកដល់។ អានព័ត៌មានពិស្តារ...
១៣. សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនចាងហ្វាងកាសែតម្នាក់បញ្ជូនទៅតុលាការ
សមត្ថកិច្ចខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ បានឃាត់ខ្លួនចាងហ្វាងកាសែតខ្មែរជាយដែនម្នាក់ ក្រោយពីមានបណ្តឹងពីមន្ត្រីរាជការពីររូប។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតជាបន្តបន្ទាប់ ពីរដ្ឋាភិបាលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD)។ អានព័ត៌មានពិស្តារ...
១៤. អាជ្ញាធរខេត្តព្រះសីហនុបង្ខំឱ្យម្ចាស់រីសតនៅកោះរ៉ុងជាង១០នាក់រុះរើក្រោយមានក្រុមហ៊ុនផ្សេងមកវិនិយោគ
អាជ្ញាធរខេត្តព្រះសីហនុបង្ខំឱ្យម្ចាស់អាជីវកម្ម និងរមណីយដ្ឋានជាង ១០នាក់រុះរើសំណង់នៅឆ្នេរ សារ៉ាសេនបេ (Saracen Bay) ក្រោយពីម្ចាស់ដីបានវិនិយោគឱ្យក្រុមហ៊ុនផ្សេង។ ម្ចាស់អាជីវកម្មទាំងនោះថា ការជូនដំណឹងរបស់អាជ្ញាធរ រយៈពេលត្រឹម១សប្ដាហ៍ ដោយពុំមានផ្ដល់សំណងសមរម្យជូនពួកគាត់នោះទេ ដែលធ្វើឱ្យប៉ះពាល់និងខាតបង់ទាំងស្រុងដល់អាជីវកម្ម។ អានព័ត៌មានពិស្តារ...
១៥.សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ស៊ីថរ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ទុកជាបានការតាមការសម្រេចរបស់តុលាការជាន់ទាបដដែល។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះក្ដីសុំនៅក្រៅឃុំបណ្ដោះអាសន្នតាមសំណើរបស់មេធាវីការពារក្ដីកញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។ ក្រុមកូដករចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមិនឈរលើគោលការណ៍ប្រជាធិបតេយ្យ។ អានព័ត៌មានពិស្តារ...
១៦. អ្នកវិភាគព្រមានពីបញ្ហាក្នុងសង្គម ដែលកើតចេញពីការតតាំងរបស់ពលរដ្ឋនៅក្រោយការបោះឆ្នោត បើរដ្ឋាភិបាលបន្តបំបិទសិទ្ធិសេរីភាពពលរដ្ឋ
អ្នកវិភាគព្រមានថា កម្ពុជាអាចជួបបញ្ហាជាច្រើនក្នុងសង្គម ដែលកើតចេញពីការតតាំងណាមួយរបស់ពលរដ្ឋ ដែលរងភាពអយុត្តិធម៌ នៅក្រោយការបោះឆ្នោត បើរដ្ឋាភិបាលបន្តបំបិទសិទ្ធិសេរីភាពពលរដ្ឋ។ ការព្រមាននេះបន្ទាប់ពីលោក ហ៊ុន សែន បង្ខំឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី បិទការផ្សាយរបស់ខ្លួនទោះបីជាស្ថាប័ននេះបានចេញលិខិតសុំទោសលោក និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ហើយក្ដី។ សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី សុជីវី ជាមួយអ្នកវិភាគនយោបាយលោក គឹម សុខ ពីផលប៉ះពាល់នៃការបិទស្ថាប័នព័ត៌មាន វីអូឌី ៖
១៧. សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោមដែលហ៊ានប្រើប្រាស់បណ្តេញសង្គមផ្សព្វផ្សាយពីសិទ្ធិជនជាតិដើមនៅទឹកដីកំណើត។ អាជ្ញាធរវៀតណាម បានប្រើប្រាស់វិធានការច្បាប់ផាកពិន័យ សម្លុតបំភ័យ និងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមពេលសួរចម្លើយពួកគេ។ អានព័ត៌មានពិស្តារ...
១៨. កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសមកទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ
នាវាកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសឈ្មោះ HMS SPEY បានមកដល់ខេត្តព្រះសីហនុ ហើយនៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ របស់កងទ័ពជើងទឹកអង់គ្លេស មកកម្ពុជានេះ គឺដើម្បីប្រារព្ធខួបនៃទំនាក់ទំនងការទូតកម្ពុជា និងចក្រភពអង់គ្លេស លើកទី៧០។ អានព័ត៌មានពិស្តារ...
១៩. យុវជនខ្មែរថាវរៈបង្ហោះប៉ោងប៉ោងនៅមុខពន្ធនាគារព្រះវិហារទាមទារយុត្តិធម៌ជូនកញ្ញា សេង ធារី នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់
ក្រុមយុវជនខ្មែរថាវរៈធ្វើយុទ្ធនាការនៃទិវាសេចក្តីស្រឡាញ់ នៅមុខពន្ធនាគារខេត្តព្រះវិហារ ដើម្បីទាមទារយុត្តិធម៌ជូនកញ្ញា សេង ធារី រួមទាំងអ្នកទោសនយោបាយ និងសកម្មជនសង្គមដែលកំពុង ជាប់ឃុំ។ មន្រ្តីសិទ្ធិមនុស្សថា ការអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់សកម្មជននយោបាយ និងសិទ្ធិមនុស្ស គឺដើម្បីស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ អានព័ត៌មានពិស្តារ...
២០. អ្នកឃ្លាំមើលថា ថ្ងៃក្ដីស្រលាញ់១៤កុម្ភៈក្លាយជាថ្ងៃធម្មតាសម្រាប់ពលរដ្ឋវិញហើយ
អ្នកជំនាញសង្កេតឃើញថា ពលរដ្ឋ និងយុវជនសព្វថ្ងៃ មានការយល់ដឹងច្បាស់ពីអត្ថន័យថ្ងៃនៃក្ដីស្រលាញ់ និងមិនជ្រួលជ្រើមចំពោះទិវានៃក្ដីស្រលាញ់នេះដូចមុនទៀតទេ។ អានព័ត៌មានពិស្តារ...
២១. សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម ដែលហ៊ានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម នៅទឹកដីកំណើត។ អាជ្ញាធរវៀតណាមបានប្រើប្រាស់វិធានការច្បាប់ ផាកពិន័យ សម្លុតបំភ័យ និងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមពេលសួរចម្លើយពួកគេ។ អានព័ត៌មានពិស្តារ...
២២. កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មទាមទារដំណោះស្រាយការងារ
បុគ្គលិកកូដករណាហ្គាវើលដ៍ប្រមាណ ៧០នាក់បន្តចេញទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារដែលជាប់គាំងជាងមួយឆ្នាំ។ ក្រុមកូដករភាគច្រើនជាស្ត្រីស្រែកទាមទារ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឱ្យថៅកែក្រុមហ៊ុននេះ គោរពសិទ្ធិការងារ និងជំរុញឱ្យក្រសួងពាក់ព័ន្ធចូលរួមដោះស្រាយវិវាទការងារ ឱ្យបានឆាប់រហ័សនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ។ អានព័ត៌មានពិស្តារ...
២៣. ព្រះសង្ឃចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ត្រូវបានព្រះចៅអធិការបណ្ដេញចេញពីវត្ត
ព្រះសង្ឃមួយអង្គ ដែលបានចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមជាមួយសមាគមគ្រូបង្រៀន ត្រូវបានព្រះចៅអធិការវត្តបណ្ដេញចេញពីវត្ត ដោយចោទប្រកាន់ថា ការចូលរួមធម្មយាត្រានេះ គឺបំផ្លាញសុខសន្តិភាព។ អ្នកនាំពាក្យក្រសួងធម្មការថា នឹងតាមដានករណីនេះ។ អានព័ត៌មានពិស្តារ...
២៤. អូស្ត្រាលីព្រមានមិនលើកលែងដល់យុទ្ធនាការជ្រៀតជ្រែកបរទេស
រដ្ឋាភិបាលអូស្ត្រាលីព្រមានថា នឹងមិនលើកលែងដល់យុទ្ធនាការជ្រៀតជ្រែករបស់បរទេស ក្នុងនោះរួមទាំងកម្ពុជាផង ដែលបានដាក់គោលដៅតាមធ្វើទុក្ខបុកម្នេញ យាយី និងបំភិតបំភ័យដល់ពលរដ្ឋខ្លួននៅលើទឹកដីអូស្ត្រាលី។
២៥. '' ឯកអគ្គរាជទូតខ្មែរ ក្លាយជាភ្នាក់ងារពង្រឹងបក្សកាន់អំណាចនៅក្រៅប្រទេស ''
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនានា បានក្លាយជាសេនាធិការជួយពង្រឹងគណបក្សកាន់អំណាចនៅក្រៅប្រទេសដ៏មានប្រសិទ្ធភាព ក្រោយពេលបក្សកាន់អំណាច បាត់បង់សំឡេងគាំទ្រយ៉ាងគំហុក ដូចស្តែងឲ្យឃើញតាមលទ្ធផលបោះឆ្នោត ចាប់តាំងពីឆ្នាំ២០១៣។ តំណាងសហគមន៍ខ្មែរនៅឯនាយសមុទ្រ និងអ្នកឃ្លាំមើល រិះគន់ថា សកម្មភាពរបស់ឯកអគ្គរាជទូត កំពុងដើរផ្ទុយពីតួនាទីភារកិច្ចដែលកំណត់ដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។