ព័ត៌មានសំខាន់ៗ ចំនួន ៣០រឿង ដែលលោកអ្នកនាងគួរអាននៅក្នុងសប្តាហ៍នេះ
2023.02.05

១. ថ្ងៃដំបូងនៃធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមចាប់ផ្ដើមក្រោមការឃ្លាំមើលពីសមត្ថកិច្ច
ក្បួនហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ឃ្លាំមើល។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋាន គួរចូលរួមសហការជាមួយសមាគមគ្រូបង្រៀន ធ្វើឱ្យដំណើរធម្មយាត្រាប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ស្ដីពីការបញ្ចេញមតិរបស់ពលរដ្ឋ។ អានព័ត៌មានពិស្តារ...
២. ក្រុមអាជ្ញាធរបន្តឃ្លាំមើលធម្មយាត្រា ខណៈប្រជាពលរដ្ឋតាមដងផ្លូវចេញគាំទ្រ
អាជ្ញាធរនៅតាមមូលដ្ឋាននៅតែបន្តតាមឃ្លាំមើល ក្បួនធម្មយាត្រា ដើម្បីលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី៣នេះ។ ក៏ប៉ុន្តែទោះបីមានការលួចថតរូប អ្នកចូលរួមធម្មយាត្រាយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតែគាំទ្រដល់ក្រុមធម្មយាត្រា តាមរយៈការឧបត្ថម្ភជាទឹក គ្រឿងឧបភោគបរិភោគ និងចូលរួមដំណើរធម្មយាត្រានេះផង។ អានព័ត៌មានពិស្ដារ...
៣. កម្ពុជាប្រតិកម្មនឹងការដាក់កម្ពុជាជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្តាច់ការ
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលច្រានចោលរបាយការណ៍របស់ស្ថាប័នអន្តរជាតិបានដាក់កម្ពុជាជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្តាច់ការ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចហៅកាត់ថាអ៊ីអាយយូ (EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្តាច់ការ។ អានព័ត៌មានពិស្ដារ...
៤. លោក ហ៊ុន សែន ហៅសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចូលស្រុកវិញដោយមិនមានការចាប់ចង
ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កាន់តែតាំងខ្លួនធ្វើជាចិត្តល្អដែរ ដោយលោកប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសឱ្យវិលចូលស្រុកវិញ ដោយមិនមានការចាប់ចងឡើយ។ សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។ អានព័ត៌មានពិស្ដារ...
៥. គណបក្សភ្លើងទៀនចាប់ផ្ដើមយុទ្ធនាការពង្រឹងសមាជិកបក្សតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។ អានព័ត៌មានពិស្តារ...
៦. គណបក្សភ្លើងទៀនគោរពការសម្រេចរបស់លោក គង់ គាំ ដែលលាឈប់ពីគណបក្សនេះ
អ្នកនយោបាយជើងចាស់ដែលបាត់បង់ដីផ្ទះព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន រឹបអូស កាលពីថ្មីៗ នេះ បានលាឈប់ពីគណបក្សភ្លើងទៀនហើយ។ លិខិតមួយច្បាប់របស់លោក គង់ គាំ ចុះកាលពីថ្ងៃទី៣១ ខែមករា តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឱ្យដឹងថា លោក គង់ គាំ សម្រេចដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់ប្ដឹងរូបលោក។ អានព័ត៌មានពិស្ដារ...
៧. អ្នកឃ្លាំមើលថា គណបក្សប្រជាជនកម្ពុជាពុំបានប្រកាន់ជំហរគោលនយោបាយបរទេសឯករាជ្យ
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំបានប្រកាន់ជំហរនយោបាយការបរទេសដោយឯករាជ្យស្របតាមច្បាប់នោះទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជាសម្រេចក្នុងមហាសន្និបាតរបស់បក្សខ្លួនថា កម្ពុជាប្រកាន់ការអនុវត្តនយោបាយបរទេសដោយឯករាជ្យ។ អានព័ត៌មានពិស្តារ...
៨. សង្គមស៊ីវិលថា កម្មវិធីនយោបាយរបស់បក្សប្រជាជនហាក់ពុំមានប្រសិទ្ធភាពក្នុងការជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធឡើយ
មេដឹកនាំសមាគមលើកឡើងថា ការដាក់ចេញយុទ្ធសាស្រ្តជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជានឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណាត្តិចាស់ទេ ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្តោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។ អានព័ត៌មានពិស្តារ...
៩.អង្គការតម្លាភាពអន្តរជាតិថា កម្ពុជាបន្តរងគ្រោះដោយសារតែអំពើពុករលួយធ្ងន់ធ្ងរកាលពីឆ្នាំ២០២២
លទ្ធផលសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២២ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ផ្សាយនៅថ្ងៃទី៣១ ខែមករា រកឃើញថា កម្ពុជានៅតែជាប់ផុងក្នុងអំពើពុករលួយខ្ពស់។ ទោះបីជាយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា ការវាយតម្លៃនេះគ្រាន់តែជាការសន្និដ្ឋានរបស់ស្ថាប័នអង្គការមួយប៉ុណ្ណោះ ដោយមិនបានឆ្លុះបង្ហាញពីស្ថានភាព និងការវិវឌ្ឍនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើយ។ អានព័ត៌មានពិស្តារ....
១០. គណបក្សភ្លើងទៀនស្វាគមន៍ លោក រ៉ុង ឈុន ជាសមាជិកបក្ស
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ។ អានព័ត៌មានពិស្តារ...
១១. អ្នកវិភាគនយោបាយថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសារធារណៈ ឱ្យគាំទ្រសកម្មភាពនយោបាយរបស់លោក ដែលផ្ទុយពីច្បាប់។ បន្ថែមពីនេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញដូចគ្នាថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដោយស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ អានព័ត៌មានពិស្តារ...
១២. បក្សកាន់អំណាចប្តេជ្ញា «កម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយម» ឱ្យអស់ពីកម្ពុជា
បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះនៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។ អានព័ត៌មានពិស្តារ...
១៣. ក្រសួងការបរទេសមិនពេញចិត្តដែលអាមេរិកផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ
ក្រសួងការបរទេសកម្ពុជា ចេញលិខិតប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។ សង្គមស៊ីវិលមើលឃើញថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងកាន់តែបង្ហាញពីភាពអាម៉ាស់។
អានព័ត៌មានពិស្ដារ...
១៤. មេសហជីពរិះគន់ធនាគារអេប៊ីអេ (ABA) មិនបើកប្រាក់ជំនួយមនុស្សធម៌ដល់បុគ្គលិកណាហ្គាវើលដ៍ថាជារឿងមិនត្រឹមត្រូវ
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុក ដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។ អានព័ត៌មានពិស្តារ...
១៥. ប្រតិភូខ្មែរក្រោមជំរាបប្រាប់សន្និសិទអន្តរសាសនាស្តីពីការរំលោភសិទ្ធិសាសនាខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា សន្និសិទនេះជាឱកាសមាសដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់នៅក្នុងកិច្ចប្រជុំនេះឲ្យស្វែងយល់ពីការប្រវត្តិនៃការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមផង។ អានព័ត៌មានពិស្តារ...
១៦. ពលរដ្ឋមួយចំនួនមិនរំពឹងថា នឹងទទួលបានផលប្រយោជន៍ក្រោយពីជនជាតិចិនត្រឡប់មកវិញ
ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្រុងភ្នំពេញ និងខេត្តទេសចរណ៍ បានសម្ដែងមតិផ្ទុយជុំវិញការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន។ អ្នកខ្លះរំពឹងថា នឹងអាចរកចំណូលពីរបរអាជីវកម្មប្រចាំថ្ងៃបានច្រើន ប៉ុន្តែអ្នកខ្លះថា ចិនប្រើប្រាស់សេវាកម្មរបស់ជនជាតិចិនគ្នាឯង ហើយខ្មែរមិនទទួលបានផលប្រយោជន៍ពីភ្ញៀវចិន។ អានព័ត៌មានពិស្តារ...
១៧. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំពឹងពីការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមទៀតដោយធ្វើការកែសម្រួលឱ្យត្រូវនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ថា ការកែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយយកលុយពីជនល្មើស។ អានព័ត៌មានបន្ថែម...
១៨. ឆ្នាំ២០២២ កម្ពុជានាំចូលពីចិនច្រើនជាងគេ តែអាមេរិកជាទីផ្សារកម្ពុជានាំចេញធំជាងគេ
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
យោងតាមស្ថិតិទំនិញពាណិជ្ជកម្មនាំចូលជាមួយប្រទេសសំខាន់ៗ ត្រឹមដំណាច់ឆ្នាំ២០២២ ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចិនគឺជាប្រទេសឈានមុខគេដែលកម្ពុជាទិញទំនិញ ឬនាំចូល ក្នុងឆ្នាំ២០២២ គឺស្មើនឹងជិត ៣៥% (៣៤,៩%) ឬមានតម្លៃសរុបជាង ១០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ចិនគឺជាប្រទេសដែលកម្ពុជានាំចេញទំនិញទៅដាក់លក់វិញ បានតិចតួចបំផុត គឺត្រឹមតែជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំដដែលនេះ ពោលគឺស្មើនឹងតម្លៃសរុបជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។
ផ្ទុយទៅវិញ កម្ពុជានៅតែបន្តពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាមេរិក។ ស្ថិតិដដែលបង្ហាញថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់បានច្រើនជាងប្រទេសណាៗ ទាំងអស់ ពោលគឺស្មើនឹងជិតពាក់កណ្តាល ឬ ៤០% (៣៩,៩%) ដែលមានតម្លៃសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ។ ក៏ប៉ុន្តែកម្ពុជាបានទិញទំនិញ ឬនាំចូលទំនិញពីអាមេរិកមកវិញបានត្រឹមតែ ១% ប៉ុណ្ណោះ ឬស្មើនឹងតម្លៃសរុបជាង ៣រយលានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា បើមិនឱ្យលោកពឹងចិន តើឱ្យលោកទៅពឹងអ្នកណា។ ក៏ប៉ុន្តែ ការពិតជាក់ស្តែងផ្អែកតាមស្ថិតិនេះ កម្ពុជាពឹងផ្អែកស្ទើតែពាក់កណ្តាលទៅលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញទំនិញ ខណៈមិត្តដែកថែបចិនអាចជួយកម្ពុជាបានត្រឹមតែជាង ៥ភាគរយប៉ុណ្ណោះ។
១៩. តុលាការភ្នំពេញ ទទួលសំណើររបស់សកម្មជនចលនាមាតាធម្មជាតិ ដែលសុំប្ដូរប្រធានក្រុមប្រឹក្សាជំនុំជម្រះ
ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទទួលសំណើររបស់សកម្មជនចលនាមាតាធម្មជាតិ ដែលសុំប្ដូរប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសំណុំរឿង «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ។
សាលាដំបូងរាជធានីភ្នំពេញបានប្រាប់មេធាវីការពារក្ដីរបស់ក្រុមសកម្មជនចលនាមាតាធម្មជាតិថា លោកយល់ព្រមតាមសំណើរស្នើសុំផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលើកពេលសវនាការថ្ងៃទី៦ ខែកុម្ភៈ ទៅថ្ងៃក្រោយវិញ តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។
២០. ក្រុមកូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៧០នាក់បន្តតវ៉ាទាមទារសិទ្ធិការងារ ដែលអូសបន្លាយជាង ១ឆ្នាំ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីរសៀលថ្ងៃទី៣១ ខែមករា ម្សិលមិញ។
តំណាងកូដករណាហ្គាវើលដ៍ជាច្រើននាក់ឈរស្រែកទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ គោរពសិទ្ធិការងារ និងដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។ ពួកគេនាំគ្នាលើកបដាដែលមានខ្លឹមសារថា «បញ្ឈប់ការចាប់អ្នកទាមទារសិទ្ធិការងារដាក់គុក» និងអ្នកខ្លះទៀត កាន់ឧបករណ៍បំពងសំឡេងស្រែកឱ្យថៅកែណាហ្គាវើលដ៏ចេញមកដោះស្រាយវិវាទការងារជាមួយពួកគេ។
២១. ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យចាប់អារម្មណ៍សុខទុក្ខពលរដ្ឋខ្មែរក្រោម
ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ។ អានព័ត៌មានពិស្តារ...
២២.អ្នកជំនាញថា ការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ពុំមានដំណោះស្រាយវិជ្ជមាននៅកម្ពុជាទេ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធឃោសនាគាំទ្រដោយក្រុងប៉េកាំង បានពង្រីកឥទ្ធិពលរបស់ខ្លួននៅលើទឹកដីកម្ពុជាគួរឱ្យកត់សម្គាល់។ ក្នុងនោះគេសង្កេតឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន តែងតែផ្សព្វផ្សាយព័ត៌មានបែបប្រជាភិថុតិ គាំទ្រដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងឃោសនាគោលនយោបាយរបស់បក្សកុម្មុសនីស្តចិន ជាជាងផ្សាយពីបញ្ហាសង្គម និងស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកជំនាញព័ត៌មានលើកឡើងថា អ្នកធ្វើការលើប្រព័ន្ធផ្សាយព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ត្រូវមានវិជ្ជាជីវៈ និងឯករាជ្យដោយពុំគួរលម្អៀងទៅរកក្រុមបក្សណាមួយនោះទេ។ អានព័ត៌មានបន្ថែម...
២៣. មេធាវីកំពុងស្វះស្វែងរកដំណោះស្រាយដើម្បីអាចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ
ក្រុមមេធាវីការពារក្ដី អនុប្រធាន គណបក្សភ្លើងទៀនកំពុងរកដំណោះស្រាយតាមផ្លូវច្បាប់និងការចរចាជាមួយភាគីដើមបណ្ដឹង ដើម្បីរកច្រកចេញដែលអាចឱ្យលោក ថាច់ សេដ្ឋា អាចនៅក្រៅឃុំ។ អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើសំណុំរឿងនេះមិនពាក់ព័ន្ធរឿងនយោបាយ លោក ថាច់ សេដ្ឋា ទំនងអាចទទួលបានសេរីភាពឡើងវិញ។ អានព័ត៌មានពិស្តារ...
២៤. ប្រធានសមាគមខ្មែរនៅប្រទេសអូស្ត្រាលីរិះគន់ឯកអគ្គរាជទូតថា គួរធ្វើជាអ្នកតំណាងប្រទេសខ្មែរមិនមែនជាតំណាងរបស់បក្ស
ប្រធានសមាគមខ្មែរនៅរដ្ឋវិចតូរីយា (Victoria) ប្រទេសអូស្ត្រាលី (Australia) រិះគន់ឯកអគ្គរាជទូតខ្មែរថា គួរធ្វើការងារតាមតួនាទីរបស់ខ្លួនតំណាងប្រទេសជាតិ មិនមែនតំណាងរបស់គណបក្សនយោបាយនោះឡើយ។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានជួបជាមួយឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន១០រូប កាលពីថ្ងៃទី៣០ ខែមករា មុននឹងទៅបំពេញតួនាទី នៅតាមប្រទេសនានា។ អានព័ត៌មានពិស្តារ...
២៥. អាមេរិក ផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យកញ្ញា ឈឹម ស៊ីថរ
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ បានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យអ្នកការពារសិទ្ធិមនុស្សចំនួនដប់នាក់នៅជុំវិញពិភពលោក ក្នុងនោះម្នាក់ជាប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ អានព័ត៌មានពិស្ដារ...
២៦. ក្រុមយុវជននិងពលរដ្ឋទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុរុះរើសំណង់រឹងលើឆ្នេរសមុទ្រ
ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ប្រតិកម្មនឹងទង្វើរបស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជន សាងសង់សំណង់រឹង បំពានដីឆ្នេរសមុទ្រ ប៉ះពាល់សោភ័ណបរិស្ថាន និងអារម្មណ៍ភ្ញៀវទេសចរណ៍។ ពួកគាត់ទាមទារឱ្យអាជ្ញាធរខេត្តនេះ ត្រូវរុះរើសំណង់រឹងទាំងនោះជាបន្ទាន់ និងអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ។ អានព័ត៌មានពិស្ដារ...
២៧. កម្ពុជា-ថៃមិនទាន់ដោះស្រាយវិវាទប្រដាល់សេរីនៅឡើយ
វិវាទការប្រើប្រាស់ឈ្មោះ «គុនខ្មែរ» (Kun Khmer) និង «មួយថៃ» (Muay Thai) ក្នុងវិញ្ញាសាប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងមានភាពចម្រូងចម្រាស ដោយសារភាគីថៃនៅតែបដិសេធមិនជញ្ជួនកីឡាករឱ្យចូលរួមប្រកួតក្រោមឈ្មោះគុនខ្មែរ ចំណែកភាគីកម្ពុជានៅតែរក្សាគោលជំហរប្រើឈ្មោះ គុនខ្មែរ (Kun Khmer) ដដែល ទោះបីភាគីថៃមិនបញ្ជូនកីឡាករមកចូលរួមប្រកួតក៏ដោយ។ អានព័ត៌មានពិស្ដារ...
២៨. កម្ពុជាបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំបែបផ្ដាច់ការក្នុងសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២
កម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការ (Authoritarianism)។ នេះបើយោងតាមសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២ ទើបនឹងចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK)។
អានព័ត៌មានពិស្ដារ...
២៩. «យុទ្ធសាស្ត្របំបែកគណបក្សប្រឆាំងនឹងបរាជ័យ បើលោក សម រង្ស៊ី វិលចូលស្រុកវិញ»
អ្នកវិភាគនយោបាយថា យុទ្ធសាស្ត្របំបែកបំបាក់បក្សប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបរាជ័យ ប្រសិនបើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ វិលត្រលប់មកកម្ពុជាវិញទាំងក្រុម នៅអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍ SEA Games នៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។ ការលើកឡើងនេះ ធ្វើឡើងនៅស្របពេលលោក ហ៊ុន សែន បន្តអំពាវនាវជាថ្មីម្តងទៀត ឱ្យក្រុមអ្នករិះគន់លោកនៅក្រៅប្រទេសវិលត្រលប់ចូលស្រុកវិញ។ អានព័ត៌មានពិស្ដារ...
៣០. អ្នកឃ្លាំមើលមិនរំពឹងថា ស្ថានភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាមានភាពធូរស្រាលទេ
អ្នកជំនាញផ្នែកច្បាប់មិនរំពឹងថា ស្ថានភាពនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាធូរស្រាលនោះទេ ខណៈកម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលគ្មានការស៊ើបអង្កេតរកមេខ្លោងធំៗ នៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មនេះ។ អានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។