ព័ត៌មាន​សំខាន់ៗ​​ចំនួន ៣៧ ដែល​​លោក​​អ្នក​នាង​​គួរ​អាន​​នៅ​​ក្នុង​​សប្តាហ៍​​នេះ

. លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ហើយ ក្នុង​កិច្ច​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ លើក​ទី៤១​ និង​កិច្ច​ប្រជុំ​ពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​នឹង​ដឹកនាំ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទាំងបញ្ហាភូមា​មិន​ទាន់បាន​ដោះ​ស្រាយរួច​នៅឡើយ។ អានព័ត៌មានពិស្តារ ...

. អាជ្ញាធរ​សហរដ្ឋអាមេរិក​ចាប់ខ្លួន​មន្រ្តីក្រសួង​កសិកម្ម​ម្នាក់​ក្រោមបទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​រត់ពន្ធ​សត្វ​ស្វាក្ដាម

កម្ពុជា ប្តេជ្ញា​រកយុត្តិធម៌​ដល់មន្ត្រី​កសិកម្ម​ដែល​សហរដ្ឋអាមេរិក​ចាប់ខ្លួន​ក្នុងពេល​ទៅចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងរឿង​រត់ពន្ធ​សត្វស្វាក្តាម។ អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល យល់ថា ករណីនេះ គឺជា​រឿងរ៉ាវ​អាម៉ាស់​ថ្មីមួយទៀត​របស់​ក្រសួងកសិកម្ម ស្របពេលដែល​រដ្ឋមន្ត្រី​ថ្មី​ទើបនឹង​ឡើងកាន់​តំណែង។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ប្រើឱកាស​នេះ ស៊ើបអង្កេត​ករណីនេះ​ឱ្យបាន​ពិតប្រាកដ​ដើម្បី​កុំឱ្យពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​កាន់តែខ្លាំង​លើ​រដ្ឋាភិបាល។ អានព័ត៌មានពិស្តារ ...

. លោក ហ៊ុន សែន តេស្ត​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​ធ្វើ​តេស្ត​មាន​ជំងឺ កូវីដ១៩ (Covid19) នៅ​ប្រទេស​ឥណ្ឌូណេស៊ី មុន​កិច្ច​ប្រជុំ G20។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​បាន​ធ្វើ​តេស្ដ​រហ័ស (Rapid Test) មុន​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​វិជ្ជមាន​ឡើយ ប៉ុន្តែ​រក​ឃើញ​ជំងឺ កូវីដ១៩ នៅ​ព្រឹក​ថ្ងៃទី១៥ វិច្ឆិកានេះ។ អាន​ព័ត៌មាន​ពិស្តារ ...

. លោក ហ៊ុន សែន ថាលោកមិនអាចចាត់តំណាងប្រជុំ G20 ព្រោះគេអញ្ជើញក្នុងនាមប្រធាន​អាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយក្នុងខ្សែអាត់សំឡេងកាលពីយប់ថ្ងៃទី ១៦ វិច្ឆិកាថា លោកមិនអាចចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) បាននោះឡើយ ព្រោះកម្ពុជាមិនមែនជា​សមាជិកក្រុមប្រទេស G20។ លោកបញ្ជាក់ថា គម្រោងចូលរួមរបស់លោកនោះ គឺក្នុងឋានៈជាប្រធានអាស៊ាន តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ។ អានព័ត៌មានពិស្តារ ...

. តើកម្ពុជាដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ និងបរាជ័យយ៉ាងណាខ្លះ ?

វេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី នៅ​យប់ថ្ងៃទី១៥ ខែ​វិច្ឆិកា ស្ដីពីថា ​តើកម្ពុជាដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ និងបរាជ័យយ៉ាងណាខ្លះ?

វាគ្មិន​កិត្តិយស៖ លោក សេង សារី អ្នកវិភាគ​នយោបាយ និង​​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ។ សម្របសម្រួល​ដោយ លោក ជុន ច័ន្ទបុត្រ ទស្សនាលម្អិត​ដូចតទៅ៖

. កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា (EAS) បិទបញ្ចប់ទៅ​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម ខណៈអាមេរិក និងរុស្ស៊ី ខ្វែងគំនិតគ្នា​រឿង​អ៊ុយក្រែន

កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា (EAS) លើកទី១៧ បាន​បិទបញ្ចប់ទៅ​កាលពី​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ​ដោយ​ពុំមាន​ការចេញ​សេចក្តីថ្លែងការណ៍​រួម ខណៈ​សហរដ្ឋអាមេរិក (U.S.) និង​រុស្ស៊ី (Russia) ខ្វែងគំនិតគ្នា​ជុំវិញ​រឿង​សង្គ្រាមនៅ​អ៊ុយក្រែន (Ukraine)។ អានព័ត៌មានពិស្តារ ...

. អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន

សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រើស​អើង​មិន អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ចូល​យក​ព័ត៌មាន។ ពួកគេ​ទាមទារ​រដ្ឋាភិបាល​បក​ស្រាយ​មូល​ហេតុ និង​កែ​លម្អ​ស្ថានភាព​រើសអើង​ឡើង​វិញ។ អានព័ត៌មានពិស្តារ ...

. នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ២០២៣ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌

នាយករដ្ឋមន្ត្រីជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០២៣ ខាងមុខ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ និង​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ពលរដ្ឋ​កម្ពុជា។ អានព័ត៌មានពិស្តារ ...

. មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​យក​លុយ​ជាង​កន្លះ​លាន​ដុល្លារ​ជួយ​ជន​ក្រីក្រ ជាជាង​ទិញ​នាឡិកា​ជូន​មេ​ដឹកនាំ​បរទេស​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋា​ភិបាល គួរ​តែ​យក​លុយ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​នោះ ទៅ​ជួយ​ជន​ក្រីក្រ​វិញ ជាជាង​យក​ទៅ​ផលិត​នាឡិកា​ដៃ​ដ៏​ប្រណិត​ជូន​ទៅ​ដល់​មេ​ដឹក​នាំ​អាស៊ាន និង​មេ​ដឹក​នាំ​ពិភព​លោក ដែល​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​ដឹង​ថា នាឡិកា​ដៃ​ដែល​មាន​ចំនួន​២៥គ្រឿង ដែល​លោក​ជូន​ជា​កាដូ​អនុស្សាវរីយ៍​ដល់​ថ្នាក់​ដឹក​នាំ​ដែល​បាន​មក​ចូល​រួម កិច្ច​ប្រជុំ​កំពូល​អាស៊ាន មាន​តម្លៃ​ជាង​២ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រឿង (២០,០០០ដុល្លារ)។ អានព័ត៌មានពិស្តារ ...

១០ . សង្គមស៊ីវិល​ និង​អ្នកជំនាញ​ចង់ឃើញ​រដ្ឋាភិបាល​ឆ្លើយតប​សំណើ​អាមេរិក​ដោយ​វិជ្ជមាន​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ

អ្នក​ជំនាញ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​សហរដ្ឋអាមេរិក​ដោយ​វិជ្ជមាន​ទាក់ទង​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ស្រប​តាម​បំណង​​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ​ចង់​បាន។ ការ​លើកឡើង​នេះ គឺបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joseph R. Biden) កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា បាន​ស្នើ​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាង​មុខ។ អានព័ត៌មានពិស្តារ ...

១១ . អ្នកវិភាគ​ថា​ ​កម្ពុជា​គួរ​បង្កើត​ទំនាក់ទំនង​នយោបាយ​ជាមួយ​ប្រទេស​សមាជិក​អា​ស៊ាន​ឱ្យ​មាន​តម្លា​ភាព​ ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​

ក្រុម​អ្នកវិភាគ​លើកឡើង​ថា​ កម្ពុជា​គួរ​រឹតចំណង​ទំនាក់ទំនង​នយោបាយ​ ​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត​ដែល​ជា​សមាជិក​អាស៊ាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ ​ដោយ​មិន​ត្រូវ​ផ្ដោត​តែ​ទៅលើ​សម្ព័ន្ធ​ភាពជា​មួយ​ប្រទេស​ជិតស្និទ្ធ​នឹង​ខ្លួន​ឡើយ។​ ​ពួកគាត់​ថា​ ​ការ​ធ្វើ​បែប​នេះ​ជា​ការ​បង្ហាញ​ពី​តម្លា​ភាព​នៃ​ទំនាក់ទំនង​ក្នុងរង្វង់​អាស៊ាន​ ​និង​ដើម្បី​ទាក់ទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​មក​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន។ អានព័ត៌មានពិស្តារ ...

១២ . កម្ពុជា និង​អាមេរិក​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស

កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា នេះ​ជា​សញ្ញា​ល្អ​បន្ថែម​ទៀត​ដែល​កម្ពុជា​នឹង​ទទួល​បាន​យុទ្ធ​សាស្ត្រ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។ អានព័ត៌មានពិស្តារ ...

១៣ . អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ប្រជាជន​​អាស៊ាន​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ​បាន​បង្កើត​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​ផ្ទាល់ខ្លួន​ ហើយ​​បាន​សន្យា​គោរព​ ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ស្រប​ទៅ​តាម​លិខិតុបករណ៍​អន្តរជាតិ​ទាំងឡាយ។ ក៏ប៉ុន្តែ​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា អាស៊ាន​បាន​បរាជ័យ​នៅ​ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​នេះ។ អាន​ព័ត៌មាន​ពិស្តារ ...

១៤ . ក្រុម​យុវជន​ខ្មែរថាវរៈ នៅតែបន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​កញ្ញា សេង ធារី

ក្រុម​យុវជន​ខ្មែរថាវរៈនៅតែ​បន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ចេញ​ពី​ពន្ធនាគារ​ខេត្តព្រះវិហារទោះបី​យុទ្ធនាការ​បង្អត់​អាហារ​រយៈពេល​៧​ថ្ងៃ​បាន​បញ្ចប់​ទៅហើយ​ក្ដី។ ពួកគាត់​ថាការព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ចំពោះ​សំណើ​នេះជាការ​បង្ហាញ​ពី​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវនិង​មិន​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​សហរដ្ឋអាមេរិក។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​គោរព​ទៅ​តាម​សិទ្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្សនិងការ​ស្នើសុំ​របស់​ប្រទេស​ប្រជាធិបតេយ្យដើម្បីចៀស​វាង​ធ្វើឱ្យខូច​ប្រយោជន៍​រួម​ដល់​កម្ពុជា។ អាន​ព័ត៌មាន​ពិស្តារ ...

១៥ . កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្នាក់​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ

កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NAGAWORLD) ម្នាក់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​កញ្ញា​​ថា​ បាន​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ អានព័ត៌មានពិស្តារ ...

១៦ . ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​ករណី​រថយន្ត​ស្លាក​លេខ ខ . ម ដឹក​គ្រឿង​ញៀន​ជាង ២០០គីឡូ​ក្រាម

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ទាមទារ​ដល់​រដ្ឋាភិបាល​ស៊ើប​អង្កេត​ម្ចាស់​រថយន្ត​ដែល​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹក​គ្រឿង​ញៀន​ជាង ២០០គីឡូ​ក្រាម។ អាជ្ញាធរ​ជាន់​ខ្ពស់​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​​អះអាង​ថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម ដឹក​គ្រឿងញៀន​ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ជន​ល្មើស​បម្រុង​ដឹក​គ្រឿងញៀន​ចាក​ចេញ​ពី​កម្ពុជា​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ អានព័ត៌មានពិស្តារ ...

១៧ . សមាគម​ខ្មែរក្រោម​អំពាវនាវ​ស្វែងរក​ថវិកា​ជួយ​ជនភៀសខ្លួន​ខ្មែរក្រោម ដែល​កំពុង​ជាប់ឃុំ

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ផ្តល់​ជា​ថវិកា​ដើម្បី​អាច​ជួយ​ឲ្យ​ជនភៀសខ្លួន​ខ្មែរក្រោម​ចំនួន ១០​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ថៃ​អាច​ចេញ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ បច្ចុប្បន្ន ជនភៀសខ្លួន​ខ្មែរក្រោម​ទាំងនោះ កំពុង​ប្រឈមមុខ​នឹង ត្រូវ​ថៃ​ចាប់​បញ្ជូន ទៅ​វៀតណាម ឬ​កម្ពុជា​វិញ ក្រោយ​ជាប់​ពន្ធនាគារ ពី បទ​ឆ្លងដែន​និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ។ អាន​ព័ត៌មាន​ពិស្តារ ...

១៨ . នគរបាលខេត្ត​កោះកុង​ចាប់​ជនជាតិ​ចិន និង​ម៉ាឡេស៊ី ៦នាក់ រឿង​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់

សមត្ថកិច្ច​ខេត្ត​កោះកុង​បង្ក្រាប​បាន​ជន​សង្ស័យ​ជនជាតិ​ចិន និង​ម៉ាឡេស៊ី​ចំនួន ៦នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​អស់​ទឹក​ប្រាក់​ជិត ២ម៉ឺន​ដុល្លារ (១៥.០០០)។

អានព័ត៌មានពិស្តារ ...

១៩ . អាជ្ញាធរថៃ​មិនទាន់​បញ្ជូន​មន្ត្រី​យោធា​កម្ពុជា​បើកឡាន​ចូលប្រទេសថៃ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​ទេ

អាជ្ញាធរថៃ​មិន​ទាន់​បញ្ជូន​មន្ត្រីយោធា​កម្ពុជា ដែល​បើក​ឡាន​ចូល​ប្រទេសថៃ​ខុស​ច្បាប់ កាល​ពី​ព្រលប់​ថ្ងៃទី៥ ខែវិច្ឆិកា ត្រង់ចំណុច​ព្រំដែន​អន្តរជាតិ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង មក​កម្ពុជា​វិញ​នោះ​ទេ។ តុលាការ​ថៃ​នឹង​កាត់ទោស​នាយទាហាន​ខ្មែរ​ស័ក្ដិ៥​នោះ តាម​បទចោទ​៤​ករណី ដែល​ប៉ូលិស​ព្រំដែនថៃ​បាន​ចោទ​ប្រកាន់ ហើយ​ត្រូវ​អនុវត្តទោស​នៅ​ប្រទេសថៃ​គ្រប់​ពេល​កំណត់ ទើប​បញ្ជូន​ទៅ​ខ្មែរ​វិញ។ អានព័ត៌មានពិស្តារ ...

២០ . កូដករ​ណាហ្គាវើលដ៍​២​នាក់​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ២នាក់​បានចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ ដែល​បាន​ប្ដឹង​ពួកគាត់​ថា បាន​រំលោភ​លំនៅ​ឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ កូដករ​ណាហ្គាវើលដ៍ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យតុលាការ​ទម្លាក់ចោល​ការចោទ​ប្រកាន់​លើ​ពួកគាត់​ហើយ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពន្លឿន​បញ្ចប់​វិវាទ​ដោយ​យក​ច្បាប់​ការងារ​ជាគោល​ដើម្បី​លើក​កម្ពស់​សិទ្ធិការងារ​នៅ​កម្ពុជា។ អានព័ត៌មានពិស្តារ ...

២១ . ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ បារម្ភ​ពី​សុវត្ថិភាព​សត្វ​ព្រៃ​កម្រ បន្ទាប់​ពី​មាន​ការ​លួច​ពង្រាយ​អន្ទាក់​ជា​ច្រើន​នៅតំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ព្រួយបារម្ភ ពី​សកម្មភាព​ដាក់អន្ទាក់​ចាប់​សត្វ​ព្រៃ​ កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​សុវត្ថិភាព​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ់​កណ្តាល។ ពួកគាត់​អះអាង​ថា សត្វ​ព្រៃ​ងាប់ និង​បាត់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ដោយសារ​មានជនល្មើសអន្ទាក់និង​ការ​លួច​បរបាញ់​ខុសច្បាប់ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។ អានព័ត៌មានពិស្តារ ...

២២ . ពលរដ្ឋ​អ្នកដាំ​ដំឡូងមី បារម្ភ​តម្លៃ​ដំឡូងមី​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព

ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំដំឡូងមី បារម្ភ​តម្លៃ​ដំឡូង​ចុះ​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព​ ស្រប​ពេល​កសិករ​កំពុង​មមាញឹក​ប្រមូល​ផល​បណ្ដើរៗ។ មន្ត្រីសង្គមស៊ីវិល​យល់ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ស្វះស្វែង​រក​វិនិយោគ​ទុន​បរទេស មក​កែច្នៃ​ដំឡូងមី និង​ដំណាំ​ផ្សេងៗ​ ដើម្បី​អោយ​កសិករ​មាន​ទីផ្សារ​លក់​កសិផល​សមរម្យ។ អានព័ត៌មានពិស្តារ ...

២៣ . ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ថា ដឹក​នាំ​ប្រទេស​កាន់​តែ​ផ្ដាច់​ការ បន្ទាប់​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ៥ឆ្នាំ​មក​នេះ

មន្ត្រី​គណបក្ស​ប្រឆាំង លើកឡើង​ថា រយៈពេល ៥ឆ្នាំ​ដែល​កម្ពុជា​ស្ថិត​ក្រោមការ​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​បែប​ជិះ​សេះ​លែង​ដៃ​ដែល​បាន​បង្ក​ទុក​លំបាក​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។ អាន​ព័ត៌មាន​ពិស្តារ ...

ទស្សនាបទសម្ភាសន៍លោក ជុន ច័ន្ទបុត្រ ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ...

. គិត​មក​ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០២២​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​មាន​រយៈ​ពេល​ ៥ឆ្នាំ​គត់។

អ្នក​ច្បាប់​ថា​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ឆ្នាំ​២០១៧​ ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដកហូត​តំណែង​តំណាង​រាស្ត្រ​ ៥៥​អាសនៈ​ និង​រំលាយ​មុខ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ប្រាំ​ពាន់​ (៥០០៦) និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​នេះ មិន​ឱ្យ​ធ្វើ​នយោបាយ​ ៥ឆ្នាំ​នោះ បាន​រំលោភ​ច្បាប់​ជា​ច្រើន។

តើ​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ បំពាន​ច្បាប់​បែប​ណា​ខ្លះ?

លោក ជី វិតា មាន​សេចក្ដី​រាយការណ៍​ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ៖

២៥ . អ្នកជំនាញថា ការឆ្លើយតបរបស់ចិន និងកម្ពុជារឿងធ្វើទំនើបកម្មកំពង់ផែរាម នៅតែមិនអាច​ធ្វើឱ្យ​អាមេរិកទុកចិត្តបានឡើយ

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកវិភាគ លើកឡើងថា ការឆ្លើយតបរបស់ចិន និងកម្ពុជាក្នុង​រឿង​ធ្វើទំនើបកម្មកំពង់ផែរាម នឹងនៅតែមិនអាចធ្វើឱ្យភាគីសហរដ្ឋអាមេរិកទុកចិត្តបានឡើយ។
ផ្ទុយទៅវិញ ពួកគេថា បញ្ហាសង្ស័យពីរឿងវត្តមានកងទ័ពចិននៅកំពង់ផែរាម និងការណ៍ដែលចិន​អាច​បម្លែងកំពង់ផែរាមទៅជាមូលដ្ឋានទ័ពរបស់ខ្លួន នឹងរឹតតែតានតឹងឡើងរវាងភាគីអាមេរិក និងចិន ដែលកម្ពុជាមិនអាចមើលរម្លងបានឡើយ។ អានព័ត៌មានពិស្តារ ...

២៦ . លោក មេធាវី ជួង ជូងី ថា ការចូលរួមឆាកនយោបាយ អាចជួយសង្គមបានច្រើន ជាងអាជីពជាមេធាវី

លោក មេធាវី ជួង ជូងី ដែលតែងចេញមុខការពារក្ដីក្រុមមេដឹកនាំគណបក្សប្រឆាំង ហើយគេដាក់រហ័សនាមថា ជាមេធាវី មិនដែលឈ្នះក្ដីនោះ ឥលូវនេះ លោកបានប្រកាសចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនហើយ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកានេះតទៅ។ លោកនឹងលៈបង់អាជីពជាមេធាវី ហើយវិលចូលឆាកនយោបាយវិញម្ដង សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខ។ តើមូលហេតុអ្វីបាន ជាលោក មេធាវី ជួង ជូងី អះអាងថា ការចូលរួមឆាកនយោបាយ អាចជួយសង្គមបានច្រើន ជាងអាជីពជាមេធាវី? ទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ជួង ជូងី ...

២៧ . តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​បុគ្គលិក​ណាហ្គាវើលដ៍​ម្នាក់​ទៀត​បំភ្លឺ
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅបុគ្គលិក​ណាហ្គាវើលដ៍ (NagaWorld) ម្នាក់​ទៀត ឱ្យ​បង្ហាញ​ខ្លួន​បំភ្លឺ ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ផ្អែក​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​ពួក​គាត់ ពី​បទ រំលោភ​លំនៅឋាន ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ អានព័ត៌មានពិស្តារ ...

២៨ . អាជ្ញាធរខេត្តមណ្ឌលគិរីរងការចោទថា អសមត្ថភាពការពារព្រៃឈើនៅតំបន់ភ្នំអារក្សដែល​សំបូរសត្វព្រៃ
នៅខេត្តមណ្ឌលគិរីឯណោះវិញ ភ្នំធម្មជាតិមួយកន្លែង ដែលជាជម្រកយ៉ាងសំខាន់របស់សត្វព្រៃ និង​ជាកន្លែងប្រតិបត្តិជំនឿសាសនា របស់ជនជាតិដើមភាគតិចព្នង ជាច្រើនគ្រួសារ បន្តទទួលរងការ​ឈូសឆាយព្រៃឈើទ្រង់ទ្រាយធំ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ ប្រជាសហគមន៍​ជនជាតិ​ដើមភាគតិចថា ភ្នំធម្មជាតិបន្តរងការកាប់បំផ្លាញដោយសារតែការបណ្តែត បណ្តោយ របស់អាជ្ញាធរខេត្តមណ្ឌលគិរី។ អានព័ត៌មានពិស្តារ ...

២៩ . អាជ្ញាធរ​ថៃ​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​បួន​នាក់ ខណៈ​ប្រាំមួយ​នាក់​ទៀត​មិន​ទាន់​ដោះលែង

អាជ្ញាធរ​ថៃ​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​បួន​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ក្រោយ​ពី​​ឃុំខ្លួន​ជាង ១ខែ។ ពួកគាត់​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ ជួយ​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដោយ​បង់​ប្រាក់​ម្នាក់​ប្រាំ​ម៉ឺន (៥០.០០០) បាត ស្មើនឹង​ជាង ១ពាន់ (១.៣៥០) ដុល្លារ ចំណែក​ខ្មែរ​ក្រោម​ប្រាំមួយ​នាក់​ទៀត តុលាការ​នៅ​មិន​ទាន់​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ។ អានព័ត៌មានពិស្តារ ...

៣០ . ស្រូវ​ចុះ​ថោក ធ្វើ​ឱ្យ​កសិករ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​បារម្ភ​អំពី​ជីវភាព

កសិករ​ធ្វើស្រែ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ ចុះ​ថោក​មិន​សូវ​មាន ​ឈ្មួញ​ទទួល​ទិញ ហើយ​លក់​មិន​បាន​ប្រាក់​ចំណេញ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ និង​ប្រាក់​ជំពាក់​ធនាគារ។ អានព័ត៌មានពិស្តារ ...

៣១. អាដហុក​ថា ការសម្រេច​ក្ដី​របស់​តុលាការ​ដាក់ទោស​លើ​មន្ត្រី​សិទ្ធិមនុស្ស​ជា​ការ​អាម៉ាស់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌

សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ឬ អាដហុក (Adhoc) សោកស្ដាយ និង​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​វិច្ឆិកា ដែល​បាន​សម្រេច​តម្កល់​ការ​សម្រេច​តុលាការ​ជាន់​ទាប ទុក​ជា​បាន​ការ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​សម្រេច​របស់​តុលាការ​កំពូល ជា​រឿង​ត្រឹមត្រូវ ដែល​ឈរ​លើ​មូលដ្ឋាន​ច្បាប់។ អាន​ព័ត៌មាន​ពិស្ដារ ...

៣២. លោក ជូង ជូងី បន្ត​បូជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​ជួប​ភាព​អយុត្តិធម៌

លោក ជូង ជូងី មេធាវី មិន​ដែល​ឈ្នះក្ដី​ពេល​ការពារ​ក្ដី​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​សង្គម នៅតែ​ប្រកាន់​ជំហរ​ការពារ​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​រង​ភាព​អយុត្តិធម៌​បន្ត​ទៀត បើ​ទោះ​បី​ជា​លោក សម្រេច​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​យ៉ាងណាក្ដី។ លោក​រំពឹង​ថា ការ​ធ្វើ​នយោបាយ​របស់​លោក​នឹង​ជា​ឱកាស​ឱ្យ​លោក​បាន​ចូលរួម​កែ​លម្អ​វិស័យ​យុត្តិធម៌​បាន​ទូលាយ​ជាង​អាជីព​ជា​មេធាវី។ អាន​ព័ត៌មាន​ពិស្ដារ ...

៣៣. តើ​វិវាទ​ការងារ​នៅណាហ្គាវើលដ៍​ឆ្លុះបញ្ចាំង​បែប​ណា​ពី​ប្រសិទ្ធភាព​ការងារ​រដ្ឋាភិបាល ?

វិវាទ​ការងារ​រវាង​ថៅកែ និង​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) បាន​អូសបន្លាយ​ពេល​ជិត​មួយឆ្នាំ​ហើយ ដោយ​នៅតែ​គ្មាន​ដំណោះស្រាយ​ពី​ភាគី​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ឡើយ​។ លើស​ពី​នេះ ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍ កំពុង​រងគ្រោះ​គ្រប់បែបយ៉ាង​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋាភិបាល​ដូចជា​ទទួលរង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ ការ​គំរាមកំហែង និង​ការ​ជាប់​បណ្តឹង​ក្នុង​តុលាការ​ជាដើម​ដោយសារតែ​ការ​តវ៉ា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​របស់​ពួកគាត់។ អាន​ព័ត៌មាន​ពិស្ដារ ...

៣៤. ពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​តាម​ដង​ទន្លេ​​ខេត្ត​កណ្តាល និង​កំពង់ចាម​លក់​ផ្ទះ​ព្រោះ​ខ្លាច​បាក់​ច្រាំង​ដោយសារ​អាជីវកម្ម​បូម​ខ្សាច់

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល និង​ខេត្ត​កំពង់ចាម បង្ខំចិត្ត​លក់​ផ្ទះ និង​ដី​លំនៅឋាន ព្រោះ​បារម្ភ​ពី​អាជីវកម្ម​បូម​ខ្សាច់ បណ្តាល​ឱ្យ​បាក់​ច្រាំង​ទន្លេមេគង្គ​ទ្រង់ទ្រាយ​ធំ​។ អ្នកភូមិ​អះអាង​ថា ច្រាំងទន្លេ​មេគង្គ​ប្រវែង ៣ គីឡូម៉ែត្រ ក្នុងស្រុក​ខ្សាច់​កណ្តាល និង​ស្រុក​ស្រី​សន្ធរ បន្ត​បាក់​ស្រុត​ជា​រៀងរាល់​ឆ្នាំ បណ្តាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​ស្រុត​ចុះ​ទន្លេ។ អាន​ព័ត៌មាន​ពិស្ដារ ...

៣៥. គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​អះអាង​ថា ការ​ស្លាប់​របស់​លោក ពេជ្រ ធារ៉េត ពាក់ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​អះអាង​ថា​ការ​ស្លាប់​របស់​លោក ពេជ្រ ធារ៉េត កាល​ពី​ដើម​ឆ្នាំ​២០២១ គឺ​ពាក់​ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ សាច់ញាតិ​ជន​រង​គ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ចំពោះ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ដោយ​យុត្តិធម៌ និង​សុក្រឹត ដើម្បី​យក​ជន​ប្រព្រឹត្ត​ទៅ​អនុវត្ត​តាមច្បាប់ ។ អាន​ព័ត៌មាន​ពិស្ដារ ...

៣៦. ពលករ​ខ្មែរ​បេះ​ផ្លែ​មៀន​តាម​ចម្ការ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ថា​រក​ចំណូល​មិន​សូវ​បាន

ពលករ​ខ្មែរ ដែល​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន​តាម​ចម្ការ​នៅ​ជាយ​ដែន​ប្រទេស​ថៃ​ត្អូញត្អែរ​ថា រក​ប្រាក់​ចំណូល​មិន​សូវ​បាន ព្រោះ​រោងចក្រ​កែច្នៃ​ផលិតផល​មៀន​មិន​ចូល​មក​កុម្ម៉ង់​ទិញ​ច្រើន​ដូច​ឆ្នាំ​មុនៗ។ ពួក​គាត់​ថា​ប្រាក់​កម្រៃ​ដែល​ពួក​គាត់ បាន​តិចតួច​នោះ ស្ទើរតែ​មិន​អាច​ជួយ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​ត្រូវ​ចំណាយ​បង់​ប្រាក់​ឲ្យ​ប៉ូលិស​តាម​ព្រំដែន សម្រាប់​ថ្លៃ​ធ្វើ​ឯកសារ​ឆ្លង​ដែន​អស់​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​គួរ​យោគយល់​ដល់​ពលករ​ខ្មែរ ដោយ​សម្រួល​ការ​ធ្វើ​ឯកសារ​ឲ្យ​មាន​តម្លៃ​សមរម្យ​ឡើងវិញ។ អាន​ព័ត៌មាន​ពិស្ដារ ...

៣៧. ពលរដ្ឋ​ចំនួន ៤០​នាក់ រង​របួស​និង​ស្លាប់​ដោយសារ​ជាន់​គ្រាប់​មីន រយៈពេល​១០​ខែ​ឆ្នាំ​២០២២

ពលរដ្ឋ​រងគ្រោះ​ដែល​ស្លាប់​និង​រង​របួស ដោយសារ​ជាន់​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រយៈពេល​១០​ខែ ឆ្នាំ​២០២២ បាន​ធ្លាក់ចុះ​៥% បើ​ធៀប​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០២១។របាយការណ៍​របស់​អាជ្ញាធរ​មីន និង​សង្គ្រោះ​ជនរងគ្រោះ ហៅ​កាត់​ថា ស៊ីម៉ាក (CMAA) ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​៤០​នាក់​នោះ មាន​ស្លាប់​ចំនួន​១០​នាក់ បាត់បង់​អវយវៈ ៧​នាក់ និង​២៣​នាក់​ផ្សេងទៀត​រង​របួស​ស្រាល​។ អាន​ព័ត៌មាន​ពិស្ដារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។