ព័ត៌មាន​សំខាន់ៗ​ចំនួន ២៣ ដែល​លោកអ្នកនាងគួរអាន​នៅថ្ងៃអាទិត្យ​នេះ

. លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ កាល​ពី​ជិត​៣​ទសវត្ស​មុន បន្ត​ប្រកាស​ថា លោក​នឹង​ការពារ​ដាច់ខាត​មិន​ឱ្យ​មាន​រដ្ឋប្រហារ​ណា​មួយ​កើត​ឡើង​នៅ​កម្ពុជា​ឡើយ ដើម្បី​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចំរើន​ជា​និរន្ត​ទៅមុខ។ មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​សារ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ។ អាន​ព័ត៌មាន​ពិស្ដារ ...

. លោក​ ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​លោក​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​សាសនា​ទាំង​អស់ តែ​ក្រុម​សាសនិក​​ខ្លះ​រិះគន់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ អះអាង​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ផ្តល់​សេរីភាព​ខាង​ជំនឿ​សាសនា​ទូលំ​ទូលាយ​ដល់​ពល​រដ្ឋ​ទាំង​អស់។ ប៉ុន្តែ​ព្រះ​សង្គម និង​ក្រុម​សាសនិក​រិះគន់​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០ឆ្នាំ​នេះ ពួក​គេ​មិន​ទាន់​អនុវត្ត​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញលេញ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​នៅ​ឡើយ​ទេ ជាពិសេស អ្នក​ដែល​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល។ អាន​ព័ត៌មានពិស្ដារ ...

. ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម

ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន កំពុង​គំរាម​ចាត់​វិធានការ​ទៅ​លើ​ពលរដ្ឋ​ម្នាក់​នៅ​ក្រៅ​ប្រទេស ដែល​រិះគន់​លោក ហ៊ុន ម៉ាណែត តាម​រយៈ​ឃ្លីប​វីដេអូ​ថា ជា​មនុស្ស​គ្មាន​សមត្ថភាព និង​កាន់​តួនាទី​ដោយសារ​លោក ហ៊ុន សែន ជា​ឪពុក​លើក​បន្តុប។ អានព័ត៌មានពិស្តារ ...

. គណបក្ស​ភ្លើង​ទៀន ប្រជុំ​ថ្នាក់ដឹកនាំ​តាម​រាជធានី​ - ខេត្ត ក្រោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់អំណាច

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​បន្ត​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​រាជធានី - ខេត្ត ដើម្បី​ពិភាក្សា​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ក្រោយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ ក្នុង​បក្ស​ប្រឆាំង​មួយ​នេះ​ទទួលរង​ពាក្យបណ្ដឹង​បន្តបន្ទាប់​ពី​គណបក្ស​កាន់អំណាច។ អ្នក​តាមដាន​សង្គម មើល​ឃើញ​ថា​គណបក្ស​ភ្លើង​ទៀន​នឹង​ប្រឈម​ជាមួយ​ព្យុះ​នយោបាយ​មួយ​នេះ​កាន់តែ​ខ្លាំង ប្រសិនបើ​ក្បាលម៉ាស៊ីន​ដឹកនាំ​និង​សមាជិក អ្នកគាំទ្រ​គ្មាន​យុទ្ធសាស្ត្រ​រឹងមាំ​ទេ​នោះ។ អានព័ត៌មានពិស្តារ ...

. ក្រុម​ស្ត្រី​វ័យក្មេង​សកម្ម​ការងារ​សង្គម​មិន​បំភ្លេច​កញ្ញា សេង ធារី បើ​ទោះ​បី​ជា​កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ឆ្ងាយ

ភាព​ក្លាហាន និង​ការ​តស៊ូ​មិន​ចុះញ៉ម​របស់​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ស្ត្រី​វ័យ​ក្មេង​មួយ​ចំនួន ដែល​គោរព​ស្រឡាញ់​កញ្ញា។ ពួកគេ​នៅ​តែ​ចាត់​ទុក​កញ្ញា សេង ធារី ដែល​ជា​អ្នកច្បាប់​ផង គឺ​ជា​គំរូ​នៃ​ការ​តស៊ូ​មតិ​ការពារ​យុត្តិធម៌​សង្គម សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ អាន​ព័ត៌មាន​ពិស្ដារ ...

. ថៃ​យល់ព្រម​ឱ្យ​កម្ពុជា​ប្រើ​ពាក្យ « គុនខ្មែរ » ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣

ភាគី​ផ្នែក​កីឡា​ប្រទេសថៃ ​បាន​យល់​ព្រម​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ីហ្គេម (SEA Game) ប្រើ​ពាក្យ​ «គុនខ្មែរ» (Kun Khmer) ក្នុង​វិញ្ញាសា​ប្រកួត​កីឡា នៃ​ការ​ប្រកួត​ស៊ីហ្គេម​នា​ពេល​ខាងមុខ។ ការ​សម្រេច​របស់​ថៃ​បែប​នេះ ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ក្បាច់​គុន មកពី​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ដើម្បី​ជជែក​គ្នា​ទាក់ទង​ពាក្យ​គុនខ្មែរ។ អាន​ព័ត៌មាន​ពិស្ដារ ...

. « ករណី​ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ឲ្យ​ប្អូនស្រី​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា អ្នក​ធំ​តែង​ឈ្នះ »

ករណី​វិវាទ​ដីធ្លី​រវាង​អ្នក​មាន​លុយ​មាន​អំណាច​ដូចគ្នា គឺ​រវាង​អគ្គ​នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និង​ប្អូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ប៊ុនធឿន បាន​ដោះស្រាយ​បញ្ចប់​ហើយ ក្រោយ​មាន​យកចិត្តទុកដាក់ និង​ការ​សម្របសម្រួល​ជា​ពិសេស​ពី​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា។ អាន​ព័ត៌មាន​ពិស្ដារ ...

. អាជ្ញាធរ​វៀតណាម​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ទៅ​សាកសួរ​រឿង​បង្ហោះ​ព័ត៌មាន​​លើ​ហ្វេសប៊ុក

អាជ្ញាធរ​វៀតណាម​កោះ​ហៅ​សកម្មជន​ខ្មែរ​ក្រោម​ម្នាក់​ទៅ​គំរាម​កំហែង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចែក​ចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម​ តាម​បណ្ដាញ​សង្គម​ទៀត។ សកម្មជន ​និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម​ថា វៀតណាម​បំបិទ​សិទ្ធិ​ខ្មែរ​ក្រោម​មិន​ឱ្យ​ផ្សព្វផ្សាយ​រឿងរ៉ាវ​ដែន​ដី​កម្ពុជា​ក្រោម និង​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរក្រោម​ នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ ដែល​វៀតណាម​ទើប​ចូល​ជា​សមាជិក​ថ្មីៗ​នេះ។ អាន​ព័ត៌មាន​ពិស្ដារ ...

១០ . ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ក្បួន​ធម្មយាត្រា កំណត់​ត្រឹម ៥០នាក់

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ហែធម្មយាត្រា​ចាប់​ពី​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​ធម្មយាត្រា​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រីករាយ​ចំពោះ​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​បែប​នេះ ប៉ុន្តែ​សោក​ស្ដាយ​ចំពោះ​ការ​កំណត់​របស់​ក្រសួង ដែល​តម្រូវ​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹមតែ​៥០នាក់។ អាន​ព័ត៌មាន​ពិស្ដារ ...

១១ . លោក រ៉ុង ឈុន នឹងដឹកនាំ​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​នៅ​សប្តាហ៍​ក្រោយ

ប្រធាន​សហភាពសហជីពកម្ពុជា​លោក រ៉ុង ឈុន ប្រកាសថា​ លោក​នឹងដឹកនាំ​ធ្វើធម្មយាត្រា​នៅសប្តាហ៍ក្រោយ​ដើម្បី​លើកកម្ពស់​សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ​ចូលរួម និង​ទទួលស្វាគមន៍​ធម្មយាត្រា​នៅតាម​ដងផ្លូវ​ឱ្យបាន​ច្រើនកុះករ ដើម្បី​លើកមុខមាត់ជាតិ​ឡើងវិញ។ មន្ត្រីសង្គមស៊ីវិល​ជំរុញ​ដល់​អាជ្ញាធរ​ជួយ​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​ហែធម្មយាត្រានោះ​ដោយ​សន្តិវិធី។ អានព័ត៌មានពិស្តារ ...

១២ . មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ពលរដ្ឋ​​ឱ្យ​ចេះ​គិត​ស៊ី​ជម្រៅ

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពង្រឹង​សិទ្ធិ​អំណាច​យុវជន លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​ចេះ​គិត​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​នៅ​ឡើយ​ទេ ដែល​ងាយ​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​បោក​ប្រាស់​ផ្សេងៗ។ ពួកគាត់​ជំរុញ​ឱ្យ​ពលរដ្ឋ ត្រូវ​ចេះ​គិត​ពិចារណា​ឱ្យ​ស៊ី​ជម្រៅ ដោយ​មាន​ហេតុផល និង​ភស្តុតាង ដើម្បី​ការពារ​ខ្លួន​ពី​ការ​បោកប្រាស់​ផ្សេងៗ ជាពិសេស ពី​អ្នក​នយោបាយ​ប្រជាភិថុតិ។ ដើម្បី​គិត​ឱ្យ​បាន​ស៊ី​ជម្រៅ តើ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ទម្លាប់ និង​ការ​គិត​បែប​ណា​ខ្លះ? អាន​ព័ត៌មាន​ពិស្ដារ ...

១៣ . អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ជនជាតិ​ចិន​ដំបូង​ជាង ១រយ​នាក់ ខណៈ​ចិន​បន្ត​កើន​ឡើង​អ្នក​ឆ្លង​កូវីដ១៩

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​កំពូលៗ​នៃ​ក្រសួង​ទេសចរណ៍​បាន​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ជាង ១រយនាក់ (១០៤) ជា​លើក​ដំបូង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​កេងកេង​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នកឃ្លាំមើល​ព្រួយ​បារម្ភ​ថា ថា កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​រីក​រាលដាល​ជំងឺ​កូវីដ-១៩ សាជាថ្មី ដោយសារ​តែ​កម្ពុជា​មិន​មាន​វិធានការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​លើ​ទេសចរ​ចិន។ អាន​ព័ត៌មានពិស្ដារ ...

១៤ . ធនាគារ​ ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍

ធនាគារ​អេប៊ីអេ (ABA Bank) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​ដុល្លារ ចូល​គណនី​ធនាគារ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ៣​នាក់ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ មូលនិធិ​សង្គ្រោះ​បន្ទាន់ (Urgent Action Fund) ដើម្បី​គាំទ្រ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ​នៅ​កម្ពុជា។ អាន​ព័ត៌មានពិស្ដារ ...

១៥ . សហគមន៍​ព្រៃព្រះរការ​និង​ព្រៃ​ឡង់​ស្នើ​បង្ក្រាប​ម៉ាស៊ីន​កែច្នៃ​ឈើ​ដើម្បី​ទប់ស្កាត់​បទល្មើស​អារ​ឈើ

ប្រជា​សហគមន៍​ព្រៃ​ព្រះរការ និង​ព្រៃ​ឡង់​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប​ម៉ាស៊ីន​កែ​ឆ្នៃ​ឈើ ដើម្បី​ទប់ស្កាត់​បទល្មើស​អារឈើ​ដែល​កំពុង​កើតមាន​ជា​បន្តបន្ទាប់​។ អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​ ​ចោទ​ថា ការ​បើក​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ព្រៃ​អភិរក្ស​ ​នេះ​ ​ដោយសារតែ​អាជ្ញាធរ​ជា​អ្នក​ចាំ​ជួយ​ការពារ តាមរយៈ​ការ​សូកប៉ាន់​លុយ​ជាមួយនឹង​ជនល្មើស។ អាន​ព័ត៌មានពិស្ដារ ...

១៦ . អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចាត់​ទុក​ការ​បកស្រាយ​របស់​ក្រសួង​វប្បធម៌​ពី​រឿង​សិទ្ធិ​មនុស្ស​នៅ​មិន​ទាន់​គ្រប់​គ្រាន់

នាយក​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់( CHRAC)នៅ​តែ​ទទូច​ស្នើ​សុំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឱ្យ​កាន់តែ​ទូលាយ​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​រឹតត្បិត​ដូច​ករណី​បទ​ចម្រៀង «ឈាម​បាតុករ» ។ ការ​លើក​ឡើង​របស់​នាយក​អង្គការ​រូប​នេះ​គឺ​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​លិខិត​ឆ្លើយតប និង​បកស្រាយ​ថា វីដេអូ(video) មួយ​ចំនួន​បាន​ប្រើ​រូបភាព​ដែល​រំលង​ហួស​ពី​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​ដែល​នាំ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម។ អាន​ព័ត៌មានពិស្ដារ ...

១៧ . លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល (Digital) ដើម្បីប្រឆាំង​អំពើពួករលួយ និង​មន្រ្តី​ខ្មោច

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល (Digital) ដើម្បី​ប្រឆាំង​អំពើ​ពួករលួយនិង​មន្រ្តី​ខ្មោច។ លោក ហ៊ុន សែន លើកឡើងបែបនេះ​កាលពីថ្ងៃទី២៣ ខែមករា។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការគ្រប់គ្រង​ទិន្នន័យ​តាមរយៈប្រព័ន្ធ​ឌីជីថល​អាចជួយបង្កើន​ល្បឿន​និង​មាន​សុវត្ថិភាពនិង​អាច​ប្រឆាំង​នឹង​អំពើពុករលួយ។ លោក ហ៊ុន សែន បានលើកឧទាហរណ៍​ពីការបើក​ប្រាក់​បៀវត្សរ៍​ជូនមន្ដ្រី​រាជការ​តាម​ប្រព័ន្ធធនាគារដែលអាច​ឱ្យរដ្ឋាភិបាល​កន្លងទៅអាច​រកឃើញ​មន្ត្រី​ខ្មោច​រាប់ម៉ឺននាក់។ ទាក់ទងនឹង​អំពើពុករលួយ​នៅកម្ពុជា​អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ដើម​ឆ្នាំ២០២២បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពីសន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពីអំពើពុករលួយ​ប្រចាំ​ឆ្នាំ២០២១ រកឃើញថា កម្ពុជា​ទទួល​បាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ ដោយទទួលបានចំណាត់​ថ្នាក់​១៥៧ក្នុងចំណោម​១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះស្ថានភាព​បង្ហាញថា ការប្រយុទ្ធនឹង​អំពើពុករលួយ​មានភាពប្រសើរ​តិចតួច​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតកម្ពុជា​កំពុងជាប់​ក្នុងបញ្ជី​ប្រផេះឬប្រទេសដែល​មានហានិភ័យ​ខាងលាង​លុយ​កង្វក់​របស់អង្គការ​ឃ្លាំមើលអំពើលាងលុយកខ្វក់​លើ​ពិភពលោកឈ្មោះក្រុមការងារ​ហិរញ្ញវត្ថុ (FATF)។

១៩ . មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​រស់​បាន​ ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​កំពុង​លូតលាស់ និង​អាច​រស់​បាន ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជា​ការ​ខាត​បង់ប្រយោជន៍​សេដ្ឋកិច្ច ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ការនាំចេញ។

២០ . តើប្រទេសខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គរងផលប៉ះពាល់​យ៉ាងណាខ្លះរដូវប្រាំងឆ្នាំនេះ​ដោយសារ​ចិន​បើកទឹក​មុនកាល​កំណត់ ?

ខុសប្លែកពី​បណ្តាឆ្នាំមុនៗ រដូវប្រាំង​ឆ្នាំ២០២៣នេះ ប្រទេសចិន​ដែលស្ថិតនៅ​ខ្សែទឹកខាងលើ​នៃ​ទន្លេមេគង្គ បានចាប់ផ្តើម​បើក​ទ្វាទឹក​ទំនប់​វារីអគ្គិសនី​ដ៏ធំ​របស់ខ្លួន​នៅ​មុន​កាលកំណត់​ប្រមាណ​ជា៥ខែ​ដើម្បី​ផលិត​អគ្គិសនី។ ក្រុមអ្នកជំនាញ​តំបន់មេគង្គ​ព្រួយបារម្ភ​ថា ទង្វើ​របស់​ចិន​អាចនឹង​បង្កឱ្យមាន​នូវ​ភាពមិនប្រក្រតី​នៃរំហូរ​ទឹកទន្លេ​ដែលអាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធអេកូឡូស៊ី និង​ការប្រកប​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅតាម​ប្រទេស​​ខ្សែទឹកខាងក្រោម។

២១ . សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម ​កុំ​ឱ្យ​ធ្វើ​តាម​បង្គាប់​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​វៀតណាម​បង្ខំ​ឲ្យ​បំបិទ​សិទ្ធិ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម កុំ​ធ្វើ​ឲ្យ​តាម​បង្គាប់​វៀតណាម ដើម្បី​ផល​ប្រយោជន៍ និង​លាភសក្ការៈ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ប្រចាំ​ខេត្ត ឃ្លាំង​មិន​ទទួល​ស្គាល់ សាមណេរ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​សកម្ម​ក្នុង​ការពារ សិទ្ធិមនុស្ស និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ អានព័ត៌មានពិស្តារ ...

២២ . គ្រួសារ និង​មេធាវីទាមទារ​តុលាការ​ដោះលែង​អនុប្រធាន​បក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​វិញ

គ្រួសារ និង​មេធាវី ទាមទារ​តុលាការ​ឲ្យ​ដោះលែង​អនុប្រធាន​បក្សភ្លើងទៀន​​លោក ថាច់ សេដ្ឋា ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បីចូលរួម​ធ្វើ​នយោបាយ មុនការ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាងមុខ។ មេធាវី​កត់​សម្គាល់​ថា ការលើកសំអាង​អំពីសែក​ស្អុយ​របស់​តុលាការ មកដាក់​បន្ទុក​កូន​ក្តី​មាន​ភាព​មិន​ប្រក្រតី​ ខណៈ​លោក ថាច់ សេដ្ឋា អះអាងថា លោកមិន​បាន​ព្រឹត្ត​បទល្មើស​ដូចកា​រចោទ​ប្រកាន់​នោះទេ។ https://www.rfa.org/khmer/news/politics/family-and-lawyers-demand-court-release-of-clp-vice-president-mr-thach-setha-01252023032223.html ...

២៣ . យុវជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​អាជ្ញាធរ​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទីកន្លែង ក្រុម​យុវជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​អាជ្ញាធរ​មួយ​ចំនួន​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទី​កន្លែង ដោយសារ​តែ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ​កាល​ពី​ថ្មីៗ នេះ។ អ្នក​តស៊ូ​មតិ​បញ្ហា​បរិស្ថាន​ថា ការ​តាមដាន​របស់​អាជ្ញាធរ​នេះ ជា​ទង្វើ​អាក្រក់​មួយ​នៅ​ក្នុង​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​យុវជន។ អានព័ត៌មានពិស្តារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។