ព័ត៌មានសំខាន់ៗចំនួន ២២ ដែលលោកអ្នកនាងគួរអាននៅក្នុងសប្តាហ៍នេះ
2022.10.30
១. ១៨ឆ្នាំក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា «ស្តេចក្បត់ជាតិ»?
គិតមកទល់ចុងឆ្នាំ២០២២នេះ ព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេល១៨ឆ្នាំហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាព្រះមហាក្សត្រកម្ពុជាកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្តេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កទៅឱ្យទ្រង់។ តើព្រះបាទសម្តេច នរោត្តម សីហមុនី មានជីវប្រវត្តិដូចម្តេចខ្លះ? និងថាតើក្រោមការគ្រងរាជ្យសម្បត្តិរបស់ទ្រង់រយៈពេល១៨ឆ្នាំមកនេះ ព្រះអង្គបានបំពេញព្រះរាជតួនាទីអ្វីខ្លះជូនដល់ប្រជាជាតិរបស់ព្រះអង្គ?
២. អង្គព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ក្លាយជាផ្ទាំងស៊ីបនៃការរិះគន់មិនចេះចប់ពីក្រុមអ្នកនយោបាយខ្មែរ
គិតរហូតមកទល់ពេលនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេលជិត ២ទសវត្សរ៍ហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្ដេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កឱ្យទ្រង់។
៣. លោក ហ៊ុន សែន បន្តឃោសនាដាក់សម្ពាធពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែឃោសនាឱ្យពលរដ្ឋបោះឆ្នោតជូនបក្សកាន់អំណាចដដែល ទោះបីលោកទទួលស្គាល់ថា សារអំពាវនាវរកសំឡេងឆ្នោតមុនរដូវកាលរបស់ គ.ជ.ប នោះរងការរិះគន់ និងផ្ទុយពីច្បាប់ក៏ដោយ។ លើសពីនេះ លោក ហ៊ុន សែន បានចោទគណបក្សក្រៅរដ្ឋាភិបាលនៅមុខពលរដ្ឋថែមទៀតថា ពួកគេមិនបានជួយអ្វីសោះដល់ពលរដ្ឋ។ ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលច្រានចោលចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ដោយចាត់ទុកសារនោះ គឺជាការដាក់សម្ពាធផ្លូវចិត្តចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយមុនពេលបោះឆ្នោត។
៤. លោក ហ៊ុន សែន អះអាងថា រូបលោកគោរព និងការពារព្រះមហាក្សត្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា រូបលោកបានគោរព និងការពារព្រះមហាក្សត្រ ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋងើបប្រឆាំងនឹងលោក សម រង្ស៊ី ដោយលោកចោទថា មេដឹកនាំបក្សប្រឆាំងរូបនេះបានជេរប្រមាថព្រះមហាក្សត្រ ដែលលោកត្រូវកម្ចាត់ចោល។ ប្រតិកម្មនេះ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងថាលោក ហ៊ុន សែន និងព្រះមហាក្សត្រក្បត់ជាតិដោយសារកាត់ទឹកដីកម្ពុជាឱ្យបរទេស។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងយល់ថា សាររបស់លោក ហ៊ុន សែន ជាល្បិចកលនយោបាយយកព្រះមហាក្សត្រធ្វើជាខែលទប់ស្កាត់លោក សម រង្ស៊ី ដើម្បីសម្រេចមហិច្ឆតាផ្ទេរអំណាចតវង្សត្រកូលរបស់ខ្លួននៅពេលខាងមុខ។
៥. លោកសម រង្ស៊ី អះអាងថា លោក ហ៊ុន សែន កំពុងតែសណ្តោងព្រះមហាក្សត្រឲ្យប្រព្រឹត្តអំពើក្បត់ជាតិ
មេបក្សប្រឆាំងនិរទេសខ្លួននៅក្រៅប្រទេស ដែលត្រូវប្រមុខរដ្ឋាភិបាលកម្ពុជាចោទថា ក្បត់ជាតិ បានប្រតិកម្មតបទៅលោកនាយករដ្ឋមន្រ្តីវិញថា អ្នកដែលក្បត់ជាតិពិតប្រាកដនោះ គឺលោក ហ៊ុន សែន។ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន មិនមែនតែក្បត់ជាតិតែម្នាក់ឯងទេ ថែមទាំងសណ្ដោងព្រះមហាក្សត្រឲ្យឡាយព្រះហត្ថលេខាទទួលស្គាល់ច្បាប់ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ដើម្បីបំពេញមហិច្ឆតាចង់បានរបស់លោកនាយករដ្ឋមន្រ្តីថែមទៀតផង។
ទាំងលោក សម រង្សី និងអ្នកសង្កេតការណ៍បញ្ហាព្រំដែនថា ច្បាប់ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែមនេះ ជាច្បាប់ដែលលោក ហ៊ុន សែន កាត់ទឹកដីឲ្យវៀតណាម ដែលអតីតព្រះមហាក្សត្រនរោត្តម សីហនុ មិនទទួលស្គាល់ កាលពីព្រះអង្គគង់នៅ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ និង លោក សម រង្ស៊ី អំពីបញ្ហានេះដូចតទៅ៖
៦. អ្នកនំាពាក្យរដ្ឋាភិបាលថា លោក អ៊ុក ទូច បើនៅកម្ពុជាអាចនឹងជាប់ទោសពីបទប្រមាថលោក ហ៊ុន សែន
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមិនសុខចិត្តទេ ដែលសហរដ្ឋអាមេរិកមិនមានចំណាត់ការផ្លូវច្បាប់ណាមួយ លើលោក អ៊ុក ទូច ដែលយកស្បែកជើងគប់តម្រង់ក្បាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ។ លោក ផៃ ស៊ីផាន ថា ប្រសិនបើលោក អ៊ុក ទូច នៅប្រទេសកម្ពុជាអាចនឹងជាប់ទោសពីបទ ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។
ទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក អ៊ុក ទូច...
៧. លោក សុន ឆ័យ សម្រេចប្ដឹងឧទ្ធរណ៍រឿងតុលាការក្រុងភ្នំពេញឱ្យចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន សម្រេចប្ដឹងទាស់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោកចាញ់ក្ដី បណ្តឹងបរិហារកេរ្តិ៍របស់គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតុលាការជាន់ខ្ពស់មួយនេះរកយុត្តិធម៌ជូនលោក។
មន្ត្រីសង្គមស៊ីវិលសោកស្ដាយ ដែលករណីនេះត្រូវបានតុលាការលើកយកមកកាត់ក្ដី ខណៈពួកគេសង្កេតឃើញថា អ្វីដែលលោក សុន ឆ័យ លើកឡើងជាសិទ្ធិបញ្ចេញមតិ។
៨. បក្សនយោបាយនិងសង្គមស៊ីវិលថា បក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរ
មន្រ្តីគណបក្សនយោបាយភ្លើងទៀន និងមន្រ្តីសង្គមស៊ីវិលលើកឡើងថា ក្រៅពីបញ្ចប់សង្គ្រាម គណបក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរបាននៅឡើយទេ។ ពួកគេថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចកម្ពុជា ទោះបីគណបក្សនយោបាយណាក៏អាចដឹកនាំប្រទេសដោយផ្តល់សន្តិភាពជូនប្រជាពលរដ្ឋបានដែរ។ ប្រតិកម្មនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា បើគណបក្សប្រជាជនមិនបានគ្រប់គ្រងអំណាចខាងមុខទេ ប្រទេសនឹងពុំអាចរក្សាសន្តិភាពដើម្បីការពារអាយុជីវិតពលរដ្ឋពីសង្គ្រោមបាននោះទេ។
៩. លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន
អ្នកឃ្លាំមើលនយោបាយលើកឡើងថា ទំនាក់ទំនងរវាងគណបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនមែនជាទោសដែលត្រូវឈានដល់ការរំលាយគណបក្សភ្លើងទៀនទេ។ ការលើកឡើងដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំឈ្មោះគណបក្សភ្លើងទៀនថា គណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលប្រឈមការរំលាយចោល ដែលលោកមានទាំងភស្តុតាងទៀតផង។
១០. ពលរដ្ឋរិះគន់លោក ហ៊ុន សែនថា ការថ្លែងសាររបស់លោកមិនបានផ្តល់ប្រយោជន៍ដល់ជាតិ
ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារិះគន់លោក ហ៊ុន សែន ថាក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងសារនយោបាយបែបគំរាមកំហែងបំផ្លាញពន្លកលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រជាជាតិខ្មែរកាន់តែបែកបាក់សាមគ្គី។
១១. តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីតាមការស្នើសុំ
តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឲ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងអនុញ្ញាតឲ្យលោកអាចធ្វើដំណើរទៅក្រៅប្រទេសដោយសេរី តាមការស្នើសុំរបស់លោក។ លោក យាង សុធារិន្ទ ត្រេកអរដែលទទួលបានលិខិតឆ្លងដែនឡើងវិញ សម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្ដាយ និងសាច់ញាតិ ជាពិសេសបងស្រីដែលកំពុងឈឺធ្ងន់ដំណាក់កាលចុងក្រោយនៅឯស្រុកកំណើតរបស់លោក នៅកម្ពុជាក្រោម។
១២. ភាគហ៊ុនធ្លាក់ថ្លៃទិញដោយកូនស្រីសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លាតត្រដាងឱ្យដឹងពីវិធីគេចពន្ធនៅកម្ពុជា
កូនស្រីសមាជិកព្រឹទ្ធិសភាកម្ពុជាម្នាក់ បានប្រថុយប្រថានចំណាយលុយ ៨លានដុល្លារ ទិញភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រមួយរបស់អាមេរិកមួយ តាមរយៈភ្នាក់ងារកម្រៃជើងសារសិង្ហបុរី (Singapore) ម្នាក់។ ប្រតិបត្តិការទិញដូរនោះ បានបញ្ចប់ទៅយ៉ាងរលូននៅមុនពេលកម្ពុជា និងសិង្ហបុរី អនុម័តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ នេះបើយោងតាមឯកសារហិរញ្ញវត្ថុតម្រូវឱ្យដាក់តាមបញ្ញត្តិច្បាប់ ដែលវិទ្យុអាស៊ីសេរី បានពិនិត្យមើល។ អ្នកស្រី ឡាវ សុខហ៊ុយ ធ្លាប់រំពឹងថានឹងចំណេញលុយរាប់លានដុល្លារដោយសារកិច្ចព្រមព្រៀងថ្មីមួយស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងសិង្ហបុរី ក៏ប៉ុន្តែការវិនិយោគរបស់អ្នកស្រីបានបរាជ័យទាំងស្រុង។
១៣. តើអ្នកស្រី បាន ស្រីមុំ ជាអ្នកណា?
អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ គឺជាស្ត្រីម្នាក់ក្នុងចំណោម ២ នាក់ដែលកំពុងកាន់តំណែងជាអភិបាលខេត្ត។ គិតត្រឹមខែតុលា ឆ្នាំ២០២២ អ្នកស្រីបានកាន់តំណែងនេះអស់រយៈពេលជិត ២ ឆ្នាំមកហើយ។ តើអភិបាលខេត្តជាស្ត្រីរូបនេះមានប្រវត្តិ និងស្នាដៃអ្វីខ្លះក្នុងការដឹកនាំខេត្តប៉ៃលិន?
ទស្សនាសេចក្តីរាយការណ៍របស់លោក យ៉ង ចាន់តារា...
១៤.អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន ប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ក្រុមអង្គការសង្គមស៊ីវិល រួមមាន សមាគម សហជីព ជាង២០ស្ថាប័ន បានប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិត២ពាន់នាក់ (២,០០០នាក់)។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលបានដើរផ្ទុយពីឆន្ទៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះបានធ្វើឱ្យស្ថាប័នកំពូលទាំង៣ មិនមានភាពឯករាជ្យ បាត់បង់តុល្យភាពអំណាចត្រួតពិនិត្យគ្នារវាងស្ថាប័នតុលាការ ស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល ដែលបណ្ដាលឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដើរខុសគន្លងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
១៥. ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ជួបជុំគ្នារំលឹកខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ពលរដ្ឋខ្មែរអាមេរិកកាំង សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែរំពឹងទៅលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ថាអាចនាំឲ្យកម្ពុជាផ្សះផ្សាការបែកបាក់ជាតិ និងអាចឈានទៅស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យរស់ឡើងវិញបាន។ ពួកគាត់មើលឃើញថា ការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថា សព្វថ្ងៃនេះ កម្ពុជាកំពុងមានសន្តិភាពពេញលេញនោះ គឺជាសន្តិភាពក្លែងក្លាយជាការបន្លំភ្នែកអន្តរជាតិប៉ុណ្ណោះ។
១៦. លោក ហ៊ុន សែន យកវេទិកាជាតិទៅឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាច
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់លោក និងអះអាងថាលោកមានសិទ្ធិអំពាវនាវរកសំឡេងឆ្នោតជូនគណបក្សប្រជាជនមុនរដូវកាលបោះឆ្នោតដោយមិនខុសច្បាប់នោះទេ។ ប៉ុន្តែគណបក្សក្រៅរដ្ឋាភិបាល អ្នកជំនាញបោះឆ្នោតចាត់ទុក សកម្មភាពរបស់លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី យកវេទិកា និងធនធានជាតិទៅឃោសនា ដើម្បីកេងចំណេញផលប្រយោជន៍បក្សកាន់អំណាច គឺជាទង្វើបំពានច្បាប់ និងគោលការណ៍បោះឆ្នោតដោយយុត្តិធម៌ និងស្មើភាពគ្នា។
១៧. លោក ហ៊ុន សែន ប្តេជ្ញាបន្តធ្វើការ «យ៉ាងជិតស្និទ្ធ» ជាមួយមេដឹកនាំចិនដើម្បីលើកកម្ពស់ទំនាក់ទំនងទៅកាន់«កម្រិតថ្មីមួយ» ទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាបន្តធ្វើការ «យ៉ាងជិតស្និទ្ធ» ជាមួយមេដឹកនាំនៃប្រទេសចិនកុម្មុយនិស្ត គឺលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជារបស់លោក និងគណបក្សកុម្មុយនីស្តចិន។ ទន្ទឹមនឹងនេះ លោកក៏ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ទៅកាន់អ្វីមួយដែលលោកហៅថា ជា «កម្រិតថ្មីមួយ» ទៀត។
ការបញ្ជាក់ជំហរប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងសារលិខិតមួយច្បាប់ ចុះថ្ងៃទី២៣ ខែតុលា ផ្ញើជូនទៅប្រធានាធិបតី និងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន លោក ស៊ី ជីនពីង ក្នុងឱកាសដែលលោក ស៊ី ត្រូវបានសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ បន្តជ្រើសរើសលោកឱ្យធ្វើជាមេដឹកនាំរបស់បក្សនេះតទៅទៀត។
១៨. សង្គមស៊ីវិលថា អ្នកសារព័ត៌មានដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលរងការរឹតត្បិត
អង្គការសង្គមស៊ីវិលមួយចំនួនបារម្ភពីសេរីភាពសារព័ត៌មាននៅកម្ពុជាដែលបន្តរងការរឹតត្បិតពីសំណាកអាជ្ញាធរ។ ប៉ុន្តែតំណែងក្រសួងព័ត៌មានថា ការរឹតត្បិតរបស់អាជ្ញាធរកើតមានចំពោះតែអ្នកសារព័ត៌មានណាដែលមិនគោរពច្បាប់។
១៩. សកម្មជនបរិស្ថានថា កម្ពុជា ជាអ្នកខាតក្នុងការលក់ខ្សាច់ទៅប្រទេសវៀតណាម
សកម្មជនបរិស្ថាន បារម្ភថា ការបូមខ្សាច់នឹងធ្វើឱ្យមានការបាក់ច្រាំង និងបាត់បង់ជីវចម្រុះក្នុងទឹកទន្លេ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីការទាញយករ៉ែខ្សាច់ លុះត្រាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងវិស័យធនធានរ៉ែជាមុនសិន។
២០. តុលាការកំពូលសម្រេចឱ្យលោក អៀ ចាន់ណា សកម្មជនបក្សភ្លើងទៀន នៅក្នុងដដែលឃុំដដែល
តុលាការកំពូលសម្រេចមិនអនុញ្ញាតឱ្យសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា នៅក្រៅឃុំ បណ្ដោះអាសន្ន តាមការស្នើសុំទេ។ ការសម្រេចនេះក្នុងពេលតុលាការបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់ លោក អៀ ចាន់ណា នៅថ្ងៃទី២៨ ខែតុលា។
២១. អភិបាលរងខេត្តកណ្ដាលកោះហៅសមាជិកគណបក្សភ្លើងទៀនបង្ខំផ្ដិតមេដៃថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ
អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរស្រុកកណ្ដាលស្ទឹងកោះហៅជំទប់ទី២របស់គណបក្សភ្លើងទៀនចំនួន៩នាក់ បង្ខំឲ្យពួកគាត់ផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិលថា ព្រះមហាក្សត្រ មិនអាចឲ្យបុគ្គលណាម្នាក់ប្រមាថព្រះអង្គបានទេ តាមច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរាជការក៏មិនអាចបង្ខំបុគ្គលម្នាក់ទៅថ្កោលទោសបុគ្គលម្នាក់ទៀតដែរ។
២២. ចៅសង្កាត់រងទី២គណបក្សភ្លើងទៀនខេត្តបាត់ដំបង ដែលរងហិង្សាពីក្រុមប្រឹក្សាបក្សកាន់អំណាច ដាក់បណ្ដឹងទៅប៉ូលិស
ចៅសង្កាត់រងទី២ គណបក្សភ្លើងទៀនខេត្តបាត់ដំបងអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បានដាក់ពាក្យប្ដឹងសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ អ្នកស្រី យ៉ាន រ៉ាស៊ី ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកស្រី។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរថ្នាក់លើ គប្បីធ្វើការសម្របសម្រួល ដើម្បីបន្តធ្វើការបម្រើពលរដ្ឋជាមួយគ្នា ព្រោះរយៈពេលនៅវែងឆ្ងាយទើបចប់អាណត្តិ ប៉ុន្តែមិនអាចបង្ខំឆន្ទៈរបស់ភាគីជម្លោះបានឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។